ក្រុមហ៊ុននាំចេញម្រេចកំពតកើនដល់២៩នៅឆ្នាំ២០១៨
សមាគមលើកកម្ពស់ម្រេចកំពតបានបង្កើនដៃគូធ្វើជំនួញម្រេចកំពតរហូតដល់ ២៩ ក្រុមហ៊ុន ដើម្បីពង្រឹងតម្លៃនិងប្រសិទ្ធភាពក្នុងការចែកចាយទៅកាន់ទីផ្សារ ខណៈទិន្នផលម្រេចកំពតដែលជាផលិតផលទទួលបានវិញ្ញាបនបត្រផលិតផលសំគាល់ភូមិសាស្រ្តដំបូងគេបំផុតនេះកាន់តែមានកើនឡើង។
កាលពីឆ្នាំ២០១៧ កន្លងទៅ សមាគមលើកកម្ពស់ម្រេចកំពត បានចាប់ដៃគូផ្គត់ផ្គង់ម្រេចកំពតដល់ក្រុមហ៊ុនតែចំនួន២១ ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៨នេះ សមាគមនេះបានសហការចាប់ដៃគូជាមួយក្រុមហ៊ុនរហូត២៩ ក្នុងការលក់ចែកចាយម្រេចកំពតទៅកាន់ទីផ្សារជាតិនិងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំសមាគមលើកកម្ពស់ម្រេចកំពត។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានអះអាងថា ការបញ្ជាទិញម្រេចកំពតហាក់មានចរន្តមិនសូវល្អកាលពីឆ្នាំមុន ដែលបណ្តាលឲ្យម្រេចកំពតសល់នៅក្នុងស្តុកប្រមាណជា៣០តោនក្នុងចំណោមទិន្នផលដែលសម្រេចបានប្រមាណ១០០តោន។
កតា្តនេះបណ្តាលឲ្យសមាគមបង្កើនដៃគូពាណិជ្ជកម្ម ដើម្បីធានាប្រសិទ្ធភាពក្នុងការនាំចេញផលិតផលម្រេចទៅកាន់ទីផ្សារ ជាពិសេសបំផុតគឺទីផ្សារអន្តរជាតិតែម្តង។
លោក ងួន ឡាយ បញ្ជាក់ថា តាមការសិក្សាទីផ្សារក្នុងពេលកន្លងមក ទីផ្សារខាងក្រៅនៅតែត្រូវការផលិតផលម្រេចកំពត និង ជឿជាក់លើគុណភាពម្រេចកំពត។
សម្រាប់ឆ្នាំនេះ ទិន្នផលម្រេចកំពត គ្រោងនឹងប្រមូលផលបានប្រមាណតិចជាង១០០តោន ប៉ុន្តែបូកបន្ថែមនឹងទិន្នផលសល់ពីឆ្នាំមុន ម្រេចកំពតសម្រាប់លក់ទៅកាន់ទីផ្សារមានជាង១០០តោន ។
ទិន្នផលម្រេចកំពតក្នុងឆ្នាំ២០១៨នេះបានធ្លាក់ចុះយ៉ាងច្រើន បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ពោលគឺមានរបបទឹកភ្លៀងល្អ ប៉ុន្តែអាកាសធាតុបែជាក្តៅខុសប្លែកពីឆ្នាំកន្លងទៅ ដែលធ្វើឲ្យម្រេច ចេញផ្កា ប៉ុន្តែមិនកាន់ផ្លែ។
ចាប់ពីចុងខែមករា រហូតដល់ចុងខែឧសភា គឺជារដូវប្រមូលផលម្រេច ប៉ុន្តែឆ្នាំ២០១៨ ការប្រមូលផលអូសបន្លាយរហូតដល់ខែកក្កដានៅមិនទាន់ចប់ផង ដែលរហូតដល់ពេលនេះ ការប្រមូលផលបានប្រមាណជា ៦០%ប៉ុណ្ណោះ។ នេះបើតាមលោក ងួន ឡាយ
កាលពីឆ្នាំ២០១៦ ម្រេចហុចផល បានប្រមាណ៨០តោន។
បើតាមលោក ងួន ឡាយ ម្រេចខ្មៅ មានតម្លៃ១៥ដុល្លារ ក្នុងមួយគីឡូក្រាម ម្រេចក្រហមមានតម្លៃ ២៥ដុល្លារ និងម្រេចស តម្លៃ២៨ដុល្លារក្នុងមួយគីឡូក្រាម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍