Connect with us

កម្ពុជា​ ​សម្លឹង​មើលក្នុង​ការ​នាំ​យក​ប្រព័ន្ធ​រថភ្លើង​ទំនើប​ពី​ប្រទេស​ចិន​ ​មក​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ​

ប្រទេស​ចិន​ ​៖​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​កម្ពុជា​ ​សម្លឹង​មើលក្នុង​ការ​នាំ​យក​ប្រព័ន្ធ​រថភ្លើង​ទំនើប​របស់​ប្រទេស​ចិន​ ​មក​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​ ​។​ ​
​ការ​សម្លឹង​មើល​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ការងារ​ទៅកាន់​ទីក្រុង​ ​Chongqing​ ​ប្រទេស​ចិន​ ​និង​ក្រោយពី​បាន​ទៅ​ទស្សនកិច្ច​សិក្សា​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ ​Monorail​ ​នៅ​រោង​ជួសជុល​ថែទាំ​រថភ្លើង​ ​និង​ចុះ​ពិនិត្យ​នៅ​តាម​ទីតាំង​ស្ថានីយ​មួយចំនួន​ ​ព្រមទាំង​បាន​ជិះ​សាកល្បង​រថភ្លើង​ប្រភេទ​នេះ​ ​។​



​ក្នុង​ជំនួប​ជាមួយនឹង​លោក​ ​Zhou​ ​Keqin​ ​អនុប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​បក្សនយោបាយ​ប្រជាជន​ចិន​ ​នៃ​គណៈកម្មាធិការ​ក្រុង​ ​Chongqing​ ​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​កម្ពុជា​ ​បាន​ស្នើ​ដល់​ភាគី​ចិន​ ​ក្នុង​ការពិនិត្យ​លទ្ធភាព​ ​នៃ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ ​Monorail​ ​នៅ​កម្ពុជា​ ​និង​ការ​ជួយ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា​។​ ​

​ក្នុង​ជំនួប​នោះ​ដែរ​ ​ក៏បាន​ពិភាក្សា​ពី​ការ​តភ្ជាប់​ច្រករបៀង​ប៉ែក​ខាងត្បូង​រវាង​ក្រុង​ ​Chongqing​ ​ប្រទេស​ចិន​ ​ប្រទេស​សិង្ហបុរី​ ​ប្រទេស​វៀតណាម​ ​និង​ប្រទេស​កម្ពុជា​ ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ ​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​រវាង​កម្ពុជា​-​ចិន​ ​និង​ប្រទេស​ក្នុង​តំបន់​ ​។​
​ជា​ការ​ឆ្លើយតប​លោក​ ​Zhou​ ​បាន​យល់ព្រម​លើ​សំណើ​របស់​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​លើ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រុង​ ​Chongqing​ ​និង​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ក្នុង​ការសិក្សា​រៀបចំផែនការ​អភិវឌ្ឍន៍​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ ​Monorail​ ​នៅ​កម្ពុជា​ ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ ​និង​សិក្សា​លទ្ធភាព​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ឡូ​ជី​ស្ទីក​រវាង​ប្រទេស​ទាំងពីរ​ ​។​ ​
​លោក​ ​Zhou​ ​បាន​សន្យា​ថា​ ​នឹង​រៀបចំ​ក្រុមការងារ​នៃ​ការិយាល័យ​ដឹកជញ្ជូន​ក្រុង​ ​Chongqing​ ​និង​ក្រុមការងារ​ឡូ​ជី​ស្ទីក​ ​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​។​

​ក្រៅពី​នេះ​ ​លោក​ ​Zhou​ ​ក៏បាន​ឯកភាព​តាម​សំណើ​របស់​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​លើ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ការ​កសាង​ ​និង​ពង្រឹង​សមត្ថភាព​មន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ដោយ​សន្យា​ថា​ ​នឹង​ពិនិត្យ​លទ្ធភាព​ផ្តល់​ជូន​នូវ​គ្រូ​បណ្តុះបណ្តាល​ជំនាញ​ទៅ​កម្ពុជា​ ​ដើម្បី​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​ៗ​ ​សម្រាប់​ផ្លាស់​ប្តូរ​បទពិសោធន៍​ ​និង​ឱកាស​សិក្សា​ស្វែងយល់​ ​ទៅវិញទៅមក​ ​។​ ​ជាមួយ​នេះ​ ​ក៏​នឹង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ផ្តល់​ជូន​អាហារូបករណ៍​ទៅដល់​និស្សិត​កម្ពុជា​ ​ថ្នាក់​ឧត្តម​សិក្សា​ផង​ដែរ​ ​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​ក្រុង​ ​Chongqing​ ​និង​ប្រទេស​កម្ពុជា​ ​កាន់តែ​រីកចម្រើន​ទៅមុខ​មួយ​កម្រិត​ទៀត​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម