Connect with us

រដ្ឋមន្រ្តី​មហាផ្ទៃ​ ​ឲ្យ​ពិនិត្យ​ទឹកនោម​អ្នកបើកបរ​ថ​យន្ត​ធុន​ធំ​ ​សង្ស័យ​ប្រើ​សារធាតុ​ញៀន​

ភ្នំពេញ​ ​៖​ ​រដ្ឋមន្រ្តី​មហាផ្ទៃ​ ​ជំរុញ​សាលា​រាជធានី​ភ្នំពេញ​ ​សហការ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​ ​ដើម្បី​យក​ទឹកនោម​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ ​មក​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ ​ក្រោយពី​មានការ​សង្ស័យ​ថា​ ​អ្នកបើកបរ​រថយន្ត​ធំ​ភាគច្រើន​ ​បាន​ប្រើប្រាស់​គ្រឿងញៀន​ ​។​ ​ការជំរុញ​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ​២០១៨​ ​និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​ ​២០១៩​ ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​។​ ​


​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ​បាន​លើកឡើង​ថា​ ​អ្នក​បើក​រថ​យន្ត​ធំៗ​ ​យ៉ាងតិច​ ​១០​%​ ​ដែល​ប្រើប្រាស់​គ្រឿងញៀន​ ​នេះ​បើ​យោង​តាម​ការ​ធ្វើតេស្ត​នា​ពេល​កន្លង​ ​ដោយ​សមត្ថកិច្ច​ ​។​ ​​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​បាន​ណែនាំ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​គួរតែ​សហការ​ជាមួយ​ក្រុមហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​ធំៗ​ ​ដើម្បី​យក​ទឹកនោម​អ្នកបើកបរ​ ​មក​ធ្វើតេស្ដ​ ​ហើយ​បើ​រក​ឃើញ​ ​ត្រូវ​ដកចេញ​ ​ពីព្រោះ​បើ​ឱ្យ​គាត់​បើក​ ​គាត់​នឹង​ទៅ​បុក​គេ​ ​។​ ​ជាង​នេះ​ទៅទៀត​ ​អ្នកបើកបរ​ ​ដែល​មាន​សារធាតុ​ញៀន​ ​ឬ​ ​គ្រឿងស្រវឹង​ក្នុង​ខ្លួន​ ​ភាគច្រើន​មិន​គោរពច្បាប់​ ​និង​ស្លាក​សញ្ញា​ចរាចរណ៍​នោះ​ទេ​ ​ហើយ​ភាគច្រើន​ ​ជា​អ្នក​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។​


​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​ក្នុងរយៈពេល​ ​២​ ​ខែ​ដើមឆ្នាំ​ ​២០១៩​ ​កន្លងទៅ​នេះ​ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ ​៦៩៣​ ​លើក​ ​បណ្ដាលឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ​៣១០​ ​នាក់​ ​និង​របួស​ចំនួន​ ​១​ ​០៧៧​ ​នាក់​ ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្តកណ្តាល​ ​និង​ខេត្ត​កំពង់ស្ពឺ​មាន​អ្នក​ស្លាប់​ ​២១​ ​នាក់​។​ ​

​របាយការណ៍​បន្ថែម​ថា​ ​ក្នុងចំណោម​ជនរងគ្រោះ​ ​ដែល​ស្លាប់​ចំនួន​ ​៣១០​ ​នាក់​នោះ​ ​ភាគច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​ ​មាន​ចំនួន​ ​២៤១​ ​នាក់​ស្មើ​ ​៧៨​ ​ភាគរយ​ ​(​ប្រភេទ​ ​១២៥​ ​សេ​សេ​ចុះក្រោម​)​ ​ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​ ​១៨៨​ ​នាក់​ ​ស្មើ​ ​៧៨​ ​ភាគរយ​។​

​មូលហេតុ​ដែល​នាំឲ្យកើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ​គឺ​ ​ភាគច្រើន​បណ្ដាលមកពី​ការ​បើកបរ​លើស​ល្បឿន​កំណត់​,​ ​មិន​គោរព​សិទ្ធិ​ជាអាទិភាព​,​ ​បត់ឆ្វេង​ស្ដាំ​ដោយ​ ​មិន​គោរព​តាម​ភ្លើង​ ​និង​ស្លាក​សញ្ញា​ចរាចរណ៍​,​ ​បើក​ប្រជែង​ក្នុង​ស្ថានភាព​ផ្លូវ​មាន​គ្រោះថ្នាក់​ ​បើកបរ​ក្នុង​សភាព​ងងុយដេក​ ​និង​ដោយសារ​កត្តា​យាន​យន្ដ​ ​៕​

    Loading...

    ពេញនិយម