Connect with us

ទីតាំងចំណតកំពង់ផែភ្នំពេញចាស់ ត្រូវបានជួលឲ្យក្រុមហ៊ុនឯកជន ក្នុងតម្លៃទឹកប្រាក់ជាង ១៦លានដុល្លារ

ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម និងចូលរួមអភិវឌ្ឍទីក្រុងតាមដងទន្លេ, កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប បានចុះហត្ថលេខាលើកិច្ចសន្យាស្ដីពី ការជួលដីរបស់កំពង់ផែស្វយ័តភ្នំពេញ ពីគល់ស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រី ដើម្បីអភិវឌ្ឍជា «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» ដែលមានតម្លៃជាង ១៦លានដុល្លារសហរដ្ឋអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ របស់កំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដែលមានកំណត់ក្នុង អនុក្រឹត្យលេខ ៣២ អនក្រ.បក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ដីពី ការធ្វើអនុបយោគទីតាំងដីបណ្ដោយទន្លេសាប ពីស្ពានជ្រោយចង្វារ មកដល់ផ្សាររាត្រី។

កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ជា «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate»នេះ រួមមាន៖ អគារបណ្ដុំការិយាល័យពាណិជ្ជកម្ម, មជ្ឈមណ្ឌលសិល្បៈ, ទីធ្លាសម្ដែងវប្បធម៌សិល្បៈ, ទីធ្លាសនបាញ់ទឹក, របាំទឹក និងផ្សារអណ្ដែតទឹក, សួនកំពង់ផែ, ទីធ្លាកម្សាន្ដ និងសួនច្បារសាធារណៈ, មជ្ឈមណ្ឌលទេសចរណ៍, រាជធានីភ្នំពេញដ៏ឆ្លាតវៃ,ការិយាល័យបច្ចេកវិទ្យា ,អគារស្នាក់នៅរួមបែបវប្បធម៌ ,អាគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ , សាលតាំងពិព័រណ៍ មជ្ឈមណ្ឌល បេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាល បែបវប្បធម៌ព្រះពុទ្ធសាសនា និងសកម្មភាពផ្សេងៗទៀត។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបន្ថែមថា កិច្ចសន្យាជួលនេះ មានរយៈពេល៥០ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០៦៨។ ប្រាក់ឈ្នូលលើការជួសដីនេះ គឺជាការបង់ប្រាក់ឈ្នួលផ្ដាច់តែម្ដង ចំនួន ១៦,៥០០,០០០ (ដប់ប្រាំមួយលាន ប្រាំរយពាន់) ដុល្លារអាមេរិក សម្រាប់រយៈពេល៥០ឆ្នាំ រួមបញ្ចូលទាំងអាករលើតម្លៃបន្ថែម (VAT) ចំនួន១០%។

កំពង់ផែស្វយ័តភ្នំពេញ បានលើកឡើងថា ជាមួយនឹងគម្រោងអភិវឌ្ឍន៍ «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» នេះ កំពង់ផែស្វយ័តភ្នំពេញ នៅតែបន្ដរក្សាមុខងារ ប្រតិបត្តិការរបស់ទីតាំងជួលខាងលើ ជាចំណតផែលើកដាក់ទំនិញ ចំណតផែទេសចរណ៍ជាតិ និងអន្ដរជាតិ។

លើសពីនេះ ក្រុមហ៊ុន យល់ព្រមចេញចំណាយផ្ទាល់ខ្លួនសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បី បម្រើឲ្យផលប្រយោជន៍សាធារណៈ ព្រមទាំងចូលរួមលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ រួមមាន៖ សាងសង់ច្រាំងទន្លេពីគល់ស្ពានជ្រោយចង្វារ មកដល់ផ្សាររាត្រី ដែលមានទឹកប្រាក់ ១៩លានដុល្លារ សាងសង់ផ្លូវថ្មើរជើង និងសម្រាប់រថយន្តធុនតូច ស្របមាត់ទន្លេពី គល់ស្ពានជ្រោយចង្វារ មកដល់ផ្សាររាត្រី ដែលមានទឹកប្រាក់ចំនួន ១១លានដុល្លារ។

ជាមួយគ្នានេះ ដើម្បីប៉ះប៉ូវផលប៉ះបាលដល់អាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុន ក៏នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ឲ្យមកកំពង់ផែស្វយ័តភ្នំពេញ ដែលមានទឹកប្រាក់ចំនួន ១១ លានដុល្លារ និងសាងសង់កំពង់ផែពហុបំណងថ្មីចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៣០លានដុល្លារផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម