Connect with us

កម្ពុជា និង សិង្ហបុរី ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា

ភ្នំពេញ៖ អគ្គស្នងការនគរបាលកម្ពុជា និង​សិង្ហបុរី ប្តេជ្ញាចិត្តក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ដើម្បីសន្តិសុខក្នុងតំបន់ ។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក HOONG WEE TECK អគ្គស្នងការនគរបាលសិង្ហបុរី នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៩នេះ​ ។

បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនគរបាលជាតិ បានអោយដឹងថា  ផ្អែកតាមលទ្ធផលនៃការពិភាក្សាគ្នា ភាគីទាំងពីរ បានឯកភាព រួមគ្នាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាចំណុចអាទិភាពរបស់ប្រទេសទាំងពីរ និងជាចំណុចអាទិភាពរបស់អាស៊ីមួយដែរ ។

លោកឧត្តមសេនីយ៍ឯក បានអោយដឹងបន្ថែមថា ក្នុងជំនួបនោះ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតយន្តការទំនាក់ទំនងដោយផ្ទាល់ទៅវិញទៅមក ដើម្បីបម្រើផលប្រយោជន៍សន្ដិសុខ ការពារវិនិយោគិន ការពារភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋប្រទេសទាំងពីរផងដែរ ។

បន្ថែមពីនេះ សិង្ហបុរី បានសន្យាបណ្ដុះបណ្ដាលដល់នគរបាលកម្ពុជា លើជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និង ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្នុងនោះ កម្ពុជា-សិង្ហបុរី នឹងចាត់ចែងឲ្យផ្នែកជំនាញរៀបចំកម្មវិធីបណ្ដុះបណ្ដាល មានទាំងរយៈពេលវែង និងរយៈពេលខ្លី ។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរប្រតិភូជំនាញ ដើម្បីដកបទពិសោធន៍លើការងារជំនាញពីគ្នាទៅវិញទៅមកផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម