Connect with us

ក្រសួងឧស្សាហកម្ម នឹងជំរុញឲ្យ SME ចុះបញ្ជីជាផ្លូវការឲ្យបានពី ៧០ទៅ ៨០ភាគរយ នៅត្រឹមឆ្នាំ ២០២០

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម (SME) ចុះបញ្ជីជាផ្លូវការឲ្យបានពី ៧០ទៅ ៨០ភាគរយ នៅត្រឹមឆ្នាំ ២០២០ ស្របទៅ តាមគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ ព្រមទាំងការលើកកម្ពស់ការគាំទ្រសកម្មភាពសហគ្រាស ដើម្បីចូលរួមចំណែកបង្កើនបរិមាណផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ៧ភាគរយ ជារៀងរាល់ឆ្នាំ។
យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម និងសិប្បកម្មបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ ២០១៧ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួន ១៥ម៉ឺន ៥ពាន់ ៦៤០ មូលដ្ឋាន ស្មើនឹង ១៣០ភាគរយ បើធៀបកាលពីឆ្នាំ ២០១៣ ហើយបានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណជាង ១,១លាននាក់ ស្មើនឹង ២២៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នានេះ ជាមួយ នឹងផលរបរប្រចាំឆ្នាំដែលមានរហូតដល់ ៩៣ពាន់ ៥៨៦លានដុល្លារ។
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសា សន៍ថា ក្រសួងបាន និងកំពុង រៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម សំដៅជួយគាំទ្រ លើកទឹកចិត្តដល់សហគ្រាសកម្មន្តសាលដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាព សក្តានុពល និងកាលានុវត្តភាពទាំងឡាយ ក្នុងការពង្រីកវិមាត្រសេដ្ឋកិច្ច បង្កើតតម្លៃបន្ថែម ខ្ពស់ តាមរយៈការអភិវឌ្ឍ និងផ្ទេរបច្ចេកវិទ្យា កែលម្អបរិស្ថាននិយ័តកម្ម បង្កើនផលិតភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។
ឯកឧត្តមថ្លែងទៀតថា ការចេញគោលនយោបាយនេះ រំពឹងថា ចំនួនសគ្រាសធុនតូច ៧០ភាគរយ និងសហគ្រាសធុនមធ្យម ៨០ភាគរយ អាចនឹងចុះបញ្ជីជាផ្លូវការនៅឆ្នាំ ២០២០។
យោងតាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា គិតត្រឹមដំណាច់ឆ្នាំ ២០១៧ រោងចក្រធុនធំ ដែលបានចុះបញ្ជី មានចំនួនសរុប ១៥២២រោងចក្រ ស្មើនឹង ១៣៧ភាគរយ ធៀបនឹងឆ្នាំ ២០១៣ ក្នុងនោះផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប មាន ចំនួន ១០៣១រោងចក្រ ស្មើនឹង ១២៩ភាគរយ។ ចំពោះពលកម្មសរុបមានប្រមាណជាង ៩៨ម៉ឺននាក់ ក្នុងនោះបម្រើឲ្យផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប មានប្រមាណជាង ៨៤ម៉ឺននាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម