សហគមន៍អ្នកផលិតអំបិលកំពត-កែប នឹងត្រូវរំលាយ នៅដំណាច់ខែមីនានេះ
ភ្នំពេញ ៖ នៅថ្ងៃទី ៣០ មីនា ឆ្នាំ២០១៩ខាងមុខនេះ សហគមន៍អ្នកផលិតអំបិលខេត្តកំពតកែប ដែលជាអ្នកផលិត និងផ្គត់ផ្គង់អំបិលតែមួយគត់នៅកម្ពុជា នឹងត្រូវរំលាយហើយ! ខណៈដែលសមាគមន៍នេះ ក៏បានធ្វើលិខិតជូនដំណឹងរួចរាល់អស់ហើយ ជូនទៅដល់អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ។
បើយោងតាមគេហទំព័រខេមបូណូមីស បានសរសេរថា ការឈានដល់ការរំលាយសហគមន៍នេះ ត្រូវបានលោក អ៊ុំ ឈុន ប្រធានរដ្ឋបាលសហគមន៍អ្នកផលិតអំបិលកំពត-កែប ឲ្យដឹងថា គឺដោយសារតែ កសិករផលិតអំបិលមួយចំនួន មិនចង់បន្តការផលិតអំបិលរបស់ខ្លួនជាបន្តទៅទៀត ។
លោក អ៊ុំ ឈុន ថា តាមលក្ខខណ្ឌសហគមន៍ ១អាណត្តិ មានរយៈពេល៥ឆ្នាំម្ដង ដើម្បីប្រជុំរើសប្រធានក្រុមប្រឹក្សាភិបាល និងការចុះកិច្ចសន្យាថ្មីជាមួយនឹងអ្នកផលិតអំបិល។ ប៉ុន្ដែ អណត្តិទី៣នេះ គឺបានផុតតាំងពី ខែកញ្ញា ឆ្នាំ២០១៨មកម្លេះ ដោយកាលនោះ ខាងសហគមន៍ បានធ្វើមហាសន្និបាត និងរៀបចំកិច្ចសន្យាថ្មី ដើម្បីបន្ដអណត្តិ តែមានកសិករដែលជាអ្នកផលិតអំបិលប្រមាណតែ ៧០%ប៉ុណ្ណោះបានចូលរួម និងមាន៣០% ទៀត មិនចូលរួមបន្តការផលិតជាមួយសហគមន៍ទៀតនោះទេ។ ដូច្នេះហើយ ទើបក្រុមប្រឹក្សាភិបាលសហគមន៍ សម្រេចថា នឹងរំលាយសហគមន៍អ្នកផលិតអំបិលខេត្ត កំពត កែបនេះ នៅត្រឹមដំណាច់ខែមីនា ឆ្នាំនេះតែម្ដង។
ទោះយ៉ាងណា គេនៅរង់ចាំមើលសេចក្ដីសម្រេចចុងក្រោយរបស់ក្រសួងជាអាណាព្យាបាល ពិសេស គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។ ប៉ុន្ដែ បើតាមតំណាងសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប គឺខាងសហគមន៍ បានជូនដំណឹងរួចអស់ហើយ អំពីការសម្រេចរំលាយសហគមន៍នេះ ទៅកាន់អាជ្ញាធរខេត្តកំពត និងកែប ព្រមទាំងក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមទាំង អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងមហាផ្ទៃផងដែរ ។ តាមការបញ្ជាក់ពីលោក អ៊ុំ ឈុន ផ្ទៃដីផលិតអំបិលរបស់សហគមន៍នេះ មានទំហំ ជាង ៤ពាន់ ៥០០ ហិកតា ដែលជាកម្មសិទ្ធិឯកជន របស់កសិករផលិតអំបិល ជាង២០០ នាក់ ហើយក្រោយពីការរំលាយសហគមន៍ទៅ កិច្ចការបន្ទាប់ គឺជាភារកិច្ចរបស់អាជ្ញាធរខេត្ត ដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត។ លោក បន្ថែមទៀតថា មានកសិករផលិតអំបិលខ្លះ បានលក់ដីរបស់ខ្លួនជាបណ្ដើរៗហើយ តែអ្នកទិញដីនោះ ក៏មិនទាន់ឃើញធ្វើអីដែរ នៅទុកដីទំនេរចោល។ រីឯអ្នកបន្តផលិតអំបិលផ្សេងទៀត ក៏ផលិតមិនបានច្រើននោះដែរ ពោលគឺបានប្រហែលតែពាក់កណ្ដាលប៉ុណ្ណោះ ព្រោះមានបញ្ហាកង្វះកម្លាំងពលកម្ម។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋ និងអ្នកតាមដានសង្គមមួយចំនួន បានលើកឡើងថា ការជំរុញឲ្យអ្នកផលិតអំបិលជ្រួលច្របល់លែងចង់ផលិតអំបិលនេះ គឺដោយសារតែការផលិតជួបបញ្ហាច្រើន ទាំងអាកាសធាតុ និងកម្លាំងពលកម្ម។ ពិសេសជាងនេះទៀត គឺនិន្នាការតម្លៃដីធ្លី កំពុងពុះកញ្ជ្រោលខ្លាំង ដែលធ្វើឲ្យពួកគេកំពុងសម្លឹងឃើញឱកាសនេះ ទាញយកដីស្រែអំបិលទៅលើឲ្យឈ្មួញដី បានតម្លៃខ្ពស់ ជាងការផលិតអំបិល។ ទោះយ៉ាងណា លោក អ៊ុំ ឈុន បានគូសបញ្ជាក់ថា ដីស្រែអំបិលនេះ គឺមានការចុះកិច្ចសន្យាច្បាស់លាស់រវាងម្ចាស់ស្រែអំបិល និងអាជ្ញាធរ គឺទុកតែសម្រាប់ផលិតអំបិលប៉ុណ្ណោះ មិនអាចយកទៅធ្វើអ្វីផ្សេងក្រៅពីការផលិតអំបិលនោះឡើយ។ បើទោះបីជាលក់ឲ្យអ្នកផ្សេងទៀត ក៏អ្នកទិញបន្ដនោះ ត្រូវតែយកមកធ្វើការផលិតអំបិលដែរ។
លោក អ៊ុំ ឈុន ក៏បានសំណូមពរ ឲ្យខាងអាជ្ញាធរគួរតែបន្តគ្រប់គ្រងការផលិតអំបិលរបស់កសិករផលិតអំបិល ក្រោយពីសហគមន៍ត្រូវបានរំលាយ ដើម្បីធានាបាននូវគុណភាពអំបិល សម្រាប់សុខភាពពលរដ្ឋ ។ គួរបញ្ជាក់ថា កាលពីចុងឆ្នាំ ២០១៨ កន្លងទៅនេះ កម្ពុជា បានចុះកិច្ចព្រមព្រៀងនាំចូលអំបិលពីចិន ប្រមាណ២ម៉ឺនតោន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដ្បិតថា ការផលិតអំបិលជួបបញ្ហាភ្លៀងធ្លាក់ច្រើន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍