ADB នឹងផ្តល់ថវិកា ៨៧ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោង “ជំនាញដើម្បីប្រកួតប្រជែង”
ភ្នំពេញ៖ ធនគារអភិវឌ្ឍន៍អាស៊ី ADB បានអោយដឹងថា គម្រោង “ជំនាញដើម្បីប្រកួតប្រជែង” ហៅកាត់ថា (S4C) ដែលបានរៀបចំសិក្សាកន្លងមក មាន ថវិកា ៨៧ លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) នឹងត្រូវអនុម័តនៅខែមិថុនា ហើយនឹងចាប់ផ្តើមអនុវត្តគម្រោងនេះ នាខែតុលាឆ្នាំ២០១៩ ។
ថ្លែងក្នុងជំនួបជាមួយនឹងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១ ខែមិនានេះ លោកស្រី Ayoko Inagaki នាយកផ្នែកអភិវឌ្ឍន៍ និងមនុស្ស នៃធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្ស តាមរយៈការដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចតុកោណ គោលនយោបាយជាតិអភិវឌ្ឍន៍ឧស្សាហកម្ម ជាពិសេស ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចមានចែងនៅក្នុងគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
លោក រដ្ឋមន្រ្តីក្រសួងការងារ បានអរគុណដល់ ADB ចំពោះការចូលរួមចំណែកក្នុងការជួយដល់វិស័យសេដ្ឋកិច្ច-សង្គម តាមរយៈការគាំទ្រនេះ ក៏ជាផ្នែកមួយធ្វើឱ្យកម្ពុជាទទួលបានវឌ្ឍនភាពកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយប្រចាំឆ្នាំ ហើយនឹងអាចសម្រេចតាមគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ ។
លោក រដ្ឋមន្រ្តី បានលើកឡើងបន្តថា សេដ្ឋកិច្ចកម្ពុជា នឹងនៅតែអាចរក្សានូវនិរន្តភាពនៃកំណើនរបស់ខ្លួន បើទោះបីជាមានបញ្ហាប្រឈម ដោយសារតែកត្តាខាងក្រៅក៏ដោយ ។ កម្ពុជា ក៏អាចមានលទ្ធភាពក្នុងការក្សាភាពប្រកួតប្រជែង តាមរយៈការដាក់ចេញនូវកំណែទម្រង់នានា រួមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅវិស័យឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពល ដូចជា អេឡិចត្រូនិច កែច្នៃម្ហូបអាហារ សំណង់ និងអចលនទ្រព្យ កសិ-ឧស្សាហកម្ម និងទេសចរណ៍ ជាដើម ដើម្បីស្រូបទាញកម្លាំងពលកម្ម ។
ឆ្លើយតបតាមសំណូមរពររបស់លោករដ្ឋមន្រ្តី ADB ក្រៅពីការជួយគាំទ្រលើគម្រោងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ADB ក៏កំពុងសិក្សាក្នុងការរៀបចំជាផែនការយុទ្ធសាស្រ្ត ៥ឆ្នាំបន្ទាប់របស់ខ្លួន ដើម្បីផ្តល់ការជួយគាំទ្រដល់វិស័យការងារ ដែលស្របតាមអាទិភាពទាំង៥ នៃផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ភាគីទាំងពីរ ក៏បានសំដែងនូវមោទនភាព ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តការកន្លងមក ហើយបានសន្យាថា នឹងបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរថែមទៀត នូវភាពជាដៃគូនេះ សម្រាប់រយៈពេលវែង សំដៅបន្តសម្រេចឱ្យបាននូវគោលដៅជាច្រើន ដែលបានដាក់ចេញប្រកបដោយជោគជ័យ ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍