កម្ពុជា និងឡាវ នឹងមានច្រកព្រំដែនអន្តរជាតិបន្ថែមទៀត ក្នុងខេត្តស្ទឹងត្រែង ឬ ខេត្តរតនគិរី
ភ្នំពេញ ៖ កម្ពុជា-ឡាវ នឹងបើកច្រកទ្វារព្រំដែនអន្ដរជាតិបន្ថែមទៀត ដែលអាចស្ថិតក្នុងខេត្តស្ទឹងត្រែង ឬ ខេត្តរតនគិរី ខណៈដែលបច្ចុប្បន្ន ប្រទេសទាំងពីរ មានច្រកព្រំដែនរួមគ្នាតែមួយប៉ណ្ណោះគឺច្រកត្រពាំងគ្រៀល-ណងណុងឃៀន ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ។
យោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ លោក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ នៃក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ច្រកទ្វារព្រំដែនអន្ដរជាតិថ្មី ដែលភាគីកម្ពុជា-ឡាវ កំពុងសិក្សារួមគ្នាដើម្បីបើកនេះ អាចនៅខេត្តរតនគិរី ឬ ខេត្តស្ទឹងត្រែង ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោក ផាត សុផានិត បានថ្លែងថា «ភាគីទាំងពីរ បានឯកភាពដើម្បីធ្វើយ៉ាងណាពិនិត្យលទ្ធភាព ដើម្បីពង្រីកការបើកច្រកទ្វារព្រំដែនបន្ថែមទៀត ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន សម្រួលដល់ការធ្វើដំណើរ ការផ្លាស់ប្ដូរពាណិជ្ជកម្ម ដែលនេះជាទិសដៅសំខាន់ លើកិច្ចសហប្រតិបត្តិការ ដែលបានព្រមព្រៀងគ្នា» ។
មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ក៏បានអះអាងទៀតថា ក្រៅពីឯកភាពគ្នាក្នុងការបើកច្រកទ្វារព្រំដែនហើយនោះ កម្ពុជា-ឡាវ ក៏បានធ្វើការប្ដេជ្ញាចិត្តរួមគ្នាផងដែរ លើការបង្ការ បង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដោយភាគីទាំងពីរ នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា មិនឱ្យបញ្ហាគ្រឿងញៀន មកគ្រប់ដណ្ដប់លើប្រជាជននោះឡើយ។
លោក ផាត សុផានិត បានគូសបញ្ជាក់ថា កម្ពុជា-ឡាវ នៅតែបន្ដសន្យាជាមួយគ្នា ខិតខំបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតឡើងនៅតាមព្រំដែន នៃប្រទេសទាំងពីរ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ រក្សាសុវត្ថិភាពជូនជាតិ និងប្រជាជន។
លើសពីនេះ អាជ្ញាធរនៅតាមបន្ទាត់ព្រំដែន ក៏នៅតែបន្ដរក្សាកិច្ចសហប្រតិបត្តិការល្អ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ផ្លាស់ប្ដូរគណៈប្រតិភូ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ពិសេសអនុវត្តទៅតាមអ្វីដែលបានព្រមព្រៀងគ្នា នៅក្នុងកំណត់ហេតុដែលបានចុះហត្ថលេខារួចរាល់ហើយនេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី ៥ ខែមីនានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ឧត្តមសេនីយ៍ឯក Vilay Lakhamephong រដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវបានចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៩ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍