ការដា្ឋនសាងសង់ព្រលានយន្តហោះសៀមរាប តម្លៃជាង ៩០០លានដុល្លារ នឹងត្រូវបើកការដ្ឋាន នាពេលឆាប់ៗខាងមុខ!
សៀមរាប ៖ កំណើននៃការអភិវឌ្ឍន៍ ការវិនិយោគ និងភ្ញៀវទេសចរណ៍ ដែលចូលមកកាន់ប្រទេសកម្ពុជា ជាពិសេស តំបន់ប្រវត្តិសាស្ត្រអង្គរ កាន់តែមានការកើនឡើងពីមួយឆ្នាំទៅឆ្នាំ ដែលតម្រូវឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីបម្រើឱ្យប្រជាជន អ្នកវិនិយោគ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកាន់ខេត្តសៀមរាប ។
ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលកំពុងតែទទួលអ្នកដំណើរមកពីគ្រប់ទិសទី ក៏ត្រូវការអភិវឌ្ឍន៍ និងពង្រីកបន្ថែមផងដែរ ដើម្បីបង្កើននូវគុណភាពសេវាកម្ម ក៏ដូចជាវិសាលភាព ក្នុងការទទួលយកអ្នកដំណើរឱ្យបានកាន់តែច្រើន ។ បើយោងតាមការចេញផ្សាយដោយគេហទំព័រ www.realestate.com.kh នាពេលឆាប់ៗនេះ ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការដោយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នេះបើតាមការបង្ហើបពីលោក ជា អូន អ្នកនាំពាក្យ និង ជារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
បច្ចុប្បន្ននេះ គម្រោងសាងសង់ព្រលានយន្តហោះនៅទឹកដីអង្គរ កំពុងស្ថិតក្រោមការរៀបចំផែនការ និងការដ្ឋាននៅឡើយ ខណៈដែលគម្រោងមួយនេះ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៩០០លានដុល្លារអាមេរិច ។
ព្រលានយន្តហោះនេះ ជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលអាចឱ្យយន្តហោះខ្នាតធំៗ ចុះចតបាន ។ ដូច្នេះ ការសាងសង់ព្រលានយន្តហោះនេះ នឹងជួយបង្កើនលំហូរចូលនៃភ្ញៀវទេសចរ និងវិនិយោគមកពីក្រៅប្រទេស បានកាន់តែច្រើនជាងមុនទៀត ពោលគឺអាចហោះមកកាន់ខេត្តសៀមរាបបានតែម្តង ដោយមិនចាំបាច់ចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះទេ។
ព្រលានយន្តហោះសៀមរាបថ្មី គ្រោងនឹងសាងសង់លើផ្ទៃដីទំហំ ៧០០ហិកតា ដែលស្ថិតនៅ ស្រុកសូទ្រនិគម ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីតំបន់អង្គរ ។
នេះជាដំណឹងល្អមួយសម្រាប់កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ ដែលនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង ព្រោះព្រលានយន្តហោះថ្មីនេះ នឹងបង្កើនសកម្មភាពសេដ្ឋកិច្ចរបស់ខេត្តនេះ ឱ្យកាន់តែរីកចម្រើន និងបង្កើតការងារ និងប្រាក់ចំណូលជាតិ និងប្រជាជន ឱ្យកាន់តែច្រើនជាងមុន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍