អាកាសធាតុ ឡើងក្តៅខ្លាំងនៅខែមេសា និងឧសភា ជាគ្រោះធម្មជាតិអាក្រក់បំផុត សម្រាប់កម្ពុជា ក្នុងរយៈពេលជាង ១០០ឆ្នាំ
ភ្នំពេញ ៖ ក្រសួងសា្ថប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បានកំពុងចុះអន្តរាគមន៍តាមជំនាញរបស់ខ្លួនជាបន្តបន្ទាប់ សម្រាប់គ្រោះរាំងស្ងួត និងការខ្វះខាតទឹក នៅតាមតំបន់ជាច្រើន រួមទាំងការដាក់ចេញវិធានការត្រៀមសម្រាប់ខែមេសា និងឧសភា ខាងមុខនេះ ដែលត្រូវបានព្យាករថា សីតុណ្ហភាព នឹងឡើងដល់ជាង ៤០អង្សាសេ។
កាលពីឆ្នាំ២០១៦ កម្ពុជា ក៏ធ្លាប់ជួបប្រទះនឹងបញ្ហាការកើនឡើងសីតុណ្ហភាពនេះផងដែរ ដែលពេលនោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានហៅបាតុភូត អែលនីណូ ពេលនោះ ថាជា គ្រោះធម្មជាតិអាក្រក់បំផុត ដែលបានវាយប្រហារមកលើប្រទេសកម្ពុជា ក្នុងរយៈពេល ១០០ ឆ្នាំ ។
ប៉ុន្តែបើតាមអ្នកវិទ្យាសាស្ត្រ បានព្យាករថា ឆ្នាំ២០១៩នេះ នឹងមិនមានភាពធ្ងន់ធ្ងរដូចឆ្នាំ ២០១៥‑២០១៦ នោះទេ ។ ទោះយ៉ាងណាក្តី ក្រសួងបរិស្ថាន បានស្នើឲ្យកសិករកម្ពុជា ផ្អាកការដាំដុះអំឡុងពេលមានភាពរាំងស្ងួត នៅក្នុងឆ្នាំនេះ ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជារៀងរាល់ឆ្នាំ កសិករតែប្រមូលផលដំណាំ ២-៣ ដង ក្នុង ១ឆ្នាំ ។ ប៉ុន្តែដោយសារតែផលប៉ះពាល់ពីបាតុភូត អែល នីណូ នៅក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាកសិករកុំឲ្យដាំដំណាំក្នុងអំឡុងពេលនេះ ។
លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន សហការជាមួយក្រសួងធនធានទឹក បាននិងកំពុងចែកចាយជី និងទឹកដល់សហគមន៍ដែលរងគ្រោះដោយសារភាពរាំងស្ងួត។
ដោយឡែក កាលពីថ្ងៃម្សិលមិញ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម អោយដឹងថា ក្រុមការងារក្រសួង រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងប្រឹងប្រែងតាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹកនេះ តាមរយៈការជីកអណ្ដូង ជីកស្រះ ស្ដារប្រព័ន្ធប្រឡាយមេទឹក ព្រែក ស្ទឹង មួយចំនួន ដើម្បីនាំទឹកទៅកាន់តំបន់ដែលខ្វះទឹក ។
បើតាមក្រសួងធនធានទឹក បញ្ហាកង្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំងឆ្នាំនេះ បានកំពុងកើតឡើង នៅខេត្តព្រះសីហនុ ខ្លាំងជាងគេ និងបន្ទាប់មកគឺ ខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ ព្រៃវែង កោះកុង កំពត និងខេត្តស្ទឹងត្រែង ក៏កំពុងប្រឈមចំពោះបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ផងដែរ ។
គួររម្លឹកថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹក កាលពីថ្ងៃទី ១៧ ខែមករា ដោយបានធ្វើការណែនាំ ថា ការងារបង្កបង្កើនផលស្រូវប្រាំងនៅក្នុងឆ្នាំ ២០១៩ នេះ គឺអាចធ្វើបានតែមួយដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីជា ទឹកនៅតាមបណ្ដាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ ។
សម្តេចតេជោ ក៏បានណែនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះរហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍