កូរ៉េខាងត្បូង ផ្ដល់ឥណទានសម្បទាន៧០០លានដុល្លារដល់កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២៣
ភ្នំពេញ៖ ក្នុងពិធីពិសាអាហារថ្ងៃត្រង់ នាឱកាសវេទិកាធុរកិច្ច កម្ពុជា-កូរ៉េ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កូរ៉េខាងត្បូង បានសម្រេចផ្ដល់ឥណទានសម្បទាន សរុបចំនួន៧០០លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហិរញ្ញប្បទានសហប្រតិបត្តិការរបស់សាធារណរដ្ឋកូរ៉េ ផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យធនធានទឹក និងសុខុមាលភាពសាធារណៈ, វិស័យអប់រំ និងបណ្ដុះបណ្ដាល ធនធានមនុស្ស, និងវិស័យអភិវឌ្ឍន៍ជនបទ មានជាអាទិ៍ គម្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អាកាសចរណ៍ស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ជាដើម។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែបានចូលរួមក្នុងការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងការវិនិយោគដោយផ្ទាល់។
កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អនឹងគ្នា ជាយូរយារណាស់មកហើយ ប៉ុន្តែទំនាក់ទំនងនេះ ត្រូវបានផ្អាកមួយរយៈដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។
សម្ដេចតេជោ បានគូសបញ្ជាក់ទៀតថា ទំនាក់ទំនងការទូតនេះត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ បន្ទាប់ពីសម្ដេចបានធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋកូរ៉េ នាខែកក្កដា ឆ្នាំ១៩៩៦ និងបានសម្រេចឲ្យមានការចាប់ផ្ដើមឡើងវិញ នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សម្ដេចបានថ្លែងថា ផ្ដើមចេញពីការភ្ជាប់ទំនាក់ទំនងឡើងវិញនេះ មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ច ទៅវិញទៅមករបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ, កំណើននៃការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន, និងកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ គិតពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៨ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦៣២លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងមានប្រមាណ ៣០០លានដុល្លារអាមេរិក៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍