Connect with us

ការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ១,៦៤៦ ទូទាំងប្រទេស ត្រូវបានបើកព្រមៗគ្នាក្នុងថ្ងៃនេះ

ភ្នំពេញ ៖ ការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ បានចាប់ផ្តើមហើយ នៅថ្ងៃទី៤ ខែមីនានេះ ក្នុងនោះ ការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ១,៦៤៦ នៅទូទាំងប្រទេស ត្រូវបានបើកព្រមៗគ្នាក្នុងថ្ងៃតែមួយនេះដែរ ។
បើយោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ ការចុះឈ្មោះបោះឆ្នោតនេះ នឹងចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ដែលមានរយៈពេល ១៣ថ្ងៃ ដោយមិនរាប់ថ្ងៃអាទិត្យ និង ថ្ងៃបុណ្យផ្លូវការ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអោយដឹងថា អ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងមុខតំណែង ដែលមានសមាជិក សរុបចំនួន ១១,៥៧២ នាក់ ទូទាំងប្រទេស ។

ការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតបញ្ចូលទៅក្នុងបញ្ជីបោះឆ្នោត និងបញ្ជូនតាមលំដាប់ឋានានុក្រមមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។
ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែង រួច ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាមេឃុំ ចៅសង្កាត់ ត្រូវចុះហត្ថលេខា និងបោះត្រារដ្ឋបាលឃុំ-សង្កាត់ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់ ពីថ្ងៃទី៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ។

ការិយាល័យចុះឈ្មោះបោះឆ្នោតចំនួនមួយ ត្រូវបានកំណត់សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ នីមួយៗ។ ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែងត្រូវមានទីតាំងនៅសាលាឃុំ-សង្កាត់ ឬទីតាំងណាមួយសមស្របក្នុងឃុំ-សង្កាត់។

អ្នកដែលត្រូវបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតក្រុង ស្រុក ខណ្ឌ ណាមួយ ត្រូវបំពេញលក្ខខណ្ឌដូចជា ៖
– ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងនៃការិយាល័យបោះឆ្នោតក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ។
– មិនចាំបាច់បង្ហាញខ្លួន ឬអាចទៅបង្ហាញខ្លួននៅចំពោះមុខប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីទទួលព័ត៌មានឱ្យបានគ្រប់គ្រាន់អំពីការិយាល័យបោះឆ្នោត និងអំពីតម្រូវការឯកសារនៅពេលបោះឆ្នោត ៕

    Loading...

    ពេញនិយម