តើវាសនារបស់ក្រុមហ៊ុនផលិតយន្ដហោះ Boeing របស់សហរដ្ឋអាមេរិកនឹងទៅជាយ៉ាងណា?
អន្តរជាតិ៖ ប្រទេសជាច្រើន បានប្រកាសជាបន្តបន្ទាប់ក្នុងការផ្អាករាល់ប្រតិបត្តិការហោះហើររបស់យន្ដហោះ Boeing 737 MAX ហើយ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្ដហោះនៅប្រទេសឥណ្ឌូនេស៊ី និង ចុងក្រោយ គឺនៅប្រទេស អេត្យូពី ដែលមិនមានបន្សល់ទុកអ្នកនៅរស់នោះទេ។
នៅថ្ងៃនេះ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ស៊ីវិលសហភាពអឺរ៉ុប បានប្រកាសផ្អាករាល់ប្រតិបត្តិការហោះហើររបស់យន្ដហោះ Boeing 737 MAX ហើយ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC ។
ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយយន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់ ជាលើកទី២ ក្នុងរយៈពេលតែជាង៥ខែប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះប្រភេទនេះ ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Lion Air ធ្លាក់នៅក្នុងសមុទ្រ ប្រទេសឥណ្ឌូណេស៊ី ដោយផ្ដាច់ជីវិតមនុស្ស១៨៩នាក់ កាលពីខែតុលា ឆ្នាំ២០១៨ ។ ដោយឡែក នៅថ្ងៃម្សិលមិញ អាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសវៀតណាម បានប្រកាសថា ខ្លួន នឹងមិនផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យយន្តហោះ Boeing 737 MAX 8 ធ្វើប្រតិបត្តិការនៅក្នុង ប្រទេសខ្លួនឡើយ។
ប្រធានអាកាសចរណ៍ស៊ីវិលវៀតណាម លោក Dinh Viet Thang បាននិយាយថា វៀតណាម នឹងមិនផ្តល់អាជ្ញាបណ្ណសម្រាប់ការប្រើប្រាស់យន្តហោះម៉ូដែលនេះឡើយ រហូតទាល់តែមូលហេតុផ្លូវការ នៅពីក្រោយការធ្លាក់យន្តហោះទាំងពីរគ្រឿង នៅឥណ្ឌូណេស៊ី និងអេត្យូពី ត្រូវបានកំណត់រកឃើញច្បាស់ ហើយមានចំណាត់ការប៉ះប៉ូវដោះស្រាយ ពីអាជ្ញាធរអាកាសចរណ៍របស់សហរដ្ឋអាមេរិក FAA ។ កាលពីខែកុម្ភៈ កន្លងទៅ អាកាសចរណ៍វៀតណាម VietJet Air ទើបបានបញ្ជាទិញយន្តហោះពីក្រុមហ៊ុន Boeing ដល់ទៅ១០០គ្រឿង ក្នុងតម្លៃ១២.៧ពាន់លានដុល្លារ ក្នុងនោះ ៨០គ្រឿងជា 737 MAX 10 និង ២០គ្រឿងជា MAX 8 ។
ដោយឡែក ប្រទេសមួយចំនួនទៀត ដូចជា ចិន ម៉ុងហ្គោលី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង សិង្ហបុរី អូស្រ្តាលី ព្រមទាំងអាកាសចរណ៍នៅតាមប្រទេសខ្លះទៀត រួមមានអាកាសចរណ៍ Ethiopian Arlines របស់អេត្យូពីផ្ទាល់ បានចាប់ផ្តើមផ្អាកការហោះហើរនៃយន្តហោះ Boeing 737 MAX 8 ជាបណ្តើរៗ ។ សម្រាប់ប្រទេសមួយចំនួនទៀត រួមមាន សហរដ្ឋអាមេរិក កាណាដា និងរុស្ស៊ី ជាដើម នៅតែបន្តហោះហើរយន្តហោះម៉ូដែលនេះ ជាធម្មតា ។
មានការលើកឡើងថា ប្រសិនបើមូលហេតុនៃការធ្លាក់យន្តហោះប្រភេទ Boeing 737 MAX 8 នៅប្រទេសឥណ្ឌូនេស៊ី និង អេត្យូពី មិនត្រូវបានបញ្ជាក់អោយច្បាស់លាស់នោះទេ ក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួយនេះ នឹងប្រឈមបញ្ហាជាច្រើន ជាពិសេសទំនុកចិត្តសម្រាប់ការបន្តប្រើប្រាស់ យន្តហោះ ដែលផលិតដោយក្រុមហ៊ុនមួយនេះ ។
ឆ្លើយតបនឹងបញ្ហានេះ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋបាលសហព័ន្ធអាកាសចរណ៍សហរដ្ឋអាមេរិក បានអះអាងថា ការសម្រេចចិត្តបញ្ឈរជើងយន្ដហោះ Boeing 737 MAX គឺមិនមានមូលដ្ឋាន និងមិនសមហេតុផលទាល់តែសោះ ។ រដ្ឋបាលអាកាសចរណ៍អាមេរិក បានគូសបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ការត្រួតពិនិត្យបានបង្ហាញថា គ្មានបញ្ហាជាលក្ខណៈប្រព័ន្ធ ណាមួយកើតឡើងឡើយ ហើយក៏ពុំមានការផ្ដល់មូលដ្ឋានសមហេតុផលណាមួយ ក្នុងការសម្រេចចិត្តផ្អាកការហោះហើរយន្ដហោះ 737 MAX នោះដែរ ។ ជាងនេះទៅទៀត គ្មានអាជ្ញាធរអាកាសចរណ៍ស៊ីវិលណាមួយ ផ្ដល់ទិន្នន័យ ដើម្បីបញ្ជាក់ពីការសម្រេចចិត្តរបស់ពួកគេដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍