ក្រសួងវប្បធម៌ ប្រមូលភស្តុតាងប្តឹងផលិតកម្មសាន់ដេ រឿងលួចចម្លងបទ «នឹកភូមិភ្នំធំ»
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ បានអះអាងថា ក្រសួងកំពុងតែដំណើរនីតិវិធីប្រមូលភ័ស្តុតាងទាំងអស់ ដែលអាចនឹងកោះហៅ ឬ រៀបចំនីតិវិធីប្តឹងផលិតកម្មសាន់ដេ តែម្តង ព្រោះក្រសួងជាម្ចាស់កម្មសិទ្ធិ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុក លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានឲ្យដឹងថា ផលិតកម្មសាន់ដេ បានរំលោភបំពានលើសិទ្ធិបេតិកភណ្ឌរបស់អ្នកនិពន្ធ យកបទ «នឹកភូមិភ្នំធំ» ឲ្យអ្នកចម្រៀងថ្មី ច្រៀងឡើងវិញ មិនមានការអនុញ្ញាតពីក្រសួងវប្បធម៌ និងរំលោភលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ គឺមិនគោរពឋានៈឈ្មោះរបស់អ្នកនិពន្ធ ។
ភរិយា លោក គង្គ ប៊ុនឈឿន
ចំណាត់ការនេះ បានធ្វើឡើង ក្រោយផ្ទុះការរិះគន់ជាច្រើន ពីសំណាក់សាធារណជនទៅលើការលួចចម្លងនូវចម្រៀងមរតកដើម បទ «នឹកភូមិភ្នំធំ» របស់កវីម្ចាស់ដងស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន ពីសំណាក់ផលិតកម្មសាន់ដេ ។ បើតាមក្រសួងវប្បធម៌ មកដល់ពេលនេះ ស្នាដៃរបស់លោក គង្គ ប៊ុនឈឿន ដែលបានចុះបញ្ជីគ្រប់គ្រងមានចំនួន ៤១ បទ និងត្រៀមរៀបចំឯកសារដាក់បញ្ចូលបន្ថែមទៀត។
ចំណែកបទ «នឹកភូមិភ្នំធំ» គឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសាររបស់លោក គង្គ ប៊ុនឈឿន ឡើយ ខណៈដែលមិនទាន់មានឯកសារគ្រប់គ្រាន់ក្នុងការផ្ទេរកម្មសិទ្ធិ ។ ដូចនេះបទ «នឹកភូមិភ្នំធំ» ស្ថិតក្រោមការគ្រប់គ្រង និងជាកម្មសិទ្ធិរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
កាលពីចុងសប្តាហ៍មុននេះ លោកស្រី តាត គឹមលន ភរិយាកវីជើងចាស់ គង្គ ប៊ុនឈឿន ក៏បានធ្វើដំណើរមកដល់កម្ពុជា ក្នុងគោលបំណងប្រារព្ធខួប ៣ ឆ្នាំរបស់ស្វាមី និងស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារពីការលួចចម្លងស្នាដៃដោយគ្មានការអនុញ្ញាតនេះផងដែរ ។
លោក មុត ថារី
លោក មុត ថារី ដែលជាកូនប្រសាររបស់លោក គង្គ ប៊ុនឈឿន បានច្រានចោលព័ត៌មានដែលថា ម្ចាស់កម្មសិទ្ធិ (លោកស្រី តាត គឹមលន) មកប្រទេសកម្ពុជា ដើម្បីប្តឹងនាយចឺម ។ លោក បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា នាយចឺម គ្មានតម្លៃអី ដល់ថ្នាក់ត្រូវជាប់បណ្តឹងនោះទេ ព្រោះក្មេងម្នាក់នេះ គ្រាន់តែស្រែកតាមទឹកលុយ ដែលផលិតកម្ម មានទាំងអ្នកនិពន្ធកាឡៃបទភ្លេង និងថៅកែ ដែលលួចធ្វើជំនួញលើសិល្បៈមរតកដើម ដោយមិនបានសុំទៅក្រសួងតែប៉ុណ្ណោះ ។ ដូច្នេះ កុំចេះតែសរសេរ ដូចជាផ្ដល់តម្លៃហួសទៅនាយចឺម អតីតអ្នកកំប្លែងមកពីកំពង់ស្ពឺនោះអី ។ តាមពិតទៅ ទស្សនិកជន ស្គាល់នាយចឺមច្បាស់ហើយនូវចរឹកដ៏មានសុជីវធម៌របស់គាត់ ពេលលេងកំប្លែងនោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កន្លងទៅអ្នកនិពន្ធទំនុកច្រៀង និងអ្នកសម្រួលបទភ្លេងរបស់ផលិតកម្មសាន់ដេ ក៏បានចេញមុខធ្វើការបកស្រាយ សុំទោសជាសាធារណៈ និងព្រមទទួលយកកំហុស ដោយបានលុបបទចម្រៀងចម្លងមានចំណងជើងថា «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» ដែលច្រៀងដោយ នាយចឺម ចេញពីយូធូប និងផលិតកម្មខ្លួនផងដែរ ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍