Connect with us

សូមប្រយ័ត្ន! ជំងឺគ្រុនឈាម អាចផ្ទុះឡើងខ្លាំង ខណៈករណីជំងឺគ្រុនឈាម បានកើតឡើងច្រើននៅដើមឆ្នាំនេះ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបាល បានក្រើនរំលឹកពលរដ្ឋអោយបង្កើតការយកចិត្តទុកដាក់ខ្ពស់ ខណៈដែលនៅដើមឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាម មានការកើនឡើងគួរអោយកត់សម្គាល់ ស្របគ្នានឹងរបាយការណ៍ពីពលរដ្ឋ អះអាងថា មូស ក៏មានការកើតឡើងច្រើនផងដែរ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានអោយដឹងថា ករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេស ក្នុងដើមឆ្នាំ២០១៩នេះ មានការកើនឡើងច្រើនជាងឆ្នាំ២០១៨កន្លងទៅ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា។ ក្រសួង បានបញ្ជាក់ថា កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលបង្កឱ្យមានជំងឺគ្រុនឈាមនោះ គឺបម្រែបម្រួលអាកាសធាតុ និងវត្តមានជម្រកមូសខ្លា នៅតាមផ្ទះសម្បែង ឬ ទីធ្លាសាធារណៈ។

តាមការវិភាគអេពីដេមីសាស្ត្រ និងការប៉ាន់ប្រមើលលើស្ថានភាពជំងឺគ្រុនឈាមរបស់អង្គការសុខភាពពិភពលោក បង្ហាញថាជំងឺគ្រុនឈាម ប្រហែលជាអាចនឹងផ្ទុះឡើងនៅក្នុងឆ្នាំ២០១៩នេះ ដែលតម្រូវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តន៍វិធានការដែលបានណែនាំ ដើម្បីចៀសផុតពីភាពអាចមានការផ្ទុះឡើងនូវជំងឺគ្រុនឈាម នៅក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត។

ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកថា ជំងឺគ្រុនឈាម ជាជំងឺអាចកើតឡើងលើមនុស្សគ្រប់វ័យ ដែលបង្កឡើងដោយមូសខ្លាញីខាំបឺតឈាមអ្នកដែលមានវីរុសគ្រុនឈាម ចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត ។

ក្រសួងសុខាភិបាល ក៏បានប្រាប់ពីរោគសញ្ញា ក្នុងនោះ ២ ទៅ ៣ថ្ងៃ ក្រោយពីមូសខ្លាញីខាំ អ្នកជំងឺមានអាការក្តៅខ្លួនពី ៣៩ ទៅ ៤០ អង្សារសេអមដោយរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬកួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមចិញ្ចាញធ្មេញជាដើម។

គួរកត់សម្គាល់ថា នៅពេលថ្មីៗនេះ ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅក្នុងរាជធានីភ្នំពេញ បានអោយដឹងថា មានការកកើតមូសច្រើន ខុសពីឆ្នាំមុន ដែលធ្វើអោយពួកគាត់ពិបាកក្នុងសម្រាកនា ពេលយប់ ដោយត្រូវបង្ខំចិត្តប្រើវិធីផ្សេងៗ តែនៅតែមិនមានការថមថយនោះទេ ។
ទាក់ទិននឹងបញ្ហានេះ ក្រសួងសុខភិបាល ក៏បានលើកឡើងថា នៅក្នុងខែមករា ឆ្នាំ២០១៩កន្លងមកនេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានធ្វើការអង្កេតបាណកសាស្ត្រនៅតាមទីតាំងដែលជ្រើសរើសសម្រាប់ធ្វើការសិក្សា និងពិនិត្យតាមដានស្ថានភាពមូសខ្លា ក្នុងរាជធានីភ្នំពេញ នារដូវប្រាំងនេះ ដែលលទ្ធផលបានបង្ហាញឱ្យឃើញថា មូសស្ទើរតែទាំងអស់សុទ្ធតែ ជាមូសអង្កាម មិនមែនមូសខ្លាដែលជាអ្នកចម្លងជំងឺគ្រុណឈាមនោះទេ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម