Connect with us

ភ្ញាក់ផ្អើលមែនទែន ខណៈកំពុងជីកគ្រឹះដើម្បីសង់អាគារ ក៏លេចចេញវត្ថុបុរាណជាច្រើន

ភ្នំពេញ ៖ វត្ថុបុរាណមួយចំនួន ត្រូវគេបានប្រទះឃើញ ខណៈអគ្គីសនីកម្ពុជា បានធ្វើការជីកគ្រឹះដើម្បីធ្វើការសាងសង់អាគារបន្ថែម នៅលើទីតាំងខាងកើតវត្តភ្នំ រាជធានីភ្នំពេញ ។
បើយោងតាមហ្វេសប៊ុកផ្លូវការមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានអោយដឹងថា មន្រ្តីជំនាញមកពីក្រសួង និងមន្ទីរ រួមស្ថាប័នពាក់ព័ន្ធ សហការជាមួយអគ្គីសនីកម្ពុជា បានចុះពិនិត្យ និងប្រមូលទុក នូវបុរាណវត្ថុមួយចំនួន ដែលលេចចេញពីការជីកគ្រឹះ ដើម្បីសាងសង់អាគាអគ្គីសនីកម្ពុជាបន្ថែម មានទីតាំងខាងកើតវត្តភ្នំ ។

បុរាណវត្ថុដែលប្រមូលបាន រួមមាន បដិមាសាងពីថ្មភក់ បដិមាពីលោហៈ និងកុលាភាជន៍រឹង ជាច្រើនទៀត ហើយករណីនេះ ក្រុមការងារ បានធ្វើការទុកដាក់ក្នុងកន្លែងមានសុវត្ថិភាព និងធ្វើការចុះបញ្ជីតាមលក្ខណៈបច្ចេកទេសជាបណ្តោះអាសន្ន ។
បើតាមលោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឲ្យដឹងថា ព្រះពុទ្ធបដិមា និងកុលាភាជន៍ទាំងនោះ នៅមិនទាន់ដឹងថា ត្រូវបានគេស្ថាបនាឡើងនៅពេលណានោះទេ ប៉ុន្តែ វាទំនងជាត្រូវបានគេស្ថាបនាឡើង នៅចន្លោះសតវត្សរ៍ទី ១៣ និង ទី១៤ ព្រោះទីតាំងនោះ ដើមឡើយមានគុហាចំណាស់មួយ មុនការកសាងទីទួលវត្តភ្នំ នាពេលបច្ចុប្បន្ន ។

លោក ប្រធានមន្ទីរ បានបញ្ជាក់ថា ក្រុមការងារកំពុងសិក្សាស្រាវជ្រាវបន្ថែម ហើយក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខនេះ ក្រុមមន្ត្រីជំនាញ នឹងចេញលទ្ធផលអំពីប្រវត្តិនៃបុរាណវត្ថុទាំងនេះ ដល់សាធារណជនឲ្យបានដឹង។
ជាមួយគ្នានេះ លោក អំពាវនាវដល់សាធារណៈជន ប្រសិនបើបានជួបប្រទះរាល់វត្ថុទាំងឡាយណា ដែលជាវត្ថុបុរាណ សូមសហការរាយការណ៍ជូនមន្ទីរវប្បធម៌ និង ក្រសួង ដើម្បីចុះពិនិត្យដូចក្នុងករណីខាងលើ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម