ក្រសួងធនធានទឹក កំពុងសម្រុកជីកអណ្តូង និងស្តារប្រឡាយទឹក ដើម្បីដោះស្រាយកង្វះទឹកនៅខេត្តមួយចំនួន
ភ្នំពេញ ៖ ក្រសួងធនធានទឹក កំពុងតែដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់នៅតាមបណ្តាខេត្តជាច្រើន តាមរយៈការជីកអណ្តូង ជីកស្រះ និងស្តារប្រឡាយមេទឹកមួយចំនួន ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក អោយដឹងថា ក្រុមការងារក្រសួង រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងប្រឹងប្រែងតាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹកនេះ តាមរយៈការជីកអណ្ដូង ជីកស្រះ ស្ដារប្រព័ន្ធប្រឡាយមេទឹក ព្រែក ស្ទឹង មួយចំនួន ដើម្បីនាំទឹកទៅកាន់តំបន់ដែលខ្វះទឹក ។ បើតាមក្រសួងធនធានទឹក បញ្ហាកង្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំងឆ្នាំនេះ បានកំពុងកើតឡើង នៅខេត្តព្រះសីហនុ ខ្លាំងជាងគេ និងបន្ទាប់មកគឺ ខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ ព្រៃវែង កោះកុង កំពត និងខេត្តស្ទឹងត្រែង ក៏កំពុងប្រឈមចំពោះបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ផងដែរ ។
បើតាមលោក ចាន់ យុត្ថា បានបញ្ជាក់ថា ការជីកអណ្ដូងយកប្រភពទឹកពីក្រោមដី គឺជាមធ្យោបាយមួយ ដែលកំពុងតែអនុវត្តនៅតាមតំបន់មួយចំនួន ។ ប៉ុន្តែតំបន់ខ្លះទៀត ក៏មិនអាចជីកអណ្ដូងបានទេ ដូចជា នៅស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ក្នុងខេត្តបាត់ដំបង ដែលតម្រូវអោយប្រើមធ្យោបាយជីកប្រឡាយមេ ដើម្បីនាំទឹកពីស្រុករុក្ខគិរី ទៅជួយដល់តំបន់នោះវិញ ។ កាលពីថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវជាថ្មីម្ដងទៀតដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេស ក្នុងខេត្តព្រះសីហនុ ដែលសូម្បីតែនៅមន្ទីរពេទ្យបង្អែកខេត្ត ក៏គ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរនៅគ្រប់ទីកន្លែងទាំងអស់ ត្រូវយកចិត្តទុកដាក់ជីកអណ្ដូង ប្រសើរជាងដឹកទឹកពីចម្ងាយ ដោយ សម្តេច បានបញ្ជាក់ថា បើទោះបី ជីកអណ្ដូងជ្រៅបន្តិច តែការប្រើប្រាស់ការជីកអណ្ដូង គឺជាមធ្យោបាយដែលល្អ ។
គួររម្លឹកថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹក កាលពីថ្ងៃទី ១៧ ខែមករា ដោយបានធ្វើការណែនាំ ថា ការងារបង្កបង្កើនផលស្រូវប្រាំងនៅក្នុងឆ្នាំ ២០១៩ នេះ គឺអាចធ្វើបានតែមួយដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីជា ទឹកនៅតាមបណ្ដាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ ។
សម្តេចតេជោ ក៏បានណែនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះរហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍