រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យក្នុងខេត្តកំពង់់ស្ពឺ នឹងដំណើរការនៅខែមេសានេះ
ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសកម្ពុជា ជាពិសេស គឺក្នុងទីក្រុងភ្នំពេញ សុទ្ធតែទទួលរងនូវបញ្ហាដាច់ចរន្តអគ្គិសនី ខណៈដែលរដូវនេះ ជារដូវប្រាំងក្តៅហួតហែង ដូច្នេះហើយតម្រូវការនៃការប្រើប្រាស់អគ្គិសនីក៏កើនឡើងខ្លាំង ស្របពេលដែលរោងចក្រវារីអគ្គីសនី មិនអាចផលិតថាមពលបាន ដោយសារតែកង្វះទឹក ។
ដោយមើលឃើញពីផលលំបាកជាច្រើនដែលបង្កមកពីកង្វះថាមពលអគ្គីសនីដើម្បីផ្គត់ផ្គង់នេះ ទើបអគ្គិសនីកម្ពុជា (Electricite du Cambodge) បានសម្រេចដាក់បន្ថែមប្រភពផ្គត់ផ្គង់ ដោយក្នុងនោះ រួមមានទាំងការបញ្ជាទិញអគ្គិសនីពីបរទេសបន្ថែម និងការបង្កើនផលិតកម្មអគ្គិសនីក្នុងស្រុក ។
គេហទំព័រ www.realestate.com.kh បានអោយដឹងថា ថ្មីៗនេះ រោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្រ ដែលគ្រប់គ្នាស្គាល់ថា ជាថាមពលសូឡាមួយ បានប្រកាស នឹងបើកដំណើរការ ដើម្បីផលិតថាមពលអគ្គីសនីឲ្យប្រើប្រាស់នៅក្នុងខែមេសា ឆាប់ៗខាងមុខនេះហើយ នេះបើតាមការប្រកាសជាសាធារណៈពីអគ្គិសនីកម្ពុជា។
សួនបន្ទះថាមពលពន្លឺព្រះអាទិត្យនេះ មានទីតាំងនៅក្នុងភូមិត្មាតពង ខេត្តកំពង់ស្ពឺ ដែលជាទីតាំងមួយ នៅមិនឆ្ងាយប៉ុន្មាននោះទេពីរាជធានីភ្នំពេញ ។
បើតាមអគ្គិសនីកម្ពុជា បន្ទះសូឡានេះ អាចផលិតថាមពលបានរហូតដល់ទៅ ៦០ មេហ្គាវ៉ាត់ នៅពេលដែលវាដំណើរការពេញលេញ។ ប៉ុន្តែក្នុងខែមេសាខាងមុខនេះ វានឹងផលិតថាមពលបានត្រឹមប្រមាណ ២០ មេហ្គាវ៉ាត់ជាមុនសិន ដើម្បីផ្គត់ផ្គង់ និងចែកចាយឲ្យប្រើប្រាស់។ ការដាក់ឲ្យផលិតថាមពលនេះ ត្រូវបានគេដឹងថា គឺធ្វើឡើងដល់ទៅ៤ខែ មុនការគ្រោងទុក ដោយសារតែតម្រូវការនាពេលនេះ មានលក្ខណៈបន្ទាន់ខ្លាំង ។ ទោះជាយ៉ាងណាក៏ដោយ រោងចក្រនេះ នឹងដំណើរការទាំងស្រុងតែម្តងនៅក្នុងខែសីហា ឆ្នាំ២០១៩ខាងមុខ។
ទោះជា នឹងមានការផ្គត់ផ្គង់ថាមពលពីប្រភពទាំងនេះទៅហើយក្តី ប៉ុន្តែបរិមាណនៃតម្រូវការនៅតែមិនទាន់សមតុល្យទៅនឹងការផ្គត់ផ្គង់នៅឡើយ។ តាមប្រភពព័ត៌មាន បង្ហាញថា កម្ពុជាអាចនឹងមានគម្រោងសួនថាមពលសូឡារនេះបន្ថែមចំនួនពីរទៀត នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដោយកន្លែងទាំងពីរនេះ អាចនឹងផលិតថាមពលបានរហូតដល់ទៅ ១៨០មេហ្គាវ៉ាត់។
គួរបញ្ជាក់ផងដែរថា គម្រោងផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនេះ គឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីផលិតថាមពលប្រើប្រាស់ ដោយសារតែថាមពលព្រះអាទិត្យ គឺកើតមានជាទៀងទាត់រៀងរាល់ថ្ងៃ ពោលគឺមិនពិបាកប៉ាន់ស្មាន ដូចជាបរិមាណទឹកនោះឡើយ ។ ម្យ៉ាងវិញទៀត កម្ពុជានៅសល់ដីទំនេរច្រើន ដែលស័ក្តិសមបំផុតនៅក្នុងការបំពាក់ផ្ទាំងសូឡាដើម្បីស្រូបយកថាមពលពន្លឺព្រះអាទិត្រនេះ ៕
ប្រភព៖ www.realestate.com.kh
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍