Connect with us

រដ្ឋមន្រ្តីសេដ្ឋកិច្ច ក្រើនរំលឹកមន្ត្រីគយ និងរដ្ឋាករនៅព្រំដែន ត្រូវគ្រប់គ្រងចំណូលអោយបានត្រឹមត្រូវ

តាកែវ ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានក្រើនរំលឹកមន្រ្តីគយ និងរដ្ឋាករនៅច្រកព្រំដែន ឲ្យខិតខំក្នុងការគ្រប់គ្រងចំណូលដែលទទួលបានពីការបង់ពន្ធគយឲ្យបានត្រឹមត្រូវ ។

ការក្រើនរំលឹកនេះ បានធ្វើឡើងខណៈដែលលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះពិនិត្យការងារនៅការិយាល័យគយ និងរដ្ឋាករច្រកភ្នំដិន ក្នុងខេត្តតាកែវ ព្រមទាំងបានសម្ពោធការិយាល័យមន្ត្រីគយ និងរដ្ឋាករភ្នំដិន ។

លោក ឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុនីរ័ត្ន បានណែនាំដល់មន្រីគយ និងរដ្ឋាករ ដែលកំពុងឈរជើងនៅតាមគោលដៅច្រកព្រំដែនភ្នំដិន ត្រូវគ្រប់គ្រងឲ្យបានត្រឹមត្រូវនូវចំណូល ដើម្បីយកទៅចាក់បញ្ចូលនៅក្នុងថវិកាជាតិ ។

លោក ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់មន្ត្រីគយ និងរដ្ឋាករគ្រប់រូប ។ តែទន្ទឹមនេះ លោក ក៏បានទទួលស្គាល់នូវបញ្ហាប្រឈមនានា ដែលប៉ះពាល់ដល់ប្រតិបត្តិការប្រមូលចំណូល និងបានលើកទឹកចិត្តឲ្យមន្ត្រីគយ និងរដ្ឋាករ ត្រូវខិតខំបន្ថែមទៀត សម្រាប់ការងារនាពេលខាងមុខ ជាពិសេសក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាល ចាប់ពីដើមឆ្នាំ ២០១៩នេះតទៅ ។

ជាមួយគ្នានេះ លោក អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំឲ្យបន្តពង្រឹងនូវអភិបាលកិច្ចល្អក្នុងអង្គភាព គោរពក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយ និងរដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់អភិក្រមទាំង៥ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៨ កន្លងមក ចំណូលបានមកពីពន្ធគយ សរុបមានប្រមាណជាង ២៥០០ លានដុល្លារអាមេរិក កើនឡើងជាង ៣២% ធៀបនឹងឆ្នាំ២០១៧ ។ លទ្ធផលចំណូលនេះ គឺប្រមាណ ១២១,៤% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៨ ។ បើប្រៀបធៀបនឹងឆ្នាំ២០១៧ លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលដោយគយ មានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធនាំចូល មានកំណើនជាង ១៨%, អាករពិសេស កើន ៤២,៤%  និងអាករលើតម្លៃបន្ថែមកើន ៣០,៧% ។ ប្រភពចំណូលពន្ធ និងអាករសំខាន់ៗមាន ៖ ១.យានយន្ត និងគ្រឿងចក្រ បានដើរតួនាទីប្រមាណជិត ៤៦% នៃចំណូលសរុប, ២.ប្រេងឥន្ធនៈ និងថាមពលប្រមាណ ២០% នៃចំណូលសរុប និង ៣.ទំនិញចម្រុះ និងគ្រឿងសំណង់ មានសមាមាត្រប្រមាណជាង៣៤% នៃចំណូលសរុប ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម