Connect with us

ក្រោយ​ចូលឆ្នាំ​ខ្មែរ​ស្រាប់តែ​រលាក​ស្បែក​ ​ត្រូវ​ដឹង​វិធី​ព្យាបាល​ពិសេស​ទាំងនេះ​

ភ្នំពេញ​ ​៖​ ​រដូវ​ក្តៅ​ឆ្នាំនេះ​ ​គ្រាន់តែ​ឮ​កម្តៅ​អាច​ឡើង​ពី​ ​៤០​-​៤២​ ​អង្សា​រ​ ​ម្នា​ក់ៗ​មាន​អារម្មណ៍​ក្តៅ​ ​នៅ​មិនសុខ​បាត់​ទៅ​ហើយ​ ​ច្បាស់ជា​គ្មាន​អារម្មណ៍​ចង់​ចេញក្រៅ​នោះ​ទេ​ ​។​ ​ប៉ុន្តែ​ដោយសារតែ​រដូវ​ចូលឆ្នាំ​ ​នឹង​ចូល​មកដល់​ ​ត្រូវ​ទៅ​ស្រុក​ជួបជុំ​បងប្អូន​ ​ក្តៅ​យ៉ាងណា​ក៏​ត្រូវ​បង្ខំចិត្ត​ ​មិន​អ៊ីចឹង​?​ ​

​យោង​តាម​គេហទំព័រ​ ​Hello​ ​Krupet​ ​បាន​លើកឡើង​ថា​ ​សប្បាយ​ក៏​សប្បាយ​ចុះ​ ​តែ​គួរ​ប្រយ័ត្ន​រឿង​ស្បែក​យើង​ផង​ ​ទោះ​គេច​មិន​ផុត​ពី​ការ​រលាក​ស្បែក​ដោយ​កម្តៅថ្ងៃ​ ​។​ ​អ៊ីចឹង​ត្រូវ​ដឹង​វិធី​ព្យាបាល​ពិសេស​ទាំងនេះ​ ​ជាមុន​ ​។​

​១​-​ ​រលាក​ស្បែក​ដោយសារ​កម្តៅថ្ងៃ​

​រលាក​ស្បែ​ដោយ​កម្តៅថ្ងៃ​ ​សំដៅលើ​ការ​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​កាំ​រស្មី​អ៊ុ​លត្រា​វី​យ៉ូ​ឡេ​ ​ឬ​ ​UV​ ​ពី​ពន្លឺថ្ងៃ​ ​អាច​បង្ក​ឲ្យ​ស្បែក​ហើម​ ​ក្រហម​ ​និង​ឈឺចាប់​ ​នាំឲ្យ​ខូចខាត​កោសិកា​ស្បែក​ស្រទាប់​ក្រៅ​ ​និង​កោសិកា​មេ​ឡា​ណូ​ស៊ី​ត​ ​ក៏ដូចជា​ ​ការបាត់បង់​បណ្តោះអាសន្ន​នូវ​កោសិកា​ប្រព័ន្ធ​ប្រសាទ​ស្បែក​ ​(​Langerhans​)​ ​បង្ក​ដោយ​កាំរស្មី​ជះឥទ្ធិពល​លើ​ប្រូតេអ៊ីន​ ​និង​នុយ​ក្លេ​អូ​ប្រូតេអ៊ីន​របស់​កោសិកា​។​

ជា​រាង​រាល់​ឆ្នាំ​ ​នៅពេល​រដូវ​ក្តៅ​ចូល​មកដល់​ ​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​ ​សុទ្ធតែ​រង​ការ​រលាក​ដោយ​កម្តៅថ្ងៃ​ ​ខណៈ​កាំរស្មី​យូ​វី​ ​ក៏​សែន​ក្តៅ​ ​គឺ​អាស្រ័យ​លើ​មុំ​ ​និង​រយៈទទឹង​ព្រះអាទិត្យ​ ​ហើយ​ហានិភ័យ​កាន់តែ​ខ្ពស់​ ​គឺ​នៅពេល​ទីតាំង​ព្រះអាទិត្យ​ ​ស្ថិតនៅ​ចំពី​លើ​យើង​តែម្តង​ ​ពិសេស​អំឡុង​ម៉ោង​ ​១២​-​១៣​ ​ថ្ងៃត្រង់​។​

​ជា​ធម្មតា​ ​ព្រះអាទិត្យ​បញ្ចេញ​រលក​ពន្លឺ​ ​UV​ ​ចំនួន​បី​ប្រភេទ​ ​មាន​ ​UVC​,​ ​UVB​ ​និង​ ​UVA​ ​ប៉ុន្តែ​កាំរស្មី​ ​UVC​ ​មិន​អាច​ជះឥទ្ធិពល​មកដល់​ផែនដី​ ​ដោយសារ​ត្រូវ​ស្រទាប់​អូហ្សូន​ស្រូប​យក​។​ ​ទោះ​យ៉ាងនេះ​ក្តី​ ​កាំរស្មី​ពីរ​ប្រភេទ​ផ្សេងទៀត​ ​មាន​ ​UVA​ ​និង​ ​UVB​ ​អាច​ឆ្លងកាត់​ផុត​បរិយាកាស​ ​ហើយ​ថែមទាំង​ជះឥទ្ធិពល​ដល់​ស្រទាប់​ស្បែក​យើង​ ​ទាំង​ខាងក្រៅ​ ​និង​ស្រទាប់​ក្នុង​ទៀតផង​។​ ​កាំរស្មីUV​ ​ទាំងនេះ​ ​នឹង​ធ្វើឲ្យ​ស្បែក​ចាស់​មុន​កាលកំណត់​ ​បែ្រ​ជា​ជ្រីវជ្រួញ​ ​ប៉ះពាល់​គំហើញ​ ​នឹង​ឈាន​ទៅ​បង្ក​ជាម​ហារី​ក​ស្បែក​ ​ទៀតផង​។​

ការ​រលាក​ដោយ​កម្តៅថ្ងៃ​ ​អាស្រ័យ​លើ​ប្រភេទ​ស្បែក​ ​ពន្លឺ​របស់​ព្រះអាទិត្យ​ ​និង​រយៈពេល​យើង​ទទួលរង​កាំរស្មី​ ​។​ ​បើ​គ្នាយើង​ឲ្យ​ស្បែក​រង​ប៉ះពាល់​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ហួសហេតុ​ ​ឱកាស​របកស្បែក​កាន់តែ​ខ្ពស់​។​ ​យ៉ាងណា​ ​ស្បែក​យើង​នឹងជា​សះស្បើយ​ដោយខ្លួនឯង​ ​ក្រោយ​របក​ ​ដោយ​កោសិកា​ងាប់​ទាំងនោះ​ ​ប៉ុន្តែ​អាច​បង្ក​ជា​ស្នាម​ ​ហើយ​ករណី​ខ្លះ​ ​អាច​បង្ក​ជាម​ហារី​ក​ទៀតផង​។​ ​ដើម្បី​ចៀសវាង​ហានិភ័យ​ទាំងនេះ​ ​គ្នាយើង​គប្បី​ត្រូវ​ដឹងពី​វិធី​ព្យាបាល​មានប្រសិទ្ធភាព​មួយចំនួន​។​

​២​-​ ​វិធី​ព្យាបាល​បែប​សាមញ្ញ​

  • ​ប្រើជា​តិ​ទឹក​៖​ ​ពេល​យើង​រលាក​ដោយ​កម្តៅថ្ងៃ​ ​ស្បែក​នឹង​ចាប់ផ្តើម​របក​ក្រោយ​ ​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​។​ ​ការ​របក​នេះ​ ​នឹង​ឈប់​ ​នៅពេល​ស្បែក​បាន​ជាសះស្បើយ​ ​ហើយ​វិល​ត្រលប់​ទៅកាន់​ភាព​ដើម​ពេញលេញ​ទាំងស្រុង​។​ ​យ៉ាងណា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​បន្សល់​ស្នាម​លើ​ស្បែក​ ​មួយ​ក្នុងចំណោម​វិធី​ដើម្បី​ព្យាបាល​ស្បែក​របក​ ​គឺ​ផឹកទឹក​ឲ្យបាន​ច្រើន​ ​ដើម្បី​ជួ​យសែ្ប​ក​មាន​សំណើម​ ​ឆាប់​ជាសះស្បើយ​ ​ដោយ​យើង​បាន​បង្គ្រប់​ជាតិទឹក​ដែល​ស្បែក​ត្រូវការ​។​
  • ក្រមួន​ ​ក្រែម​៖​ ​យើង​អាច​លាប​ផលិតផល​ផ្តល់​សំណើម​ ​ដូចជា​ ​ចាហួយ​ចម្រាញ់​ពី​ប្រទាល​កន្ទុយក្រពើ​ ​ឬ​ក្រែម​ ​ក្រមួន​ ​(​Vaseline​ ​ឬ​ ​Petroleum​ ​Jelly​)​ ​ដើម្បី​ផ្តល់​សំណើម​ឲ្យ​ស្បែក​។​
  • ​ងូតទឹក​ក្តៅ​៖​ ​ងូតទឹក​ក្តៅ​ឧណ្ហ​ៗ​ ​ក៏​ជួយ​បាន​ដូចគ្នា​ ​អាច​ជួយ​ឲ្យ​កោសិកា​ស្បែក​ដែល​ងាប់​ ​ងាយ​របក​អស់​ ​ប៉ុន្តែ​ត្រូវ​ថ្នមដៃ​ ​ពេល​សម្អាត​កោសិកា​ស្បែក​ងាប់​ទាំងនោះ​ ​ព្រោះ​ស្បែក​ថ្មី​ ​មាន​សភាព​ស្បែក​ ​ហើយ​ទន់​ ​មិនទាន់​រឹងមាំ​។​
  • ​ស្អំ​ស្បៃ​ត្រជាក់​៖​ ​វិធី​ផ្សេងទៀត​ ​ព្យាបាល​បញ្ហា​របកស្បែក​ដោយសារ​កាំរស្មី​ ​UV​ ​អាច​ស្អំ​ដោយ​ស្បៃ​ត្រជាក់​។​ ​គ្នាយើង​ ​អាច​ដាក់​ស្បៃ​ត្រជាក់​ ​និង​សើម​នៅ​លើ​ស្បែក​របក​ ​ឲ្យបាន​ ​២០​-​៣០​ ​នាទី​ ​ដើម្បី​សម្រាល​ការ​រលាក​។​ ​ចៀសវាង​ ​ដាក់​ស្អំ​ទឹកកក​ដោយ​ផ្ទាល់​ទៅលើ​ផ្ទៃ​ស្បែក​ ​ព្រោះ​អាច​បណ្តាល​ឲ្យ​ស្បែក​ ​ឈឺ​ក្រហាយ​។​
  • ​ស្លៀកពាក់​ជិ​តៗ​៖​ ​អ្នកជំនាញ​ណែនាំ​ថា​ ​អាច​គ្រប​ស្បែក​កំពុង​របក​ ​ឬ​ស្នាម​ស្បែក​ឲ្យ​ត្រលប់​ដូចដើម​វិញ​បាន​ ​ដោយ​ប្រើ​សម្លៀកបំពាក់​ណាមួយ​ ​ឬ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ ​មាន​សមត្ថភាព​ការពារ​កម្តៅថ្ងៃ​ ​(​SPF​)​ ​៤៥​ ​ឬ​ខ្ពស់​ជាង​នេះ​ ​ដើម្បី​ចៀសវាង​ការខូចខាត​បន្ថែម​ទៀត​ដោយសារ​កម្តៅ​ព្រះអាទិត្យ​។​
  • ផលិតផល​ផ្តល់​សំណើម​៖​ ​ករណី​ស្បែក​រលាក​ថ្ងៃ​របក​ទាំងអស់​តែម្តង​ ​គេ​ណែនាំ​ឲ្យ​លាប​ផលិតផល​ផ្តល់​សំណើម​ ​មាន​ដែល​មាន​បរិមាណ​អាស៊ីដ​អាល់ហ្វា​ហាយ​ដ្រុ​ក​ស៊ី​ ​បន្តិចបន្តួច​។​ ​ផលិតផល​ទាំងនោះ​ ​នឹង​ជួយ​សក​ជម្រុះ​ចោល​ស្បែក​ងាប់​ ​នឹង​មិន​ធ្វើឲ្យ​ប៉ះពាល់​កោសិកា​ស្បែក​ថ្មី​ឡើយ​។​

​៣​-​ ​ការពារ​ប្រសើរ​ជាង​ព្យាបាល​

ដូច​ពាក្យចាស់​លើកឡើង​ ​“​ការពារ​ប្រសើរ​ជាង​ព្យាបាល​”​ ​ហេតុនេះ​ព្យាយាម​ចៀសឆ្ងាយ​ពី​កាំរស្មី​ព្រះអាទិត្យ​ផ្ទាល់​ ​ជាពិសេស​នៅពេល​ព្រះអាទិត្យ​កំពុង​រះ​ឡើង​ខ្ពស់​ ​ប៉ុន្តែ​បើ​មិន​អាច​ចៀស​រួច​ ​ត្រូវ​ពាក់​សម្លៀកបំពាក់​ការពារ​ថ្ងៃ​ ​គ្រប​ដណ្តប់​ផ្ទៃ​ស្បែក​ឲ្យបាន​គ្រប់តំបន់​ទាំងអស់​។​

​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ ​ដែល​មានក​ត្តា​ការពារ​ ​(​SPF​)​ ​ចំនួន​ ​៣០​ ​ឬ​ខ្ពស់​ជាង​នេះ​ ​ប្រមាណ​ ​៣០នាទី​ ​មុន​ពេល​ទៅក្រៅ​ ​អាច​ការពារ​ស្បែក​អ្នក​ពី​កាំរស្មី​ ​UVA​ ​និង​ ​UVB​ ​ខណៈ​មួក​ ​និង​វ៉ែនតា​ ​ក៏​សំខាន់​ដូចគ្នា​ ​អាច​ការពារ​ស្បែក​មុខ​ ​និង​ភ្នែក​កុំ​ឲ្យ​ខូចខាត​ដោយសារ​កាំរស្មី​ ​៕​

ប្រភព ៖ hellokrupet.com

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម