សម្តេចតេជោ បានអំពាវនាវអោយវិនិយោគិនកូរ៉េ ចាប់យកឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ÷ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក មូន ចេអ៉ីន ប្រធានាធិបតី នៃសាធារណៈរដ្ឋកូរ៉េ នាថ្ងៃទី១៥ ខែមីនា ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាធុរកិច្ច កម្ពុជា កូរ៉េ ដែលបានធ្វើឡើងនៅវិមានសន្តិភាព។
នៅក្នុងពិធីនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា វេទិកានាថ្ងៃនេះ បានធ្វើអោយសម្តេចបានចែករំលែកព័ត៌មាននានាទាក់ទង់នឹងបរិយាកាសក្នុងតំបន់ និងបរិយាកាសនៅប្រទេសកម្ពុជា។
សម្តេចតេជោ បានអំពាវនាវអោយវិនិយោគិនកូរ៉េចាប់យកឱកាសវិនិយោគនៅកម្ពុជា ដែលជាប្រទេសបើកចំហរដល់អ្នកវិនិយោគ ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបានបើកចំហរវិនិយោគទាំងជាតិ និងអន្តរជាតិលើគ្រប់វិស័យ ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងប្រាប់វិនិយោគិនកូរ៉េថា នៅថ្ងៃទី២៩ ខែមិនាខាងមុខ សម្តេចនឹងដឹកនាំកិច្ចប្រជុំជាមួយនឹងវិស័យឯកជននៅវិមានសន្តិភាព ដើម្បីរិះរកវិធីបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ច និងកែលំអរថែមទៀតបរិយាកាសវិនិយោគ ដើម្បីអោយសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចំរើន។
ជាមួយគ្នានេះ លោក មូន ចេអ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូងបានមានប្រសាសន៍កោតសរសើរដល់ប្រទេសកម្ពុជាដែលមានការរីកចំរើន ។
លោក មូន ចេអ៉ីន ក៏បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិង កូរ៉េខាងត្បូង មិនត្រឹមតែផ្តល់ផលប្រយោជន៍សំរាប់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងផ្តល់ផលប្រយោជន៏ដល់ប្រទេសក្នុងតំបន់ផងដែរ។
លោក ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា កម្ពុជាគឺជាទីផ្សារមួយយ៉ាងសំខាន់ក្នុងតំបន់អាស៊ី នៅរយ:ពេល១០ឆ្នាំខាងមុខទៀត។
លោក ប្រធានាធិបតីកូរ៉េខាងត្បូង បានចាត់ទុក សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាថ្នាក់ដឹកនាំដែលបានធ្វើអោយកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងមានបទពិសោធន័ច្រើន។
សូមជំរាបថា នៅក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ចំនួនបីលើកមកហើយ ដែលប្រព្រឹត្តនៅសណ្ឋាគារអាំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី និងអតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដូចជា លោកប្រធានាធិបតី គីម ដេ-ជុន, លោកប្រធានាធិបតី រូ មូ យ៉ុន និង លោកប្រធានាធិបតី លី ម៉្យុងបាក់។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា កូរ៉េ គឺជាដៃគូវិនិយោគនិងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេរភាគីនៅក្នុងឆ្នាំ១៩៩៧។
ការវិនិយោគរបស់កូរ៉េនៅកម្ពុជា មានចំនួន ២១២គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន ៤.៥៦ ពាន់លានដុល្លារ ចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០១៨ ។
ពាណិជ្ជកម្មទ្វេរភាគី មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុបមានចំនួន ៩៧៥លានដុល្លារ កើនឡើង១១% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ឆ្នាំ២០១៨ កន្លងទៅនេះ ភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជា មានចំនួនជាង៣០ម៉ឺននាក់។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងលើកទឹកចិត្តដល់ធុរជនកូរ៉េធ្វើការវិនិយោគបន្ថែមនៅកម្ពុជាលើវិស័យជាច្រើនផ្សេងៗ ស្របតាមគោលនយោបាយខាងត្បូងថ្មី ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតី មូន ជេអ៉ីន។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ក្នុងរយៈពេលមធ្យម កម្ពុជានឹងអាចរក្សាបាននូវកំណើនសេដ្ឋកិច្ច ៧%ក្នុងមួយឆ្នាំ ហើយកម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
កម្ពុជា មានទីតាំងយុទ្ធសាស្រ្តស្ថិតនៅចំបេះដូងអាស៊ាន ដែលជាតំបន់ប្រកបដោយថាមពល មានផលិតផលក្នុងស្រុកសរុបចំនួន ២.៧ទ្រីលាន ដុល្លារ និងជាទីផ្សារមានទំហំដ៏ធំមានប្រជាជនចំនួន៦៤០លាននាក់។
អត្ថបទ ៖ CNC
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍