Connect with us

ដឹងទេ ចាប់តំាងពីឆ្នាំ១៩៩៣ មកទល់ពេលនេះ ប្រទេសបារាំង បានផ្តល់លុយប៉ុន្មានលានអឺរ៉ូ ដល់កម្ពុជា?

ភ្នំពេញ ៖ ប្រទេសបារាំង ដែលធ្លាប់ដាក់នឹមត្រួតត្រាប្រទេសកម្ពុជាជិតមួយសតវត្សរ៍ បានផ្ដល់ហិរញ្ញប្បទានយ៉ាងច្រើនសម្រាប់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេស បើ គិតចាប់តំាងពីឆ្នាំ១៩៩៣ នៅពេលដែលកម្ពុជា ទើបបានរៀបចំការបោះឆ្នោតលើកដំបូង ។

យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកទល់បច្ចុប្បន្ន ប្រទេសបារាំង បានផ្ដល់ហិរញ្ញប្បទានសរុបដល់កម្ពុជា ប្រមាណជាង ៦៤១លានអឺរ៉ូ ក្នុងនោះ ឥណទានសម្បទាន ចំនួនប្រមាណ ២៩១,៥ លានអឺរ៉ូ, ឥណទានគ្មានការធានាពីរដ្ឋចំនួនប្រមាណ ១៦៧ លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ប្រមាណ ១៨២,៥លានអឺរ៉ូ ។

នៅថ្ងៃម្សិលមិញនេះ លោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានអោយដឹងថា នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយមកនេះ រដ្ឋាភិបាលបារាំង ក៏បានបង្កើននូវទំហំហិរញ្ញប្បទានអភិវឌ្ឍន៍ដល់កម្ពុជា គួរឲ្យកត់សម្គាល់ រហូតឡើងដល់កម្រិត ១០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ។

លោកស្រី ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា បារាំងនឹងបន្តផ្តល់នូវហិរញ្ញប្បទានអភិវឌ្ឍន៍ដល់កម្ពុជាជាបន្តទៅទៀត ហើយ បារាំង សង្ឃឹមថា កម្ពុជានឹងមានលទ្ធភាពស្រូបយកហិរញ្ញប្បទានអភិវឌ្ឍន៍​កាន់តែច្រើនថែមទៀត ពីគោលនយោបាយបង្កើនទំហំនៃការផ្តល់ ODA របស់បារំង រហូតដល់ ០,៥៥  នៃ ផ.ស.ស នៅឆ្នាំ២០២២ របស់លោកប្រធានាធិបតី ម៉ាក្រុង។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានសម្តែងការសាទរ ចំពោះគោលនយោបាយផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់បារាំង ដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដើម្បីសម្រេចចក្ខុវិស័យក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ទោះបីជាកម្ពុជា បានក្លាយខ្លួនទៅជាប្រទេសចំណូលមធ្យមកម្រិតទាបទៅហើយ លោក ក៏បានស្នើសុំដល់បារាំង ក្នុងការបន្តផ្តល់កម្ចីសម្បទានអនុគ្រោះដល់កម្ពុជា ជាបន្តទៀត និងបានស្នើបារាំង បង្កើនទំហំនៃការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំ ស្របទៅនឹងបរិការណ៍នៃការអភិវឌ្ឍន៍បច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជា ដើម្បីអនុវត្តគម្រោងធំៗមួយចំនួន ដែលមានបច្ច័យធំដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ព្រមទាំងស្នើសុំ បារាំង ជួយលើការពង្រឹងភាពប្រកួតប្រជែង និងប្រសិទ្ធភាពនៃសេដ្ឋកិច្ចកម្ពុជាផងដែរ ។

សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះដែរ រដ្ឋលេខាធិការប្រចាំការ លោក វង្សី វិស្សុត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី១ ដែលផ្តល់ដោយសហគមន៍អឺរ៉ុប តាមរយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប (EU/Asian Investment Facility (AIF) ចំនួន ១១,៥លានអឺរ៉ូ ត្រូវជាប្រមាណ ១៣ លានដុល្លារអាមេរិក ។ ជារួម កម្មវិធីនេះ នឹងរួមចំណែកគាំទ្រដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ឆ្នាំ២០១៨-២០២៣ របស់កម្ពុជា ៕

 

 

 

 

 

 

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម