ខេត្តកំពត កំពូលដួងចិត្ត ពេលនេះ កំពុងទាក់ទាញវិនិយោគិនជប៉ុនបណ្តើរៗហើយ!
កំពត ៖ ខេត្តកំពត ជាខេត្តមួយដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ស្ទើរតែគ្រប់ទិសទីឱ្យទៅលេងកំសាន្ត ដោយសារតែខេត្តមួយនេះ មានអំណោយផលផ្នែកធម្មជាតិ ដោយមានទាំងភ្នំ ព្រែក សមុទ្រ និងព្រៃលិចទឹកជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ការធ្វើដំណើរត្រឹមតែពី២ ទៅ៣ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញ។
បើយោងតាមគេហទំព័រ www.realestate.com.kh បានសរសេរថា ភាពស្ងប់ស្ងាត់អមទៅដោយធម្មជាតិ ជាមួយនឹងសំណង់អគារបុរាណដែលសល់ពីជំនាន់អាណានិគមបារាំង បានធ្វើឱ្យខេត្តកំពត ក្លាយជាតំបន់ដែលកំពុងតែមានសក្តានុពលបំផុត នៅក្នុងការវិនិយោគទៅលើវិស័យដែលពាក់ព័ន្ធទៅនឹងទេសចរណ៍ ដូចជា សណ្ឋាគារ រីហ្សត រមណីយដ្ឋាន ភោជនីយដ្ឋាន រឺសេវាកម្មទេសចរណ៍ ជាដើម។
ដោយមើលឃើញពីឪកាសដ៏កម្រនេះ មានអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកជាច្រើនបានចាប់យកខេត្តដ៏តូចច្រឡឹងនេះ មកអភិវឌ្ឍន៍តាមជំនាញរៀងៗខ្លួន។
ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅនេះ មានក្រុមអ្នកវិនិយោគិនជប៉ុន ទើបតែបានចូលជួបជាមួយនឹងលោក ជាវ តាយ អភិបាលខេត្តកំពត និងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគទៅលើការសាងសង់សណ្ឋាគារ និង បឹងកាឡូ នៅក្នុងខេត្តនេះ។
គម្រោងនេះ នឹងធ្វើឡើងលើដីទំហំ សរុប ៤ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រើយកោះ ដែលជាទីតាំងពេញនិយមបំផុត សម្រាប់សាងសង់សំណង់ប្រភេទសណ្ឋាគារ រីហ្សត ឬ បឹងកាឡូ ជាដើម ។
ទន្ទឹមនឹងនេះ បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថាគម្រោងវិនិយោគរបស់ជប៉ុននេះ គឺពិតជាមានប្រាកដមែន ប៉ុន្តែទាក់ទិននឹងថា តើគម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃណា ឬ នឹងចំណាយទុនសរុបប៉ុន្មាន នៅមិនទាន់ប្រាកដនោះទេ ។
លោកបន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុនវិនិយោគជប៉ុន ប្រហែលជាកំពុងតែធ្វើការសិក្សាទៅលើគម្រោងទាំងមូលនៅឡើយ ទើបមិនទាន់មានការបញ្ជាក់អ្វីផ្សេងក្រៅពីនេះ ។
លោក សយ ស៊ីណុល មានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា គម្រោងនេះ នឹងនាំមកនូវការអភិវឌ្ឍន៍ និងចំណូលកាន់តែច្រើន ដើម្បីជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានភាពប្រសើរឡើង ។
ក្រៅពីនេះ លោក មានក្តីរំពឹងចង់ឱ្យមានអ្នកវិនិយោគផ្សេងៗ ជាពិសេស គឺ វិនិយោគិនជប៉ុនជាច្រើនទៀត ឱ្យមកចូលវិនិយោគនៅលើវិស័យទេសចរណ៍ និងធុរកិច្ចនេះបន្ថែមទៀត ។
គូសបញ្ជាក់ផងដែរថា តាំងពីខេត្តព្រះសីហនុ មានកំណើនជនជាតិចិនកើនឡើងមក ខេត្តកំពតបានជំនួសតំណែងខេត្តព្រះសីហនុ ដើម្បីទទួលយកភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពោល គឺនៅក្នុងឆ្នាំ២០១៨ មានចំនួនភ្ញៀវជាតិ និងអន្តរជាតិ រហូតដល់ទៅ ១.៨ លាននាក់ ឯណោះ ៕
ប្រភព៖ https://www.realestate.com.kh/km/news/Kampot-attracts-Japanese-investment/

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍