UNDP និងក្រុមហ៊ុនឯកជន ផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងផ្សារភ្ជាប់កម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល
ភ្នំពេញ ៖ អង្គការ UNDP និងក្រុមហ៊ុន SHENZHEN 4PX EXPRESS CO., LTD នៅថ្ងៃទី ១៩ ខែមីនានេះ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសហហិរញ្ញប្បទាន លើគម្រោង “ផ្សាភ្ជាប់ប្រទេសកម្ពុជា ៖ រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល” ក្រោមវត្តមានលោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិភស្តុភាកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ UNDP បានលើកឡើងថា ប្រទេសកម្ពុជា មានសក្តានុពល ក្នុងការទាញប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក (e-commerce) ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាពដល់អតិថិជន អ្នកលក់រាយ ទីផ្សារ និងការទទួលបានព័ត៌មានពាណិជ្ជកម្ម។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក មានអត្ថប្រយោជន៍ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងមានសក្តានុពលក្នុងការជួយលើកកម្ពស់ទីផ្សារក្នុងស្រុកផងដែរ។
ភាពជាដៃគូរវាងក្រុមហ៊ុន Shenzhen 4PX Express និង UNDP ដែលត្រូវបានបង្កើតឡើង ផ្អែកតាមចំណុចខ្លាំងរបស់ស្ថាប័នទាំងពីរ នឹងនាំឲ្យមានការសហការជាមួយនឹងតួអង្គពាក់ព័ន្ធក្នុងស្រុក និងក្នុងសកលលោកទាំងមូល ដើម្បីបង្កើនប្រសិទ្ធភាព និងដោះស្រាយបញ្ហានានាដែលនាំឲ្យមានការរាំងស្ទះ។
លោក Nick Beresford តំណាង UNDP ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ខណៈពេលដែលប្រទេសកម្ពុជា កំពុងខិតខំពង្រឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម (MSME) របស់ខ្លួន ការងាកទៅប្រើប្រាស់ប្រព័ន្ធឌីជីថល នឹងជួយឲ្យប្រទេសនេះ កាន់តែអាចច្បាមយកសក្តានុពលទីផ្សារក្នុងស្រុក និងអន្តរជាតិបន្ថែមទៀត» ។
សេដ្ឋកិច្ចឌីជីថល បានកំពុងនិងប្រែក្លាយកម្ពុជា តាមរយៈការផ្លាស់ប្តូរទម្លាប់បញ្ជាទិញអាហារ ទូទាត់ថ្លៃទំនិញ ហៅរ៉ឺម៉ក់កង់បី (tuk-tuk) កក់សណ្ឋាគារ ឬ ទិញសម្លៀកបំពាក់ពីតាមហាងជាដើម ។ សេវាទាំងនេះ បានជួយសម្រួលដល់ទំនាក់ទំនងរវាងអតិថិជន និងប្រកបអជីវកម្មតាមប្រព័ន្ធអនឡាញ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាជំរុញឱ្យមានការបង្កើតនូវប្រព័ន្ធអេកូស៊ីស្ទឹមមួយ ដែលផ្តល់លក្ខណៈងាយស្រួលដល់អ្នកវិនិយោគទុន តាមរយៈក្រុមប្រឹក្សាជាតិភស្តុភារ ដើម្បីជួយឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងសេវាភស្តុភា និងបង្កើនប្រសិទ្ធភាពលំហូរទំនិញ និងសេវាកម្ម»។
លោក Yue (KEVIN) Li ប្រធានយកប្រតិបត្តិនៃក្រុមហ៊ុន Shenzhen 4PX Express មានប្រសាសន៍ថា «សេវាភស្តុភារឆ្លងដែន នឹងបង្កើតនូវមធ្យោបាយសម្រាប់ឲ្យកម្ពុជា ទទួលបានប្រយោជន៍ពីចរន្តដ៏រស់រវើកនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនៅក្នុងតំបន់ ដោយមានការជំរុញបន្ថែមពីសមាហរណកម្មអាស៊ាន។ វា ក៏នឹងជួយឲ្យកម្ពុជាទទួលបានប្រយោជន៍តាមរយៈការវិនិយោគកាន់តែច្រើនពីសំណាក់ក្រុមហ៊ុនអន្តរជាតិធំៗ ដែលកំពុងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក និងភស្តុភារនៅក្នុងប្រទេសនេះ» ។
UNDP បានលើកឡើងថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ពិតជាមានសក្តានុពលយ៉ាងធំធេងនៅក្នុងប្រទេសកម្ពុជា ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនេះ ត្រូវបានចាត់ទុកថា ជាឧបករណ៍កសាងឱកាស ដើម្បីបើកទ្វារបន្ថែមទៀត ឱ្យទីផ្សារក្នុងស្រុកទទួលបានឱកាសរីកចម្រើន និងទទួលបានការទទួលស្គាល់ក្នុងទីផ្សារសកល ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍