ស្ថាបនិក Huawei អះអាងថា សហរដ្ឋអាមេរិក មិនអាចបំផ្លាញក្រុមហ៊ុនយក្សនេះបានទេ
អង់គ្លេស៖ ស្ថាបនិកក្រុមហ៊ុន Huawei បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន BBC ថា សហរដ្ឋអាមេរិក គ្មានផ្លូវ ក្នុងការបំផ្លាញក្រុមហ៊ុនយក្សនេះបានទេ ។
លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei បានអត្ថាធិប្បាយថា ការចាប់ខ្លួនកូនស្រីរបស់លោក គឺលោកស្រី Meng Wanzhou ដែលជាប្រធានប្រតិបត្តិហិរញ្ញវត្ថុ គឺ ចេតនានយោបាយ សុទ្ធសាធ ។
សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រឆាំងលោកស្រី Meng Wanzhou ពាក់ព័ន្ធករណីលាងលុយ កខ្វក់ ការគៃបន្លំតាមធនាគារ និងការលួចការសម្ងាត់ពាណិជ្ជកម្ម ខណៈដែលក្រុមហ៊ុន Huawei បានច្រានចោលរាល់ការចោទប្រកាន់ និង អះអាងថា ខ្លួនមិនបានធ្វើខុសនោះទេ ។
លោក Ren បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយទៅកាន់ លោកស្រី Karishma Vaswani នៃទីភ្នាក់ងារ BBC ថា “ សហរដ្ឋអាមេរិក គ្មានផ្លូវនឹងបំផ្លាញយើងបានទេ ។ ពិភពលោក មិនអាចបោះបង់ចោលយើងបានទេ ដោយសារតែយើងមានការអភិវឌ្ឍន៍បច្ចេកវិទ្យានាំមុខ ។ បើទោះបីជាគេ បានបញ្ចុះបញ្ចូលប្រទេសមួយចំនួន កុំអោយប្រើប្រាស់ផលិតផលយើងជាបណ្តោះ អាសន្នក៏ដោយ ក៏យើងនៅតែអាចដោះស្រាយបញ្ហាបាន” ។
លោក Ren Zhengfei បាននិយាយថា សហរដ្ឋអាមេរិក មិនមែនតំណាងអោយពិភពលោកទាំងមូលនោះទេ គឺគ្រាន់តែជាផ្នែកមួយនៃពិភពលោកតែប៉ុណ្ណោះ ។
ទោះយ៉ាងណា លោកក៏បានទទួលស្គាល់ផងដែរថា ការធ្លាក់ចុះនូវចំនួនអតិថិជន ក៏នឹងបង្កផល ប៉ះពាលខ្លះៗផងដែរ ។ កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានព្រមានប្រទេសជាសម្ព័ន្ធមិត្ត ប្រឆាំងចំពោះការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ដោយបានលើកឡើងថា វានឹងបង្កការលំបាកសម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការបន្តកិច្ចសហគ្នានាពេលខាងមុខ ។
ប្រទេសញ៉ូហ្សេលេន អូស្រ្តាលី និង សហរដ្ឋអាមេរិក បានចេញបម្រាមរួចហើយ សម្រាប់ការផ្គត់ ផ្គង់ឧបករណ៍បម្រើដល់បច្ចេកវិទ្យាអ៊ិនធើណេត 5G ពីក្រុមហ៊ុន Huawei ខណៈដែលប្រទេសកាណាដា ក៏កំពុងតែពិនិត្យមើលថា តើឧបករណ៍បច្ចេកវិទ្យារបស់ Huawei ពិតជាធ្វើអោយមានផលប៉ះពាល់ ដល់សន្តិសុខជាតិឬយ៉ាងណា ។
ទោះយ៉ាងណា សម្រាប់ចក្រភពអង់គ្លេសវិញ មជ្ឈមមណ្ឌលសន្តិសុខបច្ចេកវិទ្យាជាតិ បានអះអាងថា ហានិភ័យនានា ដែលកើតឡើងដោយសារការប្រើប្រាស់បច្ចេកវិទ្យា Huawei ក្នុងប្រព័ន្ធទូរគមនាគមន៍ចក្រភពអង់គ្លេស គឺអាចគ្រប់គ្រងបាន ។
ក្រុមហ៊ុនទូរស័ព្ទចល័តរបស់ចក្រភពអង់គ្លេសជាច្រើន ដែលរាប់បញ្ជូលទាំង Vodafone, EE and Three កំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាសេវា 5G ។ ក្រុមហ៊ុន ទាំងនោះ កំពុងរង់ចាំការពិនិត្យសម្រេចពីសំណាក់រាជរដ្ឋាភិបាល ក្នុងខែមីនា ឬ មេសា ថាតើ គេ អាចប្រើប្រាស់បច្ចេកវិទ្យា Huawei បានឬទេ ?
ស្ថាបនិកក្រុមហ៊ុន Huawei បានអះអាងថា Huawei នឹងបន្តបោះទុនវិនិយោគនៅចក្រភពអង់គ្លេស ដោយសារតែមានទំនុកចិត្តចំពោះចក្រភពអង់គ្លេស ហើយសង្ឃឹមថា ចក្រភពអង់គ្លេស នឹងមានទំនុកចិត្តកាន់តែច្រើន ចំពោះ Huawei ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍