Connect with us

រាជរដ្ឋាភិបាល និង UNDP ជម្រុញឱ្យមានការធ្វើអោយប្រសើរឡើងក្នុងវិស័យអភិបាលកិច្ច

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ផ្តើមពិភាក្សាអំពីលទ្ធភាពក្នុងការជម្រុញឱ្យមាននវានុវត្តន៍(ភាពច្នៃប្រឌិត)ក្នុងវិស័យអភិបាលកិច្ច ដែលជាកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យការផ្តល់សេវាដល់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរជាងមុន ។
នៅថ្ងៃនេះ ក្រសួងមុខងារសាធារណៈ និង UNDP ប្រចាំប្រទេសកម្ពុជា បានសហការគ្នារៀបចំ សិក្ខាសាលាថ្នាក់ជាតិ ស្តីពីវិស័យសាធារណៈក្នុងយុគសម័យឌីជីថល ដែលមានការចូលរួមពីអ្នកជំនាញមកពីក្នុងតំបន់ និងមន្ត្រីរាជការ ដើម្បីពិភាក្សាពីនវានុវត្តន៍ក្នុងវិស័យសាធារណៈ ។

តាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា បដិវត្ដន៍ឧស្សាហកម្មទីបួន ដែលនាំមកនូវការផ្លាស់ប្តូរក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នាំឱ្យមានការរំពឹងចង់បាននូវសេវាសាធារណៈដែលកាន់តែមានភាពច្នៃប្រឌិតថ្មីជាងមុន និងផ្តល់ទាន់ពេលវេលាជាងមុន។
នវានុវត្តន៍ក្នុងវិស័យសាធារណៈ លែងជាអ្វីដែលធ្វើឱ្យវិស័យនេះមានភាពប្រណិតទៀតហើយ ប៉ុន្តែជាអ្វីដែលរដ្ឋាភិបាលក្នុងតំបន់ ចាំបាច់ត្រូវតែធ្វើ ដើម្បីបន្តរៀបចំខ្លួន និងចូលរួមប្រកួតប្រជែងក្នុងសតវត្សរ៍ទី ២១ ។

សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើន ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ ដែលត្រូវតែត្រៀមខ្លួនទប់ទល់ជាមួយនឹងការផ្លាស់ប្តូរនេះ ដើម្បីធានាថា តម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវបានបំពេញ ប្រកបដោយប្រសិទ្ធភាព ។

ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបួន (២០១៩-២០២៣) រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងជាក់ច្បាស់ ពីសារៈសំខាន់នៃគុណភាពធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា និងបានចាត់ទុកជាចំណុចខ្លាំងគន្លឹះ ដើម្បីជួយឱ្យកម្ពុជា អាចច្បាមយកឱកាសប្រើប្រាស់ប្រព័ន្ធអេឡេត្រូនិច ក្នុងវិស័យអភិបាលកិច្ចរបស់ខ្លួនឱ្យបានកាន់តែច្រើន ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ សម្រាប់ធ្វើកំណែទម្រង់រដ្ឋបាល ពោលគឺ «ធ្វើការផ្លាស់ប្តូររដ្ឋបាលសាធារណៈឱ្យក្លាយទៅជាអ្នកផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងជាដៃគូដែលអាចជឿទុកចិត្តបានដើម្បី ឈានទៅផ្តល់សេវាដល់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរជាងមុន»។

លោក កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា «កម្លាំងចលករទាំងនេះ គឺជាអ្វីដែលមានភាពចាំបាច់បំផុត ដើម្បីឱ្យកម្ពុជាអាចផ្តល់សេវាសាធារណៈ ដែលឆ្លើយតបទៅតាមការរំពឹងទុករបស់អ្នកប្រើប្រាស់ មានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ។ កត្តាទាំងនេះ ក៏ជួយឱ្យកម្ពុជា នៅតែបន្តអាចចូលរួមប្រកួតប្រជែងក្នុងថ្នាក់តំបន់ និងក្នុងសកលលោក ក៏ដូចជាសម្រេចគោលដៅដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០» ។
សិក្ខាសាលានេះ ផ្តល់នូវវេទិកាឱ្យអ្នកចូលរួមស្វែងយល់ពីលទ្ធភាពយកបច្ចេកវិទ្យាឌីជីថល មកប្រើប្រាស់ក្នុងវិស័យសាធារណៈ ដើម្បីជួយឱ្យរាជរដ្ឋាភិបាលសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ពង្រឹងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធអភិបាលកិច្ច និងផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព។

លោក Nick Beresford អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃ នវានុវត្តន៍ថា «នៅពេលដែលគំនិតថ្មីៗមានប្រភពចេញពីមន្ត្រីរាជការខ្លួនឯង ភាគច្រើន គំនិតទាំងនេះ នឹងនាំមកនូវការផ្លាស់ប្តូរពិតប្រាកដ។ ការងាររបស់យើង មិនមែននិយាយអំពីការអនុវត្តដែលល្អបំផុតនោះឡើយ ប៉ុន្តែគឺត្រូវជួយឱ្យក្រសួងនានា បើកចំហឱ្យមានឱកាសបញ្ចេញគំនិតច្នៃប្រឌិត ដើម្បីឱ្យមន្ត្រីរាជការអាចទៅកាន់តែកៀកនឹងប្រជាពលរដ្ឋ ដែលពួកគេផ្តល់សេវាឱ្យ និងយកដំណោះស្រាយដែលពួកគេគិតឃើញដោយខ្លួនឯងទៅធ្វើការពិសោធន៍សាកល្បង» ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម