គណៈកម្មការទន្លេមេគង្គ ផ្ដល់រង្វាន់ដល់ជ័យលាភីនៃការប្រកួតនិពន្ធរឿងខ្លី ដើម្បីអបអរសាទរគុណតម្លៃរួមរបស់ទន្លេមេគង្គ, លើកកម្ពស់ផែនការ និងការគ្រប់គ្រងប្រកបដោយបរិយាបន្ន
ទីក្រុងវៀងចន្ទ ប្រទេសឡាវ ៖ គណៈកម្មការទន្លេមេគង្គ បានផ្ដល់រង្វាន់ដល់ជ័យលាភីក្នុងការប្រកួត និពន្ធរឿងខ្លី ដើម្បីអបអរសាទរគុណតម្លៃ និងធនធានរួមរបស់ទន្លេមេគង្គ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការសម្របសម្រួលការរៀបចំផែនការ និងការគ្រប់គ្រងតំបន់អាងទន្លេនេះ។
ជ័យលាភី រួមមានពលរដ្ឋមកពីប្រទេសជាប់ទន្លេមេគង្គចំនួន ៥ រូប ដែលត្រូវបានជ្រើសរើសពីបេក្ខជនមួយក្រុមមានគ្នាជាង ៣០០ នាក់ ដែលបានចូលរួមក្នុងការប្រកួតប្រជែងសំណេរនេះ ជាមួយនឹងសំណួរ “តើទន្លេមេគង្គមានន័យយ៉ាងដូចម្តេចចំពោះអ្នក?”។ ពលរដ្ឋខ្មែរទទួលបានចំណាត់ថ្នាក់លេខ ១ និងលេខ ៤ ជាមួយនឹងរង្វាន់ ៣០០ ដុល្លារ សម្រាប់ជ័យលាភីលេខ ១ និង ៥០ ដុល្លារ សម្រាប់ជ័យលាភីលេខ ៤។ ពលរដ្ឋមកពីប្រទេសថៃ ទទួលបានជ័យលាភីលេខ ២, វៀតណាមទទួលបានជ័យលាភីលេខ ៣ និងពីប្រទេសឡាវទទួលបានជ័យលាភីលេខ ៥ ដោយពួកគេម្នាក់ៗទទួលបានប្រាក់ ៥០ ដុល្លារ។ ជ័យលាភី ៧ នាក់ផ្សេងទៀត ទទួលរង្វាន់ជាជ័យលាភីបម្រុង និងបានទទួលប័ណ្ណសរសើរ។
ជ័យលាភីទាំងនេះ បានលើកឡើងពីគុណតម្លៃរួមនៃទន្លេមេគង្គ និងតួនាទីដ៏សំខាន់របស់គណៈកម្មការទន្លេមេគង្គ ខណៈពេលពេលពួកគេមកទទួលរង្វាន់នៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ក្នុងទីក្រុងវៀងចន្ទ។
កញ្ញា អ៊ឹង អ៊ុយលីម និស្សិតមកពីវិទ្យាស្ថានភាសាបរទេសនៃប្រទេសកម្ពុជា ដែលឈ្នះរង្វាន់លេខ ១ បាននិយាយថា “ទន្លេមេគង្គ គឺជាប្រភពនៃជីវិត ដែលប្រៀបបានទៅនឹងទឹកអម្រិត។ ទន្លេនេះផ្ដល់អាហារដល់មនុស្សរាប់លាននាក់ និងអាចដំណើរការទៅបានប្រកបដោយនិរន្តរភាព តែតាមរយៈការបំពេញតួនាទីរបស់ស្ថាប័ន ដូចជា MRC ប៉ុណ្ណោះ”។
“ទន្លេមេគង្គជួយជំរុញសេដ្ឋកិច្ចរបស់តំបន់នេះ និងផ្ដល់ការទំនុកបម្រុងដល់ជីវិត។ ទន្លេនេះដូចជាសរសៃឈាម ដែលពោរពេញដោយសារធាតុចិញ្ចឹម ជួយទ្រទ្រង់ជីវិតគ្រប់សរីរាង្គទាំងអស់។ ខ្ញុំមិនអាចស្រមៃឃើញអំពីអ្វីដែលនឹងកើតមានឡើងនោះឡើយ ប្រសិនបើពុំមានគណៈកម្មការទន្លេមេគង្គនោះទេ” នេះបើតាមសម្ដីរបស់កញ្ញា Souliphone Dalavong ជ័យលាភីលេខ ៥ មកពីប្រទេសឡាវ ក្នុងពិធីនេះ ដែលមានការចូលរួមពីមនុស្សជាង ៨០ នាក់ នៅក្នុងនោះមាននិស្សិត និងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជាតិឡាវ និងបុគ្គលិកលេខាធិការដ្ឋាន MRC ផងដែរ។
ពេលផ្ដល់រង្វាន់ដល់ជ័យលាភីក្នុងពិធីនេះ នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC លោក ផាំ ទាន់ ផាន (Pham Tuan Phan) បានមានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ចំពោះគុណតម្លៃ ដែលបេក្ខជនចូលរួមក្នុងការប្រកួតប្រជែងនេះ ផ្ដល់ដល់ទន្លេ និងទំនាក់ទំនងដ៏ជិតស្និទ្ធដែលពួកគេមានជាមួយនឹងទន្លេនេះ។
លោក ផាំ បានមានប្រាសាសន៍ថា “តាមរយៈរឿងរ៉ាវរាប់រយនេះ ខ្ញុំបានឃើញពីសារៈសំខាន់នៃទន្លេមេគង្គ និងទំនាក់ទំនងដ៏ជិតស្និទ្ធ ដែលប្រជាជនទូទៅមានជាមួយទន្លេនេះ។ ប្រការនេះ ជំរុញលើកទឹកចិត្តដល់យើងទាំងអស់គ្នា និងប្រាប់យើងទាំងអស់គ្នាពីមូលហេតុដែលកិច្ចសហប្រតិបត្តិការរបស់យើងមានសារៈសំខាន់ ក្នុងការការពារ និងអភិវឌ្ឍន៍ទន្លេនេះ ប្រកបដោយការទទួលខុសត្រូវ និងសំខាន់ជាងគេនោះ គឺមូលហេតុដែល MRC គឺជាស្ថាប័នដ៏សំខាន់”។
ដៃគូអភិវឌ្ឍន៍របស់ MRC ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ បានចូលរួមជាមួយនឹងការវាយតម្លៃរបស់លោកនាយកប្រតិបត្តិ។ លោក អ៊ុនហឿន សៃយ៉ាសិទ្ធ (Ounheuan Saiyasith) មកពីស្ថានទូតអូស្រ្តាលី ប្រចាំទីក្រុងវៀងចន្ទ បានមានប្រសាសន៍ថា លោកមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានស្ដាប់ឮពីការផ្ដល់សារៈសំខាន់ដល់ទន្លេនេះ ពីសំណាក់ជ័យលាភី និងអ្នកចូលរួមប្រកួតប្រជែងដ៏ច្រើននាក់បែបនេះ។
“សំណេររឿងដែលជ័យលាភីលើកឡើងទាំងនេះ ផ្ដល់នូវភាពកក់ក្ដៅ និងធ្វើឱ្យការងាររួមរបស់យើងកាន់តែមានភាពរស់រវើក។ ដើម្បីការពារគុណតម្លៃនេះ និងដើម្បីខិតខំធ្វើឱ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន មិនមែនជាការងារងាយស្រួលនោះឡើយ។ MRC សមនឹងទទួលបានការគាំទ្រឱ្យបានច្រើន តាមដែលអាចធ្វើបាន។”
ការប្រកួតនិពន្ធរឿងខ្លី ដែលដំណើរការកាលពីដើមឆ្នាំនេះ បើកចំហចំពោះប្រជាពលរដ្ឋ និងអ្នកដែលរស់នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម គ្រប់វ័យទាំងអស់។ ការប្រកួតប្រជែងនេះមានគោលបំណងអបអរសាទរទិវាមេគង្គ ជាថ្ងៃដែលកិច្ចព្រមព្រៀងមេគង្គ ត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ ១៩៩៥ និងដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការសម្របសម្រួលរៀបចំផែនការ និងគ្រប់គ្រងតំបន់អាងទន្លេមេគង្គ។ អ្នកចូលរួមក្នុងការប្រកួតប្រជែង ត្រូវបានស្នើឱ្យសរសេរជាសំណេរជាភាសាអង់គ្លេស ឬភាសាជាតិរបស់ពួកគេ មិនឱ្យលើសពី ៦០ ពាក្យ។
សំណេរដែលទទួលបានជ័យលាភីទាំង ១២ ត្រូវបានដាក់តាំងបង្ហាញក្នុងសន្និសីទអន្តរជាតិរបស់ MRC ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ និងក្នុងអំឡុងទិវាមេគង្គ និងបានបង្ហាញជូនថ្នាក់ដឹកនាំមកពីប្រទេសជាប់ទន្លេមេគង្គ ក្នុងកិច្ចប្រជុំកំពូលលើកទី ៣ របស់ MRC។ អត្ថបទទាំងនេះ ក៏នឹងបង្ហាញក្នុងផលិតផលផ្សេងទៀតរបស់ MRC ផងដែរ។
នេះគឺជាការប្រកួតប្រជែងសំណេរថ្នាក់តំបន់លើកទី ១ ដែលរៀបចំដោយ MRC បន្ទាប់ពីការរៀបចំពិពណ៌រូបថតលើកទី ១ របស់គណៈកម្មការនេះ កាលពីចុងឆ្នាំមុន និងមានរូបថតចូលរួមចំនួន ១៦៥ សន្លឹក ដោយអ្នកថតរូបមិនមែនអាជីពចំនួន ៤២ នាក់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍