Connect with us

រដ្ឋមន្រ្តី​ឧស្សាហកម្ម​ ​នឹង​ចុះ​ដោះស្រាយ​បញ្ហា​រំលាយ​សហគមន៍​ផលិត​អំបិល​កំពត​-​កែប​

ភ្នំពេញ​ ​៖​ ​នៅ​សប្តាហ៍​ក្រោយ​ ​រដ្ឋមន្រ្តី​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយនឹង​សហគមន៍​ផលិត​អំបិល​នៅ​ខេត្ត​កែប​ ​និង​កំពត​ ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​សហគមន៍​មួយ​នេះ​ ​ក្រោយ​បាន​ប្រកាស​ថា​ ​នឹង​ត្រូវ​រំលាយ​នៅ​ចុងខែ​មីនា​នេះ​ ​។​ ​​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ ​លោក​ ​អ៊ុំ​ ​សុ​តា្ថ​ ​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​បាន​អោយ​ដឹង​ថា​ ​ក្រសួង​ ​បាន​ទទួលលិខិត​ពី​សហគមន៍​ផលិត​អំបិល​កំពត​-​កែប​រួចហើយ​ ​អំពី​ការ​ស្នើសុំ​រំលាយ​សហគមន៍​នេះ​ ​ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ជាក់លាក់​នោះ​ទេ​ ​។​ ​


​លោក​ ​បាន​អះអាង​ថា​ ​លោក​ទេស​រដ្ឋមន្រ្តី​ ​ចម​ ​ប្រសិទ្ធ​ ​រដ្ឋ​មន្ដ្​រី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​នឹង​បើក​កិច្ចប្រជុំ​ជា​មួ​យម​ន្ដ្រី​ខេត្ត​ទាំងពីរ​នេះ​ ​ដើម្បី​ពិនិត្យមើល​បញ្ហា​ប្រឈម​ ​និង​ស្វែងរក​ដំណោះស្រាយ​ ​។​ ​

​សូម​បញ្ជាក់​ថា​ ​សហគមន៍​ផលិត​អំបិល​កំពត​-​កែប​ ​បាន​ដំណើរការ​អស់​រយៈពេល​ ​១៥​ ​ឆ្នាំ​មក​ហើយ​ ​ដែល​មាន​ស្រែអំបិល​ជាង​ ​៤​ ​៦០០​ ​ហិ​ក​តា​ ​នៅក្នុង​ខេត្តកំពត​ ​និង​ខេត្ត​កែប​ ​ដោយមាន​សមាជិក​ចំនួន​ ​២០០​ ​គ្រួសារ​។​ ​ការ​ឈាន​ដល់​ការ​រំលាយ​សហគមន៍​នេះ​ ​ត្រូវ​បាន​លោក​ ​អ៊ុំ​ ​ឈុន​ ​ប្រធាន​រដ្ឋបាល​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប​ ​ឲ្យដឹង​ថា​ ​គឺ​ដោយសារតែ​កសិករ​ផលិត​អំបិល​មួយចំនួន​ ​មិន​ចង់​បន្ត​ការផលិត​អំបិល​របស់​ខ្លួន​ជា​បន្ត​ទៅទៀត​ ​។​ ​


​លោក​ ​អ៊ុំ​ ​ឈុន​ ​ថា​ ​តាម​លក្ខខណ្ឌ​សហគមន៍​ ​១អាណត្តិ​ ​មាន​រយៈពេល៥ឆ្នាំ​ម្ដង​ ​ដើម្បី​ប្រជុំ​រើស​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​ការ​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយនឹង​អ្នក​ផលិត​អំបិល​។​ ​ប៉ុន្ដែ​ ​អាណត្តិ​ទី៣នេះ​ ​គឺ​បាន​ផុត​តាំងពី​ ​ខែកញ្ញា​ ​ឆ្នាំ២០១៨មក​ម្លេះ​ ​ដោយ​កាលនោះ​ ​ខាង​សហគមន៍​ ​បាន​ធ្វើ​មហាសន្និបាត​ ​និង​រៀបចំ​កិច្ចសន្យា​ថ្មី​ ​ដើម្បី​បន្ដ​អាណត្តិ​ ​តែ​មាន​កសិករ​ដែល​ជា​អ្នក​ផលិត​អំបិល​ប្រមាណ​តែ​ ​៧០​%​ប៉ុណ្ណោះ​បាន​ចូលរួម​ ​និង​មាន៣០​%​ ​ទៀត​ ​មិន​ចូលរួម​បន្ត​ការផលិត​ជាមួយ​សហគមន៍​ទៀត​នោះ​ទេ​។​ ​ដូច្នេះហើយ​ ​ទើប​ក្រុមប្រឹក្សា​ភិបាល​សហគមន៍​ ​សម្រេច​ថា​ ​នឹង​រំលាយ​សហគមន៍​អ្នក​ផលិត​អំបិល​នេះ​ ​នៅ​ត្រឹម​ដំណាច់ខែ​មីនា​ ​ឆ្នាំនេះ​តែម្ដង​។​ ​

​លោក​ ​បន្ថែម​ទៀត​ថា​ ​មាន​កសិករ​ផលិត​អំបិល​ខ្លះ​ ​បាន​លក់​ដី​របស់​ខ្លួន​ជា​បណ្ដើរ​ៗ​ហើយ​ ​តែ​អ្នកទិញ​ដី​នោះ​ ​ក៏​មិនទាន់​ឃើញ​ធ្វើ​អីដែរ​ ​នៅ​ទុក​ដី​ទំនេរ​ចោល​។​ ​រី​ឯ​អ្នក​បន្ត​ផលិត​អំបិល​ផ្សេងទៀត​ ​ក៏​ផលិត​មិនបាន​ច្រើន​នោះ​ដែរ​ ​ពោល​គឺ​បាន​ប្រហែល​តែ​ពាក់កណ្ដាល​ប៉ុណ្ណោះ​ ​ព្រោះ​មាន​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​។​ ​​លោក​ ​អ៊ុំ​ ​ឈុន​ ​ក៏បាន​សំណូមពរ​ ​ឲ្យ​ខាង​អាជ្ញាធរ​គួរតែ​បន្ត​គ្រប់គ្រង​ការផលិត​អំបិល​របស់​កសិករ​ផលិត​អំបិល​ ​ក្រោយពី​សហគមន៍​ត្រូវ​បាន​រំលាយ​ ​ដើម្បី​ធានា​បាន​នូវ​គុណភាព​អំបិល​ ​សម្រាប់​សុខភាព​ពលរដ្ឋ​ ​។​


​គួរ​បញ្ជាក់​ថា​ ​កាលពី​ចុងឆ្នាំ​ ​២០១៨​ ​កន្លងទៅ​នេះ​ ​កម្ពុជា​ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​នាំចូល​អំបិល​ពី​ចិន​ ​ប្រមាណ២ម៉ឺន​តោន​ ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក​ ​ដ្បិតថា​ ​ការផលិត​អំបិល​ជួប​បញ្ហា​ភ្លៀង​ធ្លាក់​ច្រើន​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម