Connect with us

តើ​អ្នកដឹង​ទេ​ ផ្លូវជាតិ​លេខ១​ មានការ​រីកចម្រើន​អ្វីខ្លះ​ហើយ​ មកទល់​ពេលនេះ​?

ភ្នំពេញ​ ៖ បន្ទាប់ពី​ការ​ជួសជុល​ ស្ថាបនា​ និង​ពង្រីក​ឱ្យ​ធំជាង​មុន​ ផ្លូវជាតិ​លេខ១​ នា​ពេល​បច្ចុប្បន្ន​ កំពុងតែ​បង្ហាញ​ភាព​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ ។ នៅ​តាម​ដង​វិថី​ យើង​ឃើញ​មាន​ហាង​ទំនើប​ៗជាច្រើន​ កំពុងតែ​រីក​ដុះដាល​ជាបន្តបន្ទាប់​ និង​ បាន​កែប្រែ​តំបន់​នេះ​ ក្លាយទៅជា​តំបន់​មួយ​ដ៏​ស៊ី​វី​ល័យ​ និង​ ទំនើប​មិនចាញ់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​កណ្ដាល​ទីក្រុង​ឡើយ​ ។

បើ​យោង​តាម​គេហទំព័រ​ www.realestate.com.kh​ បាន​សរសេរ​ថា​ ផ្លូវជាតិ​លេខ១នេះ​ ស្ថិតនៅ​ក្នុង​គម្រោង​ផ្លូវ១​ ខ្សែ​ក្រ​វ៉ាត់១​ របស់​ចិន​ និង​បាន​លាតត្រដាង​នូវ​វត្តមាន​សំណង់​អគារ​ពាណិជ្ជកម្ម​ និង​បុរី​ជាច្រើន​នៅ​ទីនោះ​ ដោយសារតែ​តំបន់​នោះ​ មាន​សក្តា​នុ​ពល​ខ្ពស់​ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​ ខ្យល់អាកាស​ល្អ​ និង​ត្រជាក់​ត្រជុំ​ ដែល​ជាទី​ប្រាថ្នា​របស់​អ្នក​ដែល​ចង់បាន​លំនៅ​ដ្ឋាន​សម្រាប់​រស់នៅ​ ។

ថ្ងៃនេះ​ យើង​ នឹង​លើកយក​គម្រោ​ងខ្លះ​ៗ មក​ជម្រាប​ជូន​៖

១. ផ្សារ​សហគមន៍​បែប​ទំនើប​ និង​ស៊ី​វី​ល័យ​

ចម្ងាយ​ប្រមាណ​ប្រហែលជា៣គីឡូម៉ែត្រ​ ពី​ស្ពាន​ច្បារអំពៅ​ លោកអ្នក​នឹង​ឃើញ​ផ្សារ​ទំនើប​មួយ​ នៅ​ខាងឆ្វេង​ដៃ​ ទើបតែនឹង​បើក​ដំណើរការ​គឺ​ The​ Park​ Community​ Mall​ ដែល​មាន​លក្ខណៈ​ស្រដៀង​ TK​ Avenue​ និង​នៅ​ខាងស្ដាំ​ដៃ​ យើង​ឃើញ​មាន​ភោជនីយ​ដ្ឋាន​ទំនើប​ៗ និង​ហាង​លក់​សម្លៀកបំពាក់​ ព្រមទាំង​ហាង​ទំ​និញ​ផ្សេង​ៗទៀតផង​ ។

២. គម្រោង​ផ្សារ​ទំនើប​ ECO​ Mall​

គម្រោង​ផ្សារ​ទំនើប​ដ៏​ធំ​ បែប​ចម្រុះ​មួយ​នេះ​ គឺ​ស្ថិតនៅ​ជាប់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១លើ​ផ្ទៃដី៦ហិ​កតា​ និង​មានផ្ទៃ​សំណង់​សរុប២៦ម៉ឺន៨ពាន់​ម៉ែត្រក្រឡា​ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​ ២០២១​ ខាងមុខនេះ​។ គម្រោង​ផ្សារ​ទំនើប​នេះ​ នឹង​នាំ​យក​មក​នូវ​ភាព​សម្បូរណ៍​បែបជា​មួយ​នឹង​បែបផែន​ជីវិត​ទំនើប​ទាន់សម័យ​ និង​ពេញនិយម​ផង​ដែរ​ ។

៣. គម្រោង​ទីក្រុង​រណប​ថ្មី​នៅ​លើ​ដី​កោះ​នរា​

កោះ​នរា​ នឹង​ត្រូវ​បាន​កែប្រែ​មុខមាត់​ថ្មី​បន្ទាប់ពី​ក្រុមហ៊ុន​ OCIC​ ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍន៍​ដ៏​ធំ​របស់​កម្ពុជា​ មាន​គម្រោង​អភិវឌ្ឍ​ទៅជា​ទីក្រុង​រណប​ ដូច​ទីក្រុង​កោះ​ពេជ្រ​លើ​ផ្ទៃដី​ទំហំ១០០ហិ​កតា​។

៤. គម្រោង​មជ្ឈ​មណ្ឌល​កម្សាន្ត​ព្រីនស៍​ ម៉ា​ណ័រ​ (Prince​ Manor​ Resort​)

ក្រុ​មហ៊ុ​នព្រីនស៍​ ជា​ក្រុមហ៊ុន​យក្ស​មួយ​ធ្លាប់​វិនិយោគ​លើ​វិស័យ​ខុន​ដូ​ សណ្ឋាគារ​ ធនាគារ​ និង​អគារ​ពាណិជ្ជកម្ម​ ក៏បាន​បោះទុន​វិនិយោគ​ធ្វើ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នៅ​លើទឹក​ដី​កោះ​ប្រាក់​តាម​បណ្តោយ​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេ​ត្ដ​កណ្ដាល​ ដោយ​គម្រោង​នេះ​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ជាង​ ១៣ហិ​កតា​ ។

៥. គម្រោង​បុរី​នានា​

ផ្លូវជាតិ​លេខ១​ មាន​គម្រោង​បុរី​ជាច្រើន​ដូចជា​៖ បុរី​ប៉េង​ហួត​ ​; បុរី​ហេង​មានជ័យ​ (ក្នុង​សង្កាត់​និរោធ​) បុរិ​ហាយ​ធិច​ ​; បុរី​សម្បត្តិ​មាន​ហេង​ បុរី​លឹម​ឈាង​ហាក់​ បុរី​មង្គល​ភ្នំពេញ​ (នៅ​ជិត​ផ្សារ​ព្រែកឯង​) និង​សំណង់​លំនៅ​ដ្ឋាន​ផ្សេង​ៗទៀតផង​ដែរ​ ។

ក្រៅពី​គម្រោង​ទាំងនោះ​ក៏​មាន​សំណង់​អគារ​ពាណិជ្ជកម្ម​ សណ្ឋាគារ​ ខុន​ដូ​ ធនាគារ​ និង​កន្លែង​កម្សាន្ត​តូច​ធំ​ កំពុងតែ​មានសន្ទុះ​កើនឡើង​ផង​ដែរ​ ៕

ប្រភព​៖ www.realestate.com.kh​
https://www.realestate.com.kh/km/news/New-development-along-national-road-1/

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម