Connect with us

ធនាគារពិភពលោកលើកឡើងថា កំណែទម្រង់វិស័យអប់រំរបស់កម្ពុជាដើរលើផ្លូវត្រូវ

អ្នកជំនាញការរបស់ធនាគារពិភពលោក បានអះអាងថា វិស័យអប់រំរបស់ប្រទេសកម្ពុជាដើរលើផ្លូវត្រឹមត្រូវ ដោយបង្ហាញឲ្យឃើញនូវភាពប្រសើរឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីកំណែទម្រង់ក្នុងវិស័យអប់រំ។ នេះបើតាមការលើកឡើងរបស់ លោក ម៊ីឆែល ក្រហ្វត (Michael Crawford) ប្រធានក្រុមស្រាវជ្រាវ នៃធនាគារពិភពលោក កាលពីពេលថ្មីៗកន្លងទៅនេះ។
ឆ្លើយតបចំពោះអ្នកសារព័ត៌មានកម្ពុជាពីប្រទេសកម្ពុជា អំពីការប្រៀបធៀបក្នុងវិស័យអប់រំរបស់កម្ពុជាទៅនឹងស្ថានភាពអប់រំក្នុងតំបន់ លោក ម៊ីឆែល ក្រហ្វត បានលើកឡើងនូវកត្តាមួយចំនួនដែលបង្ហាញឲ្យឃើញនូវភាពប្រសើរឡើងក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា ក្នុងនោះការអប់រំយុវជន និងការចុះឈ្មោះចូលរួមរបស់កុមារតូច។
លោក អះអាងថា កំណែទម្រង់ថ្មីៗរបស់ក្រសួងអប់រំយុវជន និងកីឡារបស់ប្រទេសកម្ពុជា ស្របគ្នាទៅនឹងមូលហេតុដែលនាំទៅដល់ភាពប្រសើរឡើងក្នុងការអប់រំ ដែលការសិក្សាស្រាវជា្រវបានរកឃើញ។
របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថា ការកែលម្អគុណភាពអប់រំឲ្យកាន់តែប្រសើរគឺជាការចាំបាច់ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ហើយ រំលេចឲ្យឃើញនូវវិធីនានាដែលប្រទេសមួយចំនួនក្នុងតំបន់នេះ បានអនុវត្តដើម្បីបង្កើនលទ្ធផលនៃការរៀន កន្លងមក។
ដោយដកស្រង់មេរៀនពីប្រព័ន្ធអប់រំដែលមានភាពជោជ័យ នៅក្នុងតំបន់ របាយការណ៍នេះ បានផ្តល់អនុសាសន៍ជាក់ស្តែងមួយចំនួន សម្រាប់ រៀបចំគោលនយោបាយ គន្លឹះឈាន ទៅលើកកម្ពស់ ការរៀន ដើម្បីជួយឱ្យសិស្សទទួលបានជំនាញមូលដ្ឋានក្នុងការអាន និង មុខវិជ្ជាគណិតសាស្រ្ត ក៏ដូចជាក្នុងមុខជំនាញស្មុគស្មាញឯកទៀតដែលជាភាពចាំបាច់ សម្រាប់ បំពេញតម្រូវការទីផ្សារពលកម្មនាពេលអនាគត។
របាយការណ៍នោះ ក៏បានបង្ហាញឲ្យឃើញថា ប្រទេសជាច្រើននៅក្នុងតំបន់ មិនទទួលបានលទ្ធផលដែលគេប្រាថ្នាចង់បាននោះឡើយ។ នៅក្នុងប្រទេសតួយ៉ាង ដូចកម្ពុជា និង ទីម័រ ឡេស្តេ មួយភាគបីឬលើសនេះនៃសិស្សថ្នាក់ទី២ នៅតែមិនអាចអានដាច់សូម្បីតែមួយពាក្យក្នុងការធ្វើតេស្តអំណាន។
របាយការណ៍នេះបានដាក់ចេញនូវជំហានជាក់ស្តែងមួយចំនួនសម្រាប់កែលម្អការរៀននៅក្នុងប្រព័ន្ធអប់រំដែលកំពុងមានភាពយឺតយ៉ាវ នៅក្នុងតំបន់និងនៅក្រៅតំបន់ ដោយផ្តើមចេញពីការធ្វើយ៉ាងណាឱ្យបណ្តាស្ថាប័នក្នុងប្រទេសដើរស្របគ្នា ដើម្បីឱ្យគោលបំណងនិងការទទួលខុសត្រូវនៅក្នុងប្រព័ន្ធអប់រំ មានសង្គតិភាពជាមួយគ្នា។ ក្រៅពីនេះ របាយការណ៍ ក៏បានស្នើសុំផងដែរ សូមឱ្យមានការផ្តោតទៅលើវិស័យគន្លឹះចំនួន៤ គឺ 1. ការចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាពនិងសមធម៌ 2. ការត្រៀមលក្ខណៈសិស្សសម្រាប់ការរៀនសូត្រ 3. ការជ្រើសរើសនិងការឧបត្ថម្ភគាំទ្រដល់គ្រូ និង 4. ការប្រើប្រាស់ជាលក្ខណៈប្រព័ន្ធនូវការវាយតម្លៃសម្រាប់កែសម្អការបង្រៀន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម