មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងពង្រីកវិសាលភាពទៅថ្នាក់រដ្ឋបាលក្រុង និងខណ្ឌ
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងត្រូវពង្រីកវិសាលភាពទៅថ្នាក់រដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌបន្ដទៀត ។
ការបញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ក្នុងកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ក.វ.ក) ដោយមានការចូលរួមពីសមាជិកដែលជាតំណាងក្រសួង-ស្ថាប័នចំនួន ១៦, សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។
លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា ការពង្រីកវិសាលភាពនេះ គឺដោយសារតែផ្អែកលើបទពិសោធន៍ និងបច្ច័យជាវិជ្ជមាន ដែលទទួលបានពីការចូលរួមអនុវត្តដោយរដ្ឋបាលស្រុក ចាប់ពីឆ្នាំ២០១៧ កន្លងមក ។
ជាមួយគ្នានេះ សេចក្ដីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ ត្រូវបានរៀបចំឡើងដោយផ្អែកលើការអនុវត្តគោលការណ៍ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការបំពេញភារកិច្ចរបស់រដ្ឋបាលក្រុង/រដ្ឋបាលខណ្ឌ ដោយចែកចេញជា ៥ លក្ខខណ្ឌ ៖ ១. គណនេយ្យភាព, តម្លាភាព និងការផ្សព្វផ្សាយ, ២. ការចូលរួម, ៣. ការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សា, ៤. ការបំពេញភារកិច្ចរបស់គណៈអភិបាល និង ៥. ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ។
សូមបញ្ជាក់ថា មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាយន្តការថ្មីមួយ សម្រាប់ផ្តល់ប្រភពធនធានបន្ថែមលើប្រភពធនធានដែលមានស្រាប់ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅ ថ្នាក់ក្រោមជាតិ ។ មូលនិធិនេះ ផ្តល់ហិរញ្ញប្បទានទៅដល់គម្រោងវិនិយោគសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានលក្ខណៈយុទ្ធសាស្រ្ត និងផ្តល់ការលើកទឹកចិត្ត ដើម្បីលើកកម្ពស់ការបំពេញភារកិច្ច និង គ្រប់គ្រងការវិនិយោគសាធារណៈឲ្យកាន់តែប្រសើរ ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ នេះ ក៏បានពិនិត្យ និងអនុម័តលើ ១. ផែនការសកម្មភាពរបស់ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិប្រចាំឆ្នាំ ២០១៩, ២. គម្រោងថវិកាឆ្នាំ ២០១៩ និង ៣. គោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍