Connect with us

គម្រោង​ថ្មី​មួយ​ ​នឹង​ជួយ​កម្ពុជា​ ​ដោះស្រាយ​ភាព​រិច​រិល​នៃ​បរិស្ថាន​ ​បញ្ហា​សំណល់​ ​និង​លទ្ធភាព​ទទួល​បាន​ថាមពល​ស្អាត​ ​តម្លៃ​សមរម្យ​

ភ្នំពេញ​ ​៖​ ​កម្ពុជា​ ​ចាប់ផ្តើម​អនុវត្ត​គម្រោង​ថ្មី​មួយ​ ​ដែល​មាន​រយៈពេល​ពីរ​ឆ្នាំ​ ​ក្នុង​គោលបំណង​ចូលរួម​ជ​ម្រុ​ញ​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​។​ ​គម្រោង​ថ្មីនេះ​ ​មាន​គោលដៅ​ផ្តល់​នូវ​ដំណោះ​ស្រាយ​ថ្មី​ៗ​ ​ដើម្បី​ដោះស្រាយ​ភាព​រិច​រិល​នៃ​បរិស្ថាន​ ​បញ្ហា​សំណល់​ដែល​កំពុង​កើនឡើង​ ​និង​លទ្ធភាព​ទទួល​បាន​ថាមពល​ស្អាត​ ​មាន​និរន្តរភាព​ ​និង​តម្លៃ​សមរម្យ​ ​។​


​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​លោក​ ​បណ្ឌិត​ ​ទិន​ ​ពន្លក​ ​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ​បាន​មានប្រសាសន៍​ថា​ ​«​ដោយមាន​ការឧបត្ថម្ភ​ពី​ប្រទេស​ស៊ុយអែត​ ​និង​មានការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ​(​UNDP​)​ ​គម្រោង​ថ្មីនេះ​ ​នឹង​សាកល្បង​អនុវត្ត​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ ​និង​បរិស្ថាន​ ​កាត់បន្ថយ​កាកសំណល់​ ​និង​ផ្តល់​ថាមពល​ស្អាត​មានតម្លៃ​សមរម្យ​»​ ​។​ ​
​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ជាមួយ​និង​ចំណូល​សរុប​របស់​ជាតិ​ក្នុង​ប្រជាជន​ម្នាក់​ ​កើនឡើង​ជាង​បួន​ដង​ ​ពី​ ​៣០០​ ​ដុល្លារ​ក្នុង​ឆ្នាំ២០០០​ ​ដល់​ ​១​ ​២៣០​ ​ដុល្លារ​ក្នុង​ឆ្នាំ២០១៧​ ​(​តម្លៃ​បច្ចុប្បន្ន​ ​ផ្អែក​តាម​ធនាគារពិភពលោក​)​។​
​នៅក្នុង​ដំណើរ​ឆ្ពោះទៅ​មុខ​ទៀត​ ​កម្ពុជា​ ​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​កិច្ច​អភិវឌ្ឍន៍​ ​ដើម្បី​បន្ត​ធានា​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ ​និង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​(​SDGs​)​។​ ​


​ដើម្បី​ធានា​និរន្ត​ភាព​ធនធាន​ធម្មជាតិ​នៃ​កម្ពុជា​ ​រាជរដ្ឋាភិបាល​ ​បាន​ពង្រីក​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​គ្របដណ្ដប់​រហូតដល់​ ​៤០​%​ ​នៃ​ផ្ទៃដី​ប្រទេស​សរុប​ ​។​ ​បញ្ហា​ប្រឈម​បន្ទាប់​នោះ​ ​គឺ​ ​ការ​រិះរក​មធ្យោបាយ​ ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ដ៏​ធំ​សំបើម​មួយ​នេះ​ ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ​។​ ​
​គម្រោង​នេះ​ ​មាន​គោលបំណង​ពង្រឹង​សិទ្ធិ​អំណាច​របស់​សហគមន៍​ជនបទ​ ​ដើម្បី​ឱ្យ​ពួកគេ​អាច​ចូលរួម​កាន់តែ​សកម្ម​នៅក្នុង​ការគ្រប់គ្រង​ធនធាន​នានា​ប្រកបដោយ​និរន្ត​ភាព​ ​និង​ខិត​ខំ​គៀរ​គរ​ធនធាន​ហិរញ្ញវត្ថុ​នានា​ ​ដើម្បី​ឱ្យ​មានការ​អភិរក្ស​ ​និង​ការ​ការពារ​ធនធាន​ធម្មជាតិ​ដ៏​មានតម្លៃ​ទាំងនេះ​ ​។​
​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​បរិមាណ​សំណល់រឹង​ ​បាន​ក្លាយជា​បញ្ហា​គួរ​ឱ្យ​ព្រួយបារម្ភ​នៅក្នុង​ទី​ក្រុង​ធំៗ​ ​។​ ​ឧទាហរណ៍​ ​នៅ​ទីក្រុង​ភ្នំពេញ​ ​មានការ​ផលិត​សំណល់​ជាង​ ​២​ ​៣០០​ ​តោន​ក្នុង​មួយថ្ងៃ​ ​ក្នុង​នោះ​ ​សំណល់​ ​៨០​%​ ​មាន​វត្ថុធាតុ​ ​ដែល​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន​។​ ​
​ទោះជាយ៉ាងណា​ក៏ដោយ​ ​ការគ្រប់គ្រង​សំណល់​នា​ពេល​ច្ចុ​ប្ប​ន្ន​ ​ផ្តោត​សំខាន់​តែ​លើ​ការ​ប្រមូល​ ​និង​ការ​បោះចោល​សំណល់​តែប៉ុណ្ណោះ​ ​ពោល​ ​គឺ​ពុំ​មានការ​បែងចែក​សំណល់​ទៅតាម​ប្រភេទ​ ​ការកែច្នៃ​ ​ឬ​ ​ការប្រើ​ប្រាស់​សំណល់​ឡើងវិញ​នោះ​ទេ​។​ ​


​តាមរយៈ​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​ទស្សនទាន​ ​«​សេដ្ឋ​កិ​ច្ច​ចក្រា​»​ ​គម្រោង​នេះ​ ​នឹង​ផ្ស​ព្ធ​ផ្សាយ​អំពី​អភិ​ក្រម​ថ្មី​ៗ​សម្រាប់​អ្នក​ផលិត​ ​និង​អ្នកប្រើ​ប្រាស់​ក្នុង​ការ​បដិសេធ​កាត់បន្ថយ​ ​ប្រើ​ឡើងវិញ​ ​និង​កែច្នៃ​សំណល់​ ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ ​និង​បង្កើត​ឱកាស​សេដ្ឋ​កិ​ច្ច​ថ្មី​ៗ​។​ ​អភិក្រម​ទាំងនេះ​ ​រួមមាន​ ​ការ​លើកកម្ពស់​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​និង​ជ​ម្រើ​សបំ​លែង​សំណល់​ទៅ​ថាមពល​ ​បទ​បញ្ញា​ត្តិ​ថ្មី​ៗ​ដើម្បី​លើកកម្ពស់​ការកែច្នៃ​ឡើងវិញ​ ​និង​ការ​ប្រាស្រ័យ​ទាក់ទង​ជា​យុទ្ធ​សាស្រ្ត​ប្រឆាំង​នឹង​ការប្រើ​ប្រាស់​ប្លាស្ទិក​។​
​ក្រៅពី​នេះ​ ​គម្រោង​ ​នឹង​ជួយ​ឱ្យ​កម្ពុជា​ ​ក្នុង​ការកាត់បន្ថយ​គម្លាត​នៃ​ការ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ ​និង​ខិតខំ​ពង្រីក​បណ្តាញ​អគ្គីស​នី​ទៅដល់​ប្រជាពលរដ្ឋ​តាម​ជនបទ​ដាច់​ស្រ​យ៉ា​ល​ ​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ប្តេជ្ញា​ធ្វើ​ពង្រីក​បណ្តាញ​អគ្គិសនី​ឱ្យ​បាន​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​ ​២០២០​ ​និង​តភ្ជាប់​ចរន្ត​អគ្គិសនី​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ ​៧០​%​ ​ពី​បណ្តាញ​អគ្គិសនី​រដ្ឋ​នៅ​ត្រឹម​ឆ្នាំ​ ​២០៣០​។​ ​គម្រោង​នេះ​ ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​សក្តា​នុ​ពល​នៃ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​តាមរយៈ​ការ​លុបបំបាត់​នូវ​របាំង​គោលនយោបាយ​ ​របាំង​បច្ចេកទេស​ ​និង​របាំង​ហិរញ្ញវត្ថុ​ ​ក្នុង​គោលបំណង​ផ្តល់​ឱ្យ​ព្រ​ជា​ពលរដ្ឋ​គ្រប់រូប​នូវ​អគ្គិសនី​ប្រើប្រាស់​ ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ ​និង​មានតម្លៃ​សមរម្យ​ ​ជាពិសេស​សម្រាប់​សហគមន៍​ដាច់ស្រយាល​ ​ដែល​ពុំ​អាច​ភ្ជាប់​ជាមួយនឹង​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ​បាន​។​


​អ្នកតំណាង​កម្មវិធី​អ​ភិ​វ​ឌ្ឈ​ន៍​សហប្រជាជាតិ​ ​លោក​ ​Nick​ ​Beresford​ ​បាន​មានប្រសាសន៍​ថា​ ​៖​ ​«​សេដ្ឋ​កិ​ច្ច​ចក្រា​ ​ជាមួយនឹង​ការប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កាន់តែ​ច្រើនជាង​មុន​ ​និង​ការ​ការពារ​កាន់​តែ​ប្រសើ​ឡើង​ដល់​ធនធាន​ធម្មជាតិ​ ​គឺជា​វិធី​មួយ​ ​ដែល​កម្ពុជា​អាច​បន្ត​សម្រេច​នូវ​វឌ្ឍនភាព​យ៉ាង​ឆាប់រហ័ស​ ​ដើម្បី​ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​។​ ​ប៉ុន្តែ​ត្រូវ​សម្រេច​គោលដៅ​នេះ​ ​តាម​បែបផែន​ដែល​ប្រកបដោយ​និរន្តរភាព​ ​និង​មាន​សមិទ្ឋិ​ផល​កាន់តែ​ប្រសើរ​ខាង​ផ្នែក​សុខុមាលភាព​ ​និង​សង្គម​»​ ​។​ ​
​លោក​ ​បាន​បន្ថែម​ទៀត​ថា​ ​«​ថ្មី​ៗ​នេះ​ ​ប្រទេស​ដែល​ទើប​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​ជាច្រើន​ ​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ចំណាយ​ ​និង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ជាច្រើន​ ​ខណៈ​ដែល​បណ្តា​ប្រទេស​ទាំងនោះ​ព្យាយាម​ដោះស្រាយ​ផល​ប៉ះពាល់​បរិស្ថាន​ ​ដែល​បណ្តាល​មក​ពី​កំណើន​សេដ្ឋកិច្ច​មាន​ល្បឿន​លឿន​ ​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​បញ្ហា​នេះ​អាច​ជៀសវាង​បាន​ ​ប្រសិនបើ​គេ​អនុវត្ត​សកម្មភាព​កែតម្រូវ​នា​ពេល​បច្ចុប្បន្ន​នេះ​»​។​
​ដោយឡែក​ ​លោកស្រី​ ​Maria​ ​Sargren​ ​អគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​«​រដ្ឋាភិបាល​ស៊ុយអែត​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់​ ​ក្នុង​ការ​គាំទ្រ​គម្រោង​នេះ​ ​ខណៈ​ដែល​យើង​ខិតខំ​ជ​ម្រុ​ញ​ឱ្យ​មានការ​ប្រើប្រាស់​អភិក្រម​ដែល​មាន​លក្ខណៈ​នវានុវត្តន៍​ ​ដើម្បី​ធានា​និរន្តរភាព​ធនធាន​ធម្មជាតិ​ ​អភិវឌ្ឍ​សេដ្ឋ​កិ​ច្ច​ចក្រា​ ​និង​ពង្រីក​លទ្ធភាព​ទទួល​បាន​ថាមពល​ ​ដើម្បី​ជួយ​ឱ្យ​កម្ពុជា​បោះ​ជំ​ហ៊ាន​ឆ្ពោះទៅ​រក​ការសម្រេច​បាន​និរន្តរភាព​បរិស្ថាន​»​៕​

    Loading...

    ពេញនិយម