Connect with us

ផឹកទឹក​តែ​ក្តៅ​ពេក​ ​ប្រឈម​កើត​មហារីក​បំពង់អាហារ​

ភ្នំពេញ​ ​៖​ ​មនុស្សជា​ច្រើន​ ​បាន​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​ពួកគេ​ ​ជាមួយនឹង​ការ​ផឹកទឹក​តែ​។​ ​ប៉ុន្ដែ​អ្នកផឹក​ទឹកតែ​ក្តៅ​ពេក​ ​អាច​ប្រឈម​ទ្វេដង​ជាមួយ​មហារីក​បំពង់អាហារ​ ​នេះ​បើ​តាម​ការសិក្សា​ថ្មី​មួយ​។​

​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​ ​Hello​ ​Krupet​ ​អ្នកស្រាវជ្រាវ​ ​បាន​រក​ឃើញថា​ ​អ្នកចូលចិត្ត​ទឹកតែ​មាន​កម្តៅ​លើស​ពី​ ​៦០អង្សា​រសេ​ ​និង​ទទួលទាន​លើស​ពី​ ​៧០០មិល្លី​លីត្រ​ ​ឬ​ ​ប្រហែល​ ​២ពែង​ធំ​ ​ក្នុង​មួយថ្ងៃ​ ​មាន​អា​ត្រា​ ​៩០ភាគរយ​ ​ប្រឈម​កើត​មហារីក​បំពង់អាហារ​ ​បើ​ប្រៀបធៀប​នឹង​អ្នកផឹក​តែ​ ​មាន​បរិមាណ​តិច​ជាង​ ​និង​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​នេះ​ ​។​

​ការសិក្សា​នេះ​ ​បាន​ពិនិត្យ​លើ​មនុស្ស​ជាង​ ​៥០.០០០នាក់​ ​ក្នុង​ខេត្ត​ ​Golestan​ ​នៅ​ភា​គ​ឦសាន្​ត​ ​នៃ​ប្រទេស​អ៊ីរ៉ង់​។​ ​“​មនុស្សជា​ច្រើន​ ​រីករាយ​ការ​ទទួលទានទឹក​តែ​ ​កាហ្វេ​ ​និង​ភេសជ្ជៈ​ក្តៅ​ផ្សេងទៀត​។​ ​ទោះជាយ៉ាងណា​ ​យោង​តាម​របាយការណ៍​របស់​យើង​ ​ការ​ផឹកទឹក​តែ​ក្តៅ​ពេក​ ​អាច​បង្កើន​ភាព​ប្រឈម​មហារីក​បំពង់​រំលាយអាហារ​ ​។​ ​ដូច្នេះ​ ​វា​គួរ​រង់ចាំ​រហូតដល់​ភេសជ្ជៈ​ក្តៅ​ ​ចុះ​ត្រជាក់​សិន​ ​មុន​ផឹក​”​។​ ​នេះ​បើ​តាម​លោក​បណ្ឌិត​ ​Farhad​ ​Islami​ ​នៃ​អង្គការ​ ​American​ ​Cancer​ ​Society​ ​ដែល​ដឹកនាំ​ការសិក្សា​លើ​ករណីនេះ​។​

​ការ​សិក្សា​មុន​ៗ​ ​រក​ឃើញ​ផង​ដែរ​ ​ការ​ជាប់ពាក់ព័ន្ធ​គ្នា​មួយ​រវាង​ការ​ផឹកទឹក​តែ​ក្តៅ​ ​និង​មហារីក​បំពង់អាហារ​។​ ​ចំណែក​ការសិក្សា​ថ្មីនេះ​ ​គឺជា​លើកដំបូង​ ​ដើម្បី​បញ្ជាក់​ពីសី​តុ​ណ្ហ​ភាព​ ​ជា​កត្ដា​ជាក់លាក់​មួយ​ ​បង្ក​ឲ្យ​កើត​មហារីក​បំពង់អាហារ​។​ ​នេះ​បើ​តាម​លោក​បណ្ឌិត​ ​Farhad​ ​Islami​។​

​យោង​តាម​ទីភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការស្រាវជ្រាវ​ជំងឺមហារីក​ ​បញ្ជាក់​ថា​ ​មហារីក​បំពង់អាហារ​នេះ​ ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ ​៤០០.០០០នាក់​ ​ជា​រៀងរាល់​ឆ្នាំ​។​ ​ជា​ធម្មតា​ ​បណ្ដាលមកពី​របួស​ម្ដង​ហើយ​ម្តង​ទៀត​ ​ទៅលើ​បំពង់អាហារ​ ​ដោយសារ​ផ្សែង​ ​អាល់កុល​ ​ការ​ឡើងជា​តិ​អាស៊ីដ​ ​(​Acid​ ​Reflux​)​ ​និង​ប្រហែល​ដោយសារ​សារធាតុរាវ​ក្តៅ​។​

​អង្គការ​ ​American​ ​Cancer​ ​Society​ ​បាន​ប៉ាន់ស្មាន​ថា​ ​១៣.៧៥០​ ​ករណី​ថ្មី​ ​នៃ​មហារីក​បំពង់អាហារ​ ​នឹង​កើតមាន​លើ​បុរស​ ​និង​ ​៣.៩០០​ ​ករណី​ថ្មី​ ​កើតមាន​លើ​ស្រ្តី​ ​ក្នុង​សហរដ្ឋអាមេរិក​ ​ក្នុង​ឆ្នាំ​ ​២០១៩​។​ ​ពាក់ព័ន្ធ​នឹង​ការសិក្សា​នេះ​ ​លោក​សាស្រ្តា​ចារ្យ​ ​Stephen​ ​Evans​ ​នៃ​សាលា​ក្រុង​ឡុង​ដ៏​ ​ផ្នែក​អនាម័យ​ ​និង​ឱសថ​ ​បាន​បញ្ជាក់​ថា​ ​កម្ដៅ​គឺជា​បញ្ហា​ ​ជាង​ប្រភេទ​ភេសជ្ជៈ​ ​៕​

អត្ថបទ ៖  hellokrupet.com

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម