Connect with us

ភោជនីយដ្ឋាន និងអាហារដ្ឋាន ជិត ២ពាន់កន្លែង បានទទួលការបញ្ជាក់អនាម័យពីក្រសួងសុខាភិបាល

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវឱ្យម្ចាស់ភោជនីយដ្ឋានទូទាំងប្រទេស ឱ្យមកចុះវិញ្ញាបនបត្របញ្ជាក់អនាម័យចំណីអាហារ និងវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្ដអនាម័យល្អ ដើម្បីធានាបាននូវការមិនពុលអាហារដល់ប្រជាជនកម្ពុជា ។

បើតាមរបាយការណ៍ពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួង បានប្រគល់វិញ្ញាបនបត្របញ្ជាក់អនាម័យ និង គោលការណ៍អនាម័យដល់ភោជនីយដ្ឋាន អាហារដ្ឋាន និងគ្រឹះស្ថានផលិតចំណីអាហារ សរុបចំនួន ១,៨៤០កន្លែង  ក្នុងនោះ Logo A ចំនួន ៥១៥, Logo B ចំនួន ៦៦, Logo C ចំនួន ២២ និងវិញ្ញាបនបត្របញ្ជាក់អនាម័យមានចំនួន ១២៣៨កន្លែង។

ថ្លែងកាលពីពេលថ្មីៗនេះ លោកបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសំអាង បានលើកឡើងថា ដោយអនុវត្ដទៅតាមគោលនយោបាយ ដាក់ចេញរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានបន្ដត្រួតពិនិត្យ និងផ្ដល់វិញ្ញាបនបត្របញ្ជាក់ជូនដល់បណ្ដាភោជនីយដ្ឋាននានា ដើម្បីកាន់តែធានានូវគុណភាពអាហារ ទៅតាមស្តង់ដារ និងអនាម័យខ្ពស់ ។

លោក បានបញ្ជាក់ថា ការចុះវិញ្ញាបនបត្រនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ព្រោះវាមានការធានា និងផ្តល់ជំនឿចិត្ដដល់អតិថិជនជាតិ-អន្ដរជាតិ ពិសេស ក្រសួង នឹងចេញអន្ដរាគមន៍ភ្លាមៗ បើមានករណីអ្វីកើតឡើង ទាំងលើម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ។

លោក បន្តថា ក្រសួង នឹងដាក់ឈ្មោះភោជនីយដ្ឋានរបស់គាត់ លើវេបសាយក្រសួងទៀតផង ដើម្បីឱ្យភ្ញៀវជាតិ អន្ដរជាតិ ដឹងថា ហាងណា ដែលបានបើកលក់ចំណីអាហារទៅតាមស្ដង់ដារ និងអនាម័យខ្ពស់ និង ទទួលស្គាល់ពីក្រសួង ។ ជាមួយនេះ ក្រសួង នឹងចុះមកត្រួតពិនិត្យជាប់ជានិច្ចផងដែរ ដើម្បីធានាថា នឹងអនុវត្ដទៅតាមគោលការណ៍ដែលក្រសួងដាក់ឱ្យ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម