Connect with us

កម្ពុជា​ កំពុង​រៀបចំ​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ ដោយ​យក​បទពិសោធន៍​ពី​ប្រទេស​ចំនួន៣​

ភ្នំពេញ​ ៖ ប្រទេស​កម្ពុជា​ នឹង​ដកស្រង់​បទពិសោធន៍​ពី​ប្រទេស​ក្នុង​តំបន់​ ដូចជា​ ថៃ​ ម៉ាឡេស៊ី​ និង​ សិង្ហបុរី​ ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​របស់​ខ្លួន​ ។

សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ ជាលើកដំបូង​ ស្តី​ពី​ «គោលនយោបាយ​ និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ »នេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ១២​-១៣​ ខែមីនា​ ដែល​រៀបចំឡើង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ សហការ​ជាមួយ​ធនាគារពិភពលោក​ ប្រចាំ​នៅ​កម្ពុជា​ ។

យោង​តាម​សេចក្តី​ជូនដំណឹង​ បាន​ឱ្យ​ដឹង​ថា​ សិក្ខាសាលា​ រៀបចំឡើង​ក្នុង​គោលបំណង​ប្រមូល​ធាតុ​ចូល​ សម្រាប់​រៀបចំ​ជាឯក​សារ​ទស្សនទាន​ និង​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការរៀបចំ​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​។

សិក្ខាសាលា​នេះ​ ជា​វេទិកា​ជជែក​ពិភាក្សា​ដ៏​សំខាន់​ក្នុង​កម្រិត​គោលនយោបាយ​ ហើយដែល​លទ្ធផល​ចេញពី​សិក្ខាសាលា​ មិន​ត្រឹមតែ​នឹង​ក្លាយជា​ធាតុ​ចូល​ដ៏​សំខាន់​ ក្នុង​ការរៀបចំ​ជា​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ប៉ុណ្ណោះទេ​ ថែមទាំង​ជា​ធាតុ​ចូលក្នុង​ការជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ និង​បង្កើន​ប្រសិទ្ធភាព​ និង​ភាព​ប្រកួត​-ប្រជែង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ តាមរយៈ​ការ​ធ្វើស​មា​ហរ​ណកម្ម​នៃ​បច្ចេកវិទ្យា​ ដើម្បី​សម្រេច​នូវ​បំណង​ប្រា​ថា្ន​រយៈពេល​វែង​ ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​ ។

ក្រៅពី​នេះ​ វេទិកា​នេះ​ ក៏​ជា​ការ​បង្ហាញ​ដល់​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​ នូវ​ការ​គិតគូរ​យ៉ាង​ហ្មត់​ ចត់​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការរៀបចំ​ផែនការ​សេដ្ឋកិច្ច​កម្ពុជា​ និង​ពង្រឹង​បរិយាកាស​ធុរកិច្ច​ ដោយមាន​ការចូលរួម​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ ។

រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងសេដ្ឋកិច្ច​ លោក​ វង្សី​ វិស្សុត​ ធ្លាប់​បាន​លើកឡើង​ថា​ កម្ពុជា​ មាន​មូលដ្ឋាន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​សេដ្ឋកិច្ច​ឌីជីថល​ កំពុង​វិវឌ្ឍន៍​ទៅមុខ​ជា​បណ្តើរ​ៗហើយ​ ។ ក្នុង​ន័យ​នេះ​ កម្ពុជា​ ត្រូវ​រួមដៃគ្នា​ ទាំង​ជា​ស្ថាប័ន​ ទាំង​ជា​ធនធានមនុស្ស​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ ឱ្យ​អាច​រត់ទាន់​គេ​នៅក្នុង​តំបន់​ ។

បើ​តាម​ លោក​ វង្សី​ វិស្សុត​ សេដ្ឋកិច្ច​ឌីជីថល​ គឺជា​សេដ្ឋកិច្ច​មួយ​ដែល​ពឹងផ្អែក​ទៅលើ​បច្ចេកវិទ្យា​ ឌីជីថល​ ដែល​វា​ នឹង​ជះឥទ្ធិពល​ដល់​ការផលិត​ទំនិញ​ និង​សេវា​, ការចែកចាយ​ និង​ការ​ផ្គត់ផ្គង់​ រួម​ទាំង​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​ផង​ដែរ​ ។

សិក្ខាសាលា​នេះ​ នឹង​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ និង​ចែករំលែក​ទស្សនៈ​ ពី​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ ក្នុង​វិស័យ​បច្ចេកវិទ្យា​ ដែល​រួមមាន​៖ ក្រុមហ៊ុន​ Microsoft​, ក្រុមហ៊ុន​ Alibaba​ និង​ Alipay​, ក្រុមហ៊ុន​ Facebook​, ក្រុមហ៊ុន​ UnionPay​ International​, ក្រុមហ៊ុន​ VISA​ International​, ក្រុមហ៊ុន​ Huawei​ International​, ក្រុមហ៊ុន​ Grab​ ក៏ដូចជា​ធុរ​កិ​ច្ច​ថ្មី​ៗ (Startup​) និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​កំពុង​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម