Connect with us

កុំភ្លេច ចូលរួមផ្តល់ព័ត៌មានដល់មន្រ្តីជំរឿន សម្រាប់ការធ្វើជំរឿងទូទៅប្រជាជន ឆ្នាំ២០១៩

ភ្នំពេញ ៖ ប្រទេសកម្ពុជា កំពុងដំណើរការធ្វើជំរឿនទូទៅប្រជាជន ដើម្បីទទួលបានទិន្នន័យប្រជាសាស្ត្រជាក់លាក់ សម្រាប់ប្រើប្រាស់រៀបចំតាក់តែងគោលនយោបាយ ឲ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាមដានត្រួតពិនិត្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៦-២០៣០ ។

ជំរឿនលើកនេះ ជាជំរឿនលើកទី៣ បន្ទាប់ពីជំរឿនលើកទី២ កាលពីឆ្នាំ ២០០៨ ដែលមានរយៈពេល ១១ ឆ្នាំគត់ ។ បើយោងតាមច្បាប់ស្ដីពីស្ថិតិ បានកំណត់នូវកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ម្នាក់ៗ ត្រូវចូលរួមសហការក្នុងការធ្វើជំរឿននេះ ។
លោកស្រី ហង់ លីណា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា ការធ្វើជំរឿននេះ មានរយៈពេល ១១ ថ្ងៃ ចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩ ។ ការធ្វើជំរឿននេះ នឹងត្រូវសម្ភាសឥស្សរជន និងប្រជាពលរដ្ឋដែលជាមេគ្រួសារប្រមាណជិត ៣ លានគ្រួសារ ក្នុងនោះ មានមន្រ្តីជំរឿនប្រមាណ ៥ ម៉ឺននាក់ នៅទូទាំងប្រទេសនឹងចុះធ្វើជំរឿននេះ តាមផ្ទះប្រជាពលរដ្ឋ ។

លទ្ធផលបណ្តោះអាសន្ននៃជំរឿននេះ នឹងបង្ហាញក្នុងអំឡុងពេល ៣ ខែ ក្រោយបញ្ចប់ជំរឿន ហើយលទ្ធផលផ្លូវការ អាចបង្ហាញនូវចន្លោះចាប់ពី ៦-៩ ខែក្រោយ បន្ទាប់ពីបញ្ចប់ការធ្វើជំរឿននេះ ។ ជំរឿនលើកនេះ បានចំណាយថវិកាជាតិសរុបប្រមាណ ៩ លានដុល្លារអាមេរិក ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវជាបន្ដបន្ទាប់ដល់ប្រជាពលរដ្ឋ ឲ្យសហការផ្ដល់ព័ត៌មានពីសាវតារជាមួយមន្រ្ដីជំរឿន ដើម្បីទទួលបានស្ថិតិជាក់លាក់សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា ។

សម្តេច នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការធ្វើជំរឿននេះ មានសារៈសំខាន់ និងជាប្រភពតែមួយគត់ដែលអាចផ្ដល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់នូវចរិតលក្ខណៈ និងស្ថានភាពរស់នៅពិតប្រាកដរបស់ប្រជាជនទូទាំងប្រទេសកម្ពុជា។
ដោយឡែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ បានសរសេរបញ្ជាក់ថា សម្រាប់ពលរដ្ឋ ដែលកំពុងធ្វើការនៅក្រៅប្រទេស គឺមិនតម្រូវឲ្យត្រឡប់ចូលប្រទេសនោះទេ ដោយសារអ្នកបច្ចេកទេសធ្វើជំរឿន បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានរៀបចំឯកសារ សម្រាប់ភ្នាក់ងារតាមប្រទេសនានា ដើម្បីធ្វើជំរឿនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅបណ្តាប្រទេសទាំងនោះ។ ដូច្នេះ ពលរដ្ឋ ដែលកំពុងរស់នៅក្រៅប្រទេស សូមចូលរួមជាមួយភ្នាក់ងារជំរឿន ដើម្បីឲ្យការធ្វើជំរឿនមានភាពត្រឹមត្រូវ និងទទួលលទ្ធផលយកជាការបាន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម