Connect with us

បើអញ្ចឹង​មែន​ ពិតជា​ដំណឹងល្អ​ សម្រាប់​អ្នកជំងឺ​មហារីក​នៅ​កម្ពុជា​

ភ្នំពេញ​ ៖ សាធារណរដ្ឋ​ឆែក​ នឹង​ធ្វើ​កាពិ​ចារ​ណា​លើ​គម្រោងការ​សាងសង់​អគារ​មន្ទីរពេទ្យ​ ផ្តោត​លើ​សេវា​ថែទាំ​ និង​ព្យាបាល​ជំងឺមហារីក​ នៅ​កម្ពុជា​ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ ។

ការពិចារណា​លើ​គម្រោង​សាងសង់​អគារ​មន្ទីរពេទ្យ​ ផ្តោត​លើ​សេវា​ថែ​ទាំង​ និង​ព្យាបាល​ជំងឺមហារីក​នេះ​ ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​ក្នុង​ជំនួប​ដោយ​ផ្ទាល់​ កាលពី​ថ្ងៃទី៥​ ខែមីនា​ រវាង​រដ្ឋមន្រ្តី​ក្រសួង​សុខ​ភិបាល​កម្ពុជា​ លោក​ ម៉ម​ ប៊ុ​នហេង​ និង​ លោក​ Miloslav​ Stasek​ រដ្ឋលេខាធិការ​ នៃ​ក្រសួង​ការបរទេស​ឆែក​ ដែល​ដឹកនាំ​ក្រុម​ធុរកិច្ច​ឆែក​ ចូលរួម​ក្នុង​ជំនួប​ពិភាក្សា​ ។

លោក​ Miloslav​ Stasek​ បាន​អះអាង​ថា​ សាធារណរដ្ឋ​ឆែក​ នឹង​បេ្ដ​ជ្ញា​បន្ដ​ជួយ​លើ​វិស័យ​សុខាភិបាល​ ជាពិសេស​ ក្រុម​ធុរកិច្ច​ឆែក​ នឹង​ពិចារណា​លើ​គម្រោងការ​សាងសង់​អគារ​មន្ទីរពេទ្យ​ ផ្តោត​លើ​សេវា​ថែទាំ​ និង​ព្យាបាល​ជំងឺមហារីក​នៅ​កម្ពុជា​ ។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ រដ្ឋ​មន្ដ្រី​ ម៉ម​ ប៊ុ​នហេង​ បាន​បញ្ជាក់​ថា​ «កម្ពុជា​ និង​ឆែក​ នឹង​ពិភាក្សា​រួមគ្នា​ និង​ពិនិត្យ​ស្ថានភាព​ ដើម្បី​ធ្វើការ​សហ​ប្រតិ​បត្ដិ​ការ​មួយ​ផ្នែក​ និង​វិនិយោគ​មួយ​ផ្នែក​លើ​វិស័យ​សុខាភិបាល​ ពិសេស​ ខាង​សេវា​ថែទាំ​សុខភាព​ ការពារ​ និង​ព្យាបាល​ជំងឺមហារីក​ ដោយ​ខាង​ភាគី​ឆែក​ មានបទពិសោធន៍​ស្រាប់​ លើ​ជំនាញ​នេះ​» ។

លោក​ ម៉ម​ ប៊ុ​នហេង​ បាន​លើកឡើង​ថា​ ការ​វិនិយោគ​លើ​សេវា​ជំងឺមហារីក​នេះ​ គឺជា​ផ្នែក​មួយ​ដែល​កម្ពុជា​ កំពុងតែ​មានការ​ខ្វះខាត​ស្រាប់​ ដោយ​មកទល់​នឹង​ពេលនេះ​ មាន​មន្ទីរពេទ្យ​តែ​ពីរ​ប៉ុណ្ណោះ​ ដែល​មាន​សេវា​ព្យាបាល​ជំងឺមហារីក​នេះ​ គឺ​ មន្ទីរពេទ្យ​មិត្ដ​ភាព​ ខ្មែរ​-សូវៀត​ និង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត្រ ។

បើ​យោង​តាម​ស្ថានទូត​ឆែក​ប្រចាំ​នៅ​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ គម្រោង​ 3C​ (Cancer​ care​ for​ Cambodia​) នេះ​ មាន​ដូចជា​ ការ​អភិវឌ្ឍ​មជ្ឍ​មណ្ឌល​ជាតិ​ជំងឺមហារីក​ ដែល​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​ ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ ដែល​មានឈ្មោះ​ល្បី​ខាង​ថែទាំ​ និង​ ព្យាបាល​ជំងឺមហារីក​ ។ ក្រៅពី​នេះ​ ឆែក​ ក៏បាន​ត្រៀម​រួចរាល់​ក្នុង​ការសាងសង់​មជ្ឈមណ្ឌល​ជំងឺមហារីក​ប្រចាំ​តំបន់​នៅ​ខេត្តសៀមរាប​ និង​ បាន​ត្រៀម​រួចរាល់​ក្នុង​ការសាងសង់​មជ្ឈមណ្ឌល​ជំងឺមហារីក​ប្រចាំ​តំបន់​នៅ​ខេត្តក្រចេះ​។

សូម​បញ្ជាក់​ថា​ ធារ​ណរដ្ឋ​ឆែក​ ក៏បាន​ធ្វើ​ផែនការ​វិនិយោគ​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន​ ដូចជា​នៅក្នុង​ប្រទេស​ឡាវ​ វៀតណាម​ និង​ ម៉ាឡេស៊ី​ ពី​សេវា​ជំងឺមហារីក​នេះ​៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម