ក្រុងព្រះសីហនុ នឹងត្រូវរៀបចំអោយក្លាយជាក្រុងបៃតង តាមរយៈការដាំដើមឈើឡើងវិញ
ខេត្តព្រះសីហនុ ៖ លោក ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា នឹងរៀបចំដាំដើមឈើនៅតាមវិថីទាំងអស់ ក្នុងក្រុងព្រះសីហនុ រួមនឹងការរៀបចំផ្លូវ ចិញ្ចើមផ្លូវឡើងវិញ ដើម្បីធ្វើអោយទីក្រុងជាប់មាត់សមុទ្រមួយនេះ មានភាពបៃតង ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានសរសេរនៅថ្ងៃទី ២៥ ខែមីនានេះថា លោក ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រធានគណៈកម្មាជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំស្តារប្រឡាយព្រែកអូរឈើទាល អូរសម្អាត និងរៀបចំដាំកូននាងនួន នៅមហាវិថីទាំអស់ ក្នុងក្រុង និងដាំកូនកោងកាងនៅព្រែកអូរឈើទាលឡើងវិញ ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី បានណែនាំឲ្យរៀបចំផ្លូវ ចញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជិះកង់ និងដាំដើមឈើ ដើម្បីកែលម្អសោភ័ណ្ឌភាព និងអភិវឌ្ឍបៃតងនៅក្រុងព្រះសីហនុ ឡើងវិញ ។
គួររម្លឹកថា លោក ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា កាលពីពេលថ្មីៗនេះ ក៏បានចុះពិនិត្យ និងរៀបចំកែលម្អ ចំណុចខ្វះខាតនានាក្នុងក្រុងព្រះសីហនុនេះ ដោយបានរៀបចំកែលម្អ និងពង្រីកបន្ថែមសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានសម្ងួតភក់ក្រុងព្រះសីហនុ នៅលើផ្ទៃដីទំហំ ១៦ហិកតា ដើម្បីបង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ពី ៥៧០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ឲ្យកើនដល់ ២៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយបំពាក់ប្រព័ន្ធម៉ាស៊ីនមេកានិចស្វ័យប្រវត្តិ។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក៏បានរៀបចំស្ថានីយបូមបង្វែទឹកកខ្វក់ កុំឲ្យហូរចូលក្នុងសមុទ្រចំនួន ៤ទីតាំង គឺនៅឆ្នេរឯករាជ្យ អូរសំអាត ឆ្នេរសុខា និងឆ្នេរអូរឈើទាល ដើម្បីបូមបង្វែទឹកកខ្វក់ទាំងអស់ ពីទីតាំងនេះ បញ្ជូនទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដោយមិនឲ្យហូរចូលសមុទ្រវិញទៀតនោះទេ ដែលស្ថានីយទាំង៤នេះ នឹងដំណើរការបូមសាកល្បងនៅថ្ងៃទី ២៥ ខែមីនានេះ ។
ក្រៅពីនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់គ្រប់សណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់ទាំងអស់ ត្រូវរៀបចំឲ្យមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ មុនបង្ហូរចូលទៅលូសាធារណៈ ។ រាល់ការដ្ឋានសំណង់ អគារគ្រប់ប្រភេទ ត្រូវធ្វើរបងហ៊ុំព័ទ្ធការដ្ឋានកម្ពស់យ៉ាងតិច ២ម៉ែត្រ ដោយរៀបចំជើងរបងអំពីបេតុងកម្ពស់យ៉ាងតិច ៨០សង់ទីម៉ែត្រ ដើម្បីកុំឲ្យដី សំណល់រឹងរាវ ហៀរចេញពីការដ្ឋាន ទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ព្រែក អូរ បឹង និងទីសាធារណៈ ក្នុងគោលដៅធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាព និងបរិស្ថាន ។ ប្រជាពលរដ្ឋ សង្កេតឃើញថា បច្ចុប្បន្ន ទីតាំងដែលកំពុងបង្ហូរទឹកកខ្វក់ចូលសមុទ្រ គឺនៅឆ្នេរសុខា ឆ្នេរអូរឈើទាល និងអូរត្រេះជាដើម ហើយការបង្ហូរចូលសមុទ្រនេះ ដោយសារស្ថានីយទាំង ៤ មិនទាន់ដំណើរការនៅឡើយ ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុ កំពុងតែមានសន្ទុះកើនឡើងខ្ពស់នៃការវិនិយោគ ក៏ដូចជា កំណើនសំណង់នានា។ កំណើននេះ ក៏កំពុងក្លាយជាបញ្ហាប្រឈមផងដែរ លើបរិស្ថាន អនាម័យនានា ។ ក្នុងនោះក្រៅពីការបង្ហូរទឹកកខ្វក់ចូលសមុទ្រ បញ្ហាសំរាម បញ្ហាដីហូរពីតាមការដ្ឋានសំណង់នានា សុទ្ធតែជាបញ្ហាដែលអាចបង្កជាភាពកខ្វក់ដល់ឆ្នេរ និងទឹកសមុទ្រ។
ដើម្បីបង្កាបញ្ហាទាំងអស់នេះ គឺទាមទារឲ្យមានវិធានការគ្រប់ គ្រងដ៏ល្អប្រសើរទៅលើម្ចាស់ការដ្ឋានសំណង់ ម្ចាស់អាហារដ្ឋាន ក៏ដូចជាពលរដ្ឋក្នុងការទុកដាក់សំរាម ក៏ដូចជាការបង្ហូរ ទឹកកខ្វក់នានាចេញពីតាមលំនៅឋាន ក៏ដូចជាអាហារដ្ឋាន ឬការដ្ឋានសំណង់ជាដើម ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍