Connect with us

តោះ​មក​ស្វែងយល់​គន្លឹះ៥យ៉ាងនេះ​ ​បើ​ចង់​ចំណេញ​ពី​ការ​វិនិយោគ​អចលនទ្រព្យ​

​ភ្នំពេញ​ ​៖​ ​ជាទូទៅ​ការទិញ​អចលនទ្រព្យ​ ​ធ្វើឡើង​ក្នុង​គោលបំណង​ពីរ​បែប​ ​ទី១​ ​ទិញ​ដើម្បី​ស្នាក់នៅ​រយៈពេល​វែង​ ​និង​ទី២​ ​ទិញ​សម្រាប់​ការ​វិនិយោគ​នៅពេលអនាគត​ ​។​ ការ​វិនិយោគ​បែប​ណាក៏ដោយ​ ​គឺ​ទាមទារ​ឲ្យ​អ្នកទិញ​ ​ត្រូវ​មាន​ភាព​ច្បាស់លាស់​ ​និង​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ជាមួយ​អចលនទ្រព្យ​ដ៏​ត្រឹមត្រូវ​មួយ​ ​។​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​វិនិយោគ​ខុស​គោលដៅ​ ​អ្នក​មិនមែន​ត្រឹមតែ​ខាតបង់​ប្រាក់​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែម​ខាតបង់​ទាំង​ពេលវេលា​ ​និង​កម្លាំងកាយ​ចិត្ត​ ​។​ ​យោង​តាម​គេហទំព័រ​ ​www.realestate.com.kh​ ​បាន​បង្ហាញ​ពីក​ត្តា៥យ៉ាង​ ​ដែល​អ្នក​ត្រូវ​ស្វែងយល់​ជាមុន​សិន​ ​ប្រសិនបើ​ចង់​ទទួល​បានផល​ចំណេញ​ពី​ការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​១​.​ ​ទិញ​រស់នៅ​ ​ឬ​ទិញ​វិនិយោគ​
​ទិញ​សម្រាប់​រស់នៅ​ ​និង​ទិញទុក​លក់​វិញ​មាន​លក្ខណៈ​ខុសគ្នា​ ​។​ ​ទិញ​ផ្ទះ​ ​ឬ​ ​ទិញ​ដី​សម្រាប់​សាងសង់​ផ្ទះ​រស់នៅ​ ​គឺ​ត្រូវ​ទាមទារ​ការ​គិត​គូក​ត្តា​មួយចំនួន​ ​ដែល​ជះឥទ្ធិពល​រយៈពេល​វែង​ ​ក្នុង​នោះ​ទីតាំង​ ​គឺជា​កត្តា​សំខាន់​ ​។​ ​ប៉ុន្តែ​ ​វា​ក៏​អាស្រ័យ​គោលបំណង​នៃ​ការរស់នៅ​របស់​អ្នកផង​ដែរ​ ​ថា​តើ​អ្នក​ចង់បាន​ការរស់នៅ​បែប​គ្រួសារ​ ​ដែល​មាន​ភាព​ស្ងប់ស្ងាត់​ ​ឬ​ ​រស់នៅ​ផង​ ​និង​ធ្វើអាជីវកម្ម​ផង​ ​។​
​ចំណែក​ ​ការទិញ​ទុក​វិនិយោគ​មាន​លក្ខណៈ​ពិសេស​មួយ​ ​គឺ​អ្នក​អាច​ជ្រើសរើស​តំបន់​ណាមួយ​ក៏បាន​ ​(​ទិញ​ឆ្ងាយ​ពី​ក្រុង​ ​ឬ​ជិត​ក្រុង​)​ ​សំខាន់​ឲ្យ​មាន​សក្តា​នុ​ពល​ដែល​អាច​លក់ចំណេញ​ច្រើន​ ​។​ ​ជាទូទៅ​ ​ការទិញ​អចលនទ្រព្យ​នៅ​តាម​តំបន់​ជាយក្រុង​ ​ឬ​ក្រៅក្រុង​ ​មានឱកាស​ចំណេញ​ច្រើន​ព្រោះ​អ្នក​អាច​ទិញ​បាន​ក្នុង​តម្លៃ​ទាប​ ​។​ ​ប៉ុន្តែ​ការ​រង់ចាំ​ ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ពិចារណា​។​
​តែ​ទោះ​យ៉ាងណា​ ​សម្រាប់​អ្នក​ដែល​មាន​ដើមទុន​ច្រើន​ ​ការ​វិនិយោគ​នៅ​តំបន់​កណ្តាល​ក្រុង​ ​គឺ​អាច​ទទួល​បានផល​ចំណេញ​ជាទី​គាប់ចិត្ត​ ​។​

​២​.​ ​អចលនទ្រព្យ​ស្របច្បាប់​
​អចលនទ្រព្យ​ស្របច្បាប់​ ​គឺ​សំដៅ​ដល់​អចលនទ្រព្យ​ ​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ​(​ប្លង់​រឹង​)​ដែល​នេះ​ ​ជា​ចំណុច​ដំបូង​គេ​បង្អស់​ ​ដែល​អ្នក​ត្រូវតែ​ទទួល​បាន​ ​។​ ​វិនិយោគ​អចលនទ្រព្យ​ស្របច្បាប់​ ​គឺ​ចំណេញ​លើស​ពី​ហិ​រញ្ញ​ត្ថុ​ ​។​



​៣​.​ ​មើល​ពីអ​នាគ​ត​នៃ​តំបន់​
​ជា​ធម្មតា​តំបន់​អភិវឌ្ឍន៍​នី​មួយ​ៗ​ ​តែង​តែង​ត្រូវ​បាន​កំណត់​ទៅតាម​ផែនការមេ​នៃ​ការ​អភិវឌ្ឍ​របស់​ ​ខេត្ត​/​ក្រុង​។​ ​ផែនការមេ​ ​ឬ​ ​ប្លង់​មេ​ទាំងនេះ​ ​អាច​ប្រាប់​អ្នក​អំពី​អនាគត​អចលនទ្រព្យ​នៃ​តំបន់​ដែល​អ្នក​ចង់​ទិញ​។​ ​ចំណុច​នេះ​ ​មានន័យថា​ ​អ្នក​ត្រូវ​សិក្សា​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​សេដ្ឋកិច្ច​ ​ទំនោរ​នៃ​ការរស់នៅ​ ​តំបន់ឧស្សាហកម្ម​ ​គម្រោង​លំនៅ​ដ្ឋាន​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​លំហូរ​អ្នកចំណូលថ្មី​ទៅកាន់​តំបន់​នេះ​ ​។​
​បើ​តាម​ ​លោក​ ​តេង​ ​រិទ្ធី​ ​ស្ថាបនិក​ ​និង​នាយក​ក្រុមហ៊ុន​ ​P​ ​R​’​ ​Investment​ ​Group​ ​បាន​លើកឡើង​ដោយ​ផ្នែក​លើ​ផែនការមេ​របស់​សាលាក្រុង​ភ្នំពេញ​ ​ថា​ ​ទីក្រុង​ភ្នំពេញ​ ​ត្រូវ​បាន​បែងចែក​តំបន់​អភិវឌ្ឍន៍​សំ​ខាន់​ៗ​ ​ដូចជា​៖​
​ជ្រោយចង្វា​៖​ ​តំបន់​ពាណិជ្ជកម្ម​ ​លំនៅ​ដ្ឋាន​ប្រណិត​ ​និង​ការិយាល័យ​
​ព្រែ​ក​ភ្នៅ​៖​ ​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​ ​និង​មជ្ឈមណ្ឌល​ដឹកជញ្ជូន​
​អរិយក្សត្រ​៖​ ​មជ្ឈមណ្ឌល​កំសាន្ត​ ​និង​ទីតាំង​ការងារ​
​បឹងកក់​៖​ ​ម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​
​ដូនពេញ​ ​៖​ ​តំបន់​កំពង់ផែ​ ​និង​គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​
​ចោមចៅ​៖​ ​តំបន់​រោងចក្រ​ឧស្សាហកម្ម​ ​ដឹកជញ្ជូន​ ​និង​អាជីវកម្ម​
​ច្បារអំពៅ​៖​ ​តំបន់​លំនៅ​ដ្ឋាន​ ​និង​ការ​លម្ហែ​កាយ​
​តាខ្មៅ​៖​ ​ការ​ស្នាក់នៅ​ ​ស្ថាប័ន​ការងារ​ ​និង​ទីតាំង​កំសាន្ត​

​៤​.​ ​ស្គាល់​តំបន់​ឲ្យ​ច្បាស់​មុន​សម្រេចចិត្ត​ទិញ​
​ដឹងពី​តំបន់​ច្បាស់​ ​ទើប​អ្នក​អាច​ដឹង​អំ​ពី​សក្តា​នុ​ពល​ពិតប្រាកដ​ ​ឬ​ ​បញ្ហា​ប្រឈម​នានា​ដែល​មាននៅ​ទីតាំង​នោះ​ ​ក្នុង​ពេល​បច្ចុប្បន្ន​ ​។​
​ការ​ស្គាល់​តំបន់​បាន​ច្បាស់លាស់​ ​អ្នក​នឹង​ដឹងពី​ស្ថានភាព​ទូទៅ​ ​ដូចជា​៖​ ​ដី​មាន​ជម្លោះ​ ​ដី​កម្មសិទ្ធិ​រដ្ឋ​ ​ដីសម្បទាន​ ​អសន្តិសុខ​ ​និង​តំបន់​មាន​ទឹកជំនន់​ជាដើម​។​ ​ដូចគ្នា​ដែរ​ ​សម្រាប់​សក្តា​នុ​ពល​វិញ​ ​អ្នក​អាច​ដឹងពី​ចំនួន​ប្រជាសាស្ត្រ​ ​តម្លៃ​ដីស​កម្ម​ភាព​សេដ្ឋកិច្ច​ ​ឬ​ ​ភាព​ងាយស្រួល​នៃ​ការរស់នៅ​ ​និង​ធ្វើដំណើរ​ជាដើម​ ​។​



​៥​.​ ​ត្រូវ​ដឹង​ថា​ ​នរណា​នឹង​ជួល​អចលនទ្រព្យ​របស់​អ្នក​
​បើ​អ្នក​ចង់​ទិញ​អចលនទ្រព្យ​ទុកដាក់​ជួល​ដើម្បី​បាន​ប្រាក​ចំណូល​ប្រចាំខែ​ ​ដំបូង​អ្នក​ត្រូវ​ដឹង​ថា​ ​តើ​អ្នក​ចង់បាន​អតិថិជន​ប្រភេទ​ណា​ ​ជា​អ្នក​ចំណូល​ទាប​ ​កម្មករ​រោងចក្រ​ ​សិស្ស​និស្សិត​ ​អ្នក​ប្រកប​អាជីវកម្ម​ ​បុគ្គលិក​ក្រុមហ៊ុន​ ​ឬ​ ​ជនបរទេស​។​ ​មនុស្ស​ទាំងនេះ​ ​មាន​តម្រូវការ​ខុសគ្នា​ ​ហើយ​ការ​ចំណាយ​របស់​ពួកគេ​ ​ក៏​មានកម្រិត​ខុសគ្នា​ផង​ដែរ​។​
​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​ជួល​នៅ​ភ្នំពេញ​ ​អ្នកជួល​មាន​តាម​លំ​ដាប់​ខុស​ៗ​គ្នា​ ​ដែល​មាន​ចាប់ពី​តម្លៃ​ក្រោម​ ​៥០ដុល្លារ​/​ខែ​ ​រហូតដល់​រាប់ពាន់​ដុល្លារ​ ​។​
​នៅពេល​ដឹងពី​អ្នកជួល​ ​អ្នក​អាច​សិក្សា​អំពី​និន្នាការ​ ​និង​អ​ត្ត​ចរិ​ក​របស់​អ្នកជួល​។​ ​ឧទារ​ណ៍​ ​បើ​អ្នក​ចង់​ជួល​អោយ​ជនបរទេស​ ​អ្នក​ត្រូវ​ទិញ​ផ្ទះនៅ​តំបន់​កណ្តាល​ក្រុង​ ​ហើយ​ផ្ទះ​ ​ត្រូវ​មាន​ដេរ​គ័រ​បែប​អឺរ៉ុប​ ​។​
​ក្រៅពី​នេះ​ ​ជនបរទេស​ ​និង​ខ្មែរ​ ​ក៏​មាន​និន្នាការ​រស់​នៅ​ផ្សេង​ៗ​គ្នា​ផង​ដែរ​។​ ​ដូច្នេះ​អ្នក​ត្រូវ​ដឹង​ថា​អចលនទ្រព្យ​របស់​អ្នក​ត្រូវ​ជួល​អោយ​អ្នកណា​ ​បន្ទាប់មក​អ្នក​នឹង​ដឹង​ថា​អ្វី​ដែល​ពួកគេ​ត្រូវការ​។​
​ជា​រួម​រាល់​ ​ការ​វិនិយោគ​ ​អ្នក​ត្រូវ​ធ្វើ​ទៅតាម​លទ្ធភាព​ជាក់ស្តែង​របស់​ខ្លួន​ ​ដោយ​ភ្ជាប់​មក​ជាមួយ​ ​កត្តា​វាយតម្លៃ​ ​ជា​មូលដ្ឋាន​ ​ដូច​បាន​បញ្ជាក់​ខាងលើ​ ​។​ ​ជា​ការណែនាំ​ ​អ្នក​ត្រូវ​មាន​ភាព​ច្បាស់លាស់​ ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ចំណេះដឹង​អំ​ទីផ្សារ​ ​ហើយ​ប្រសិនបើ​អ្នក​មិនទាន់​មាន​ភាព​ស៊ីជម្រៅ​នៅក្នុង​វិស័យ​នេះ​ទេ​ ​ការស្វែងរក​ការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ ​ជា​ជម្រើស​ដែល​មិន​អាច​ខ្វះ​បាន​ ​៕​



​ប្រភព​ ​៖​ ​https​:​/​/​www.realestate.com.kh​/​km​/​news​/​5​-​keys​-​to​-​know​-​when​-​buying​-​investment​-​real​-​estate​/​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម