អ្នកឧកញ៉ា គិត ម៉េង គោរពអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ
ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគោរពផ្ញើសារលិខិតអបអរសាទរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តម ប្រពៃថ្លៃថ្លា ដែលសម្តេចតេជោ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក(Krirk) របស់ព្រះរាជាណាចក្រថៃ ។
អ្នកឧកញ៉ា គិត ម៉េង បានរៀបរាប់នៅក្នុងសារលិខិតអបអរសាទរនោះថា «ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមគោរពសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយឥតឧបមា និងអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា ដែលសម្តេចតេជោ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក(Krirk)។
អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកថា សញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺជាផ្តល់នូវមហាកិត្តិយសសម្រាប់សម្តេចតេជោ ព្រមទាំងក្រុមគ្រួសាររបស់សម្តេចតេជោ ក៏ដូចជាសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ហើយក៏ជាការឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះស្នាដៃរបស់សម្តេចតេជោ ក្នុងការសម្រេចនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិទទួលនូវសន្តិភាពដ៏ពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការកែលម្អជីវភាពប្រជាជនឲ្យមានការរីកចម្រើនរុងរឿងជាបន្តបន្ទាប់ ។
អ្នកឧកញ៉ា គិត ម៉េង បន្តទៀតថា សក្ខីភាពនេះ សបញ្ជាក់ឲ្យឃើញថា សម្តេចតេជោ គឺជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ទស្សនវិស័យ និងបញ្ញាញាណដ៏ឈ្លាសវៃ បូជាកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
ជាពិសេស យើងខ្ញុំទាំងអស់គ្នា មានជំនឿយ៉ាងមុតមាំចំពោះមគ្គទេសក៍របស់សម្តេចតេជោ ដែល សម្តេចតេជោ បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្ត្រ និងថ្លៃថ្លាបំផុតក្នុងការប្រែក្លាយប្រជាជាតិកម្ពុជា ពីផេះផង់ មកជាប្រជាជាតិមួយកំពុងឈរខ្ពស់ត្រដែតដោយស្មើមុខ និងស្មើភាព ទាំងក្នុងតំបន់ និងសកលលោក។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បន្តជាចុងក្រោយថា «ឆ្លៀតក្នុងឱកាសដ៏ជ័យមង្គលលាភិរម្យប្រពៃថ្លៃថ្លានេះដែរ ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមគោរពសូមគោរពសម្តែងនូវសេចក្តីសោមនស្សរីករាយចូលរួមជូននូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី បុត្រប្រសារ ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាទទួលនូវអភិវន្ទនកិច្ចគោរពដ៏ខ្ពង់ខ្ពស់ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីយើងខ្ញុំទាំងអស់គ្នា»។
សូមជម្រាបថា នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពី Krirk University របស់ព្រះរាជាណាចក្រថៃ។ សាកលវិទ្យាល័យគ្រើក (Krirk University) គឺជាសាកលវិទ្យាល័យល្បីមួយ នៅក្នុងប្រទេសថៃដែលមានអាយុកាល ៦៧ឆ្នាំមកហើយ។ លោកសាស្រ្ដាចារ្យ ក្រាស៊ែ ឆាណាវង្ស (Krasae Chanawongse) ប្រធានសាកលវិទ្យាល័យគ្រើក បានលើកឡើងអំពីលក្ខណៈសម្បត្តិពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំបរទេសទី១ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើកនៅថ្ងៃនេះ។ លោកសាស្រ្ដាចារ្យ បានបញ្ជាក់ច្បាស់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាមេដឹកនាំដែលពោរពេញទៅដោយចំណេះដឹង បទពិសោធន៍ និងសមត្ថភាព ដែលបានប្រើប្រាស់ជំនាញផ្នែកទំនាក់នយោបាយ ធ្វើឲ្យកម្ពុជាបានបង្រួបបង្រួម មានសុខសន្តិភាព និងរីកចម្រើនជាមួយកំណើនសេដ្ឋកិច្ចរឹងមាំមកទល់សព្វថ្ងៃ។
លោកសាស្រ្តាចារ្យ Krasae Chanawongse បានបញ្ជាក់ឡើងវិញថែមទៀតផងដែរថា គឺនៅឆ្នាំ១៩៧០ ដែលពេលនោះ សម្តេចតេជោ មានអាយុទើបតែ១៨ឆ្នាំ ដែលបានស្ម័គ្រចិត្តចូលធ្វើទាហាន រំលត់សង្រ្គាម និងរំដោះប្រទេសពីរបបប៉ុលពតប្រល័យពូជសាសន៍ ដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនពីពលទាហាន ក៏ដូចជាពលរដ្ឋទូទៅ រហូតដល់ប្រទេសកម្ពុជាត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩។
ដោយសារភាពវៃឆ្លាតនៃការទំនាក់ទំនងទាំងក្នុងជួររដ្ឋាភិបាល និងក្នុងចំណោមសាធារណជន គឺ សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះអាយុទើបតែ ៣២ ឆ្នាំ (១៩៨៥) បានក្លាយជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅលើពិភពលោក។
តាមរយៈការប្រើប្រាស់នូវទំនាក់ទំនងនយោបាយ គឺសម្តេចតេជោ បានកសាងនូវទំនុកចិត្តជាមួយ សមាជិកគណបក្ស សមាជិករដ្ឋាភិបាល និងជាមួយប្រជាពលរដ្ឋ ដែលបានធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ភ្លូកទឹកភ្លូកដីនៅក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ដែលបានធ្វើឲ្យ សម្តេចតេជោ ហ៊ុន សែន បន្តកាន់តំណែងនាយករដ្ឋមន្រ្តីមានរយៈពេល៣៤ឆ្នាំហើយ មកទល់ឆ្នាំ ២០១៩នេះ។
ចំពោះការទទួលស្គាល់ជាលក្ខណៈអន្តរជាតិតាមរយៈចំណេះដឹង បទពិសោធន៍ ជំនាញ និងសមត្ថភាពដឹកនាំប្រទេសប្រកបដោយទស្សនវិស័យច្បាស់លាស់ គឺ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានទទួលមេដាយ និងសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនមកហើយ ពីបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសចិន, កូរ៉េ, វៀតណាម, រុស្សី, អ៊ឺរ៉ុប និងសហរដ្ឋអាម៉េរិកជាដើម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍