វីវរហើយ! ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ចេញមុខមុនគេ ទាមទារសំណងពីក្រុមហ៊ុនផលិតយន្តហោះ Boeing
ឥណ្ឌា ៖ ទីបំផុត ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា SpiceJet បានចេញមុខមុនគេ នឹងទាមទារសំណងពីក្រុមហ៊ុនផលិតយន្ដហោះដ៏ធំរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Boeing ។ បើតាមការចេញផ្សាយពីសារព័ត៌មានដ៏ធំរបស់រុស្សី Sputnik បានអោយដឹងថា ការប្រកាសនេះ គឺ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រូវបានអាជ្ញាធរអាកាសចរណ៍ស៊ីវិលឥណ្ឌា បង្ខំឱ្យផ្អាកប្រតិបត្តិការហោះហើររបស់យន្ដហោះ Boeing 737 Max ជាបណ្ដោះអាសន្ន ។
គួររំលឹកថា រដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តចូលរួមជាមួយប្រទេសជាង ៥០ ក្នុងការបិទដែនអាកាសសម្រាប់យន្ដហោះ Boeing 737 Max នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្ដហោះប្រភេទនេះ ដែលបានផ្ដាច់ជីវិតមនុស្ស ១៥៧នាក់ នៅប្រទេសអេត្យូពី ។ ក្រុមហ៊ុនអាកាសចរណ៍ SpiceJet ក៏ត្រូវបង្ខំចិត្តធ្វើតាមបទបញ្ជានេះដែរ ប៉ុន្តែបានបញ្ជាក់ជំហរថា នឹងទាមទារសំណងពីក្រុមហ៊ុន Boeing តាមរយៈសំណើឥណទានលើការថែទាំ ការជួសជុល និងផ្អាកការហោះហើររបស់ Boeing 737 Max ចំនួន ១២គ្រឿងរបស់ខ្លួន ។
រហូតមកទល់ពេលនេះ ប្រអប់ខ្មៅទាំងពីរនៃយន្ដហោះ Boeing 737 MAX របស់ក្រុមហ៊ុន Ethiopian Airlines ដែលធ្លាក់នៅឯប្រទេសអេត្យូពី ត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉ារីស នៃប្រទេសបារាំងហើយ ដើម្បីធ្វើការវិភាគ និងស៊ើបអង្កេតលើមូលហេតុពិតប្រាកដដែលបានធ្វើឱ្យយន្ដហោះដ៏ទំនើបមួយនេះធ្លាក់ ។ មានការសន្និដ្ឋានបឋមថា វាអាចមានមូលហេតុដូចគ្នាទៅនឹងការធ្លាក់យន្តហោះនេះនៅក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ ដែលបានផ្តាច់ជីវិតមនុស្ស ១៨៩នាក់ ។
ទាក់ទិននឹងបញ្ហានេះដែរ នៅថ្ងៃម្សិលមិញនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការប្រកាសជាលើកដំបូងថា រដ្ឋបាលសហព័ន្ធអាកាសចរណ៍សហរដ្ឋអាមេរិក គួរតែចេញបទបញ្ជាបន្ទាន់ ដើម្បីផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការហោះហើររបស់យន្តហោះប្រភេទ Boeing 737 MAX ។ នេះមានន័យថា សូម្បីតែសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតយន្តហោះប្រភេទនេះផ្ទាល់ ក៏បានសម្រេចចិត្តផ្អាកប្រតិបត្តិការសម្រាប់យន្តហោះប្រភេទនេះផងដែរ ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋបាលសហព័ន្ធអាកាសចរណ៍សហរដ្ឋអាមេរិក បានអះអាងថា ការសម្រេចចិត្តបញ្ឈរជើងយន្ដហោះ Boeing 737 MAX គឺមិនមានមូលដ្ឋាន និងមិនសមហេតុផលទាល់តែសោះ ។ រដ្ឋបាលអាកាសចរណ៍អាមេរិក បានគូសបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ការត្រួតពិនិត្យបានបង្ហាញថា គ្មានបញ្ហាជាលក្ខណៈប្រព័ន្ធ ណាមួយកើតឡើងឡើយ ហើយក៏ពុំមានការផ្ដល់មូលដ្ឋានសមហេតុផលណាមួយ ក្នុងការសម្រេចចិត្តផ្អាកការហោះហើរយន្ដហោះ 737 MAX នោះដែរ ។ ជាងនេះទៅទៀត គ្មានអាជ្ញាធរអាកាសចរណ៍ស៊ីវិលណាមួយ ផ្ដល់ទិន្នន័យ ដើម្បីបញ្ជាក់ពីការសម្រេចចិត្តរបស់ពួកគេដែរ ៕
ប្រភព ៖ បរទេស និងកែសម្រួលបន្ថែមដោយ ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍