Connect with us

កម្ពុជា ចង់ក្លាយជាផ្នែកមួយ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបង្គុំនៃឧស្សាហកម្មរថយន្តអាល្លឺម៉ង់

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់ប្រទេសអាល្លឺម៉ង់ ជួយដល់កម្ពុជា លើការបណ្តុះបណ្តាលបច្ចេកទស និងវិជ្ជាជីវៈ ជាពិសេសកម្ពុជា ក៏ចង់ក្លាយជាផ្នែកមួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបង្គុំនៃឧស្សាហកម្មរថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់ នៅក្នុងតំបន់ និងពិភពលោកផងដែរ ។

ការស្នើសុំនេះ បានធ្វើឡើងក្នុងជំនួបរវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយគណៈប្រតិភូនៃសមាជិកសភាអាល្លឺម៉ង់ ដឹកនាំដោយលោក Manfred Grund ។
ក្នុងជំនួប លោក វង្សី វិស្សុត បានស្នើសុំឱ្យភាគីអាល្លឺម៉ង់ បង្កើនកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើវិស័យបណ្តុះបណ្តាលបច្ចេកទស និងវិជ្ជាជីវៈ ដោយសារវិស័យនេះ គឺជាកត្តាគន្លឹះក្នុងការពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ។ ម្យ៉ាងទៀត អាល្លឺម៉ង់ មានភាពឈានមុខគេលើវិស័យនេះស្រាប់ ហើយអាល្លឺម៉ង់ ក៏ធ្លាប់បានជួយដល់ប្រទេសមួយចំនួនពាក់ព័ន្ធនឹងកិច្ចការនេះ ដូចជា ប្រទេសសិង្ហបូរី ជាដើមផងដែរ ។

ទន្ទឹមនឹងនេះ ដោយសារ ប្រទេសអាល្លឺម៉ង់ ក៏ជាទីផ្សារដ៏ធំរបស់កម្ពុជា ដូចនេះ ភាគីទាំងពីរ អាចបន្តធ្វើការពិភាក្សារបន្ថែមនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មទ្វេភាគី ។
ដោយឡែក ចំពោះបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ពីសហភាពអ៊ឺរ៉ុប លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជាមិនចង់ពឹងផ្អែកលើ EBA រហូតទេ ពោល គឺ កម្ពុជា ក៏ចង់រំដោះខ្លួនពីការពឹងពាក់លើ EBA ហើយទោះមាន EBA ឬ ក៏គ្មាន EBA កម្ពុជានៅតែបន្តកសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់ល្អថែមទៀត ជាមួយបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុបទាំងអស់ ។
លោក រដ្ឋលេខាធិការ បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនអាចបំភ្លេចបានឡើយនូវតួនាទីរបស់ប្រទេសអាល្លឺម៉ង់ នៅក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកទល់ពេលនេះ ។

ជាការឆ្លើយតប លោក Manfred Grund បានអះអាងថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទៅថ្ងៃមុខទៀត ភាគីអាល្លឺម៉ង់ នឹងជួយគាំទ្រដល់កម្ពុជា បន្តទៀត ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនអាល្លឺម៉ង់ អាចមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ។

លោក សង្ឈឹមថា ប្រទេសកម្ពុជា អាចមានសក្តានុពលច្រើន ក្នុងការក្លាយខ្លួនជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរថយន្តរបស់អាល្លឺម៉ង់ ។ លោក Manfred Grund បានលើកឡើងថា «មុនពេលខ្ញុំមកដល់ទីនេះ ខ្ញុំមិនទាន់បានដឹងទេ តែនៅពេលដែលខ្ញុំមកដល់ទីនេះ ខ្ញុំបានមើលឃើញពីការស្ថានភាពជាក់ស្តែង ដែលបញ្ជាក់ថា កម្ពុជាកំពុងមានការកែប្រែ និងកំពុងតែធ្វើដំណើរទៅមុខ។ ដូចនេះ កម្ពុជា មិនគួរ ត្រូវបានគេបិទផ្លូវ ឬ ទទួលរងនូវទណ្ឌកម្មនោះទេ ដោយត្រូវតែបន្តជួយគាំទ្រដល់ការខិតខំប្រឹងប្រែងនេះ តទៅមុខទៀត » ។

បើតាមលោក វង្សី វិស្សុត បានអោយដឹងថា គិតមកទល់ពេលនេះ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញវត្ថុ ប្រមាណ ៦០០ លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៣ គឺ អភិវឌ្ឍន៍ជនបទ, ការគាំពារសង្គម និងអភិបាលកិច្ច ៕

    Loading...

    ពេញនិយម