កម្ពុជា-ជប៉ុន បានចុះហត្ថលេខាជាផ្លូវការ ដើម្បីបើកផ្លូវបញ្ជូនពលករជំនាញ ទៅធ្វើការនៅជប៉ុន
ប្រទេសជប៉ុន ៖ ប្រទេសកម្ពុជា បានក្លាយជាប្រទេសទី២ ដែលបានចុះហត្ថលេខាជាផ្លូវការក្នុងការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ក្រោយពេលដែលប្រទេសនេះ ទើបតែបានធ្វើវិសោធនកម្មច្បាប់ស្តីពីការទទួលជនភៀសខ្លួន និងការគ្រប់គ្រងជនអន្តោប្រវេសន៍ ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុននេះ បានធ្វើឡើងនៅក្នុងទីក្រុងតូក្យូ រវាងលោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកការងារ និងលោកស្រី Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន ក្រោមវត្តមានលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន ។
តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ពលករជំនាញកម្ពុជា នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសមាស ទៅធ្វើការនៅប្រទេសជប៉ុន ដើម្បីជាផលប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់កម្ពុជាផង ក៏ដូចជាចូលរួមចំណែកដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មរបស់ជប៉ុន ជាពិសេសសម្រេចឱ្យបាននូវចក្ខុវិស័យគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។
គួររម្លឹកថា រដ្ឋាភិបាលជប៉ុន បានធ្វើវិសោធនកម្មច្បាប់ស្តីពីការទទួលជនភៀសខ្លួន និងការគ្រប់គ្រងជនអន្តោប្រវេសន៍ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ដោយបង្កើតទិដ្ឋាកាការងារថ្មីចំនួន២ប្រភេទ គឺ «ពលករជំនាញ១» និង «ពលករជំនាញ២» ។ ច្បាប់នេះ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។ ដោយឡែកប្រព័ន្ធបញ្ជូនកម្មសិក្សាការីនៅអនុវត្តដដែល ។
ជប៉ុនគ្រោងទទួលយកពលករជំនាញទាំង២ប្រភេទ ពីប្រទេសចំនួន៨ រួមមាន៖ កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា និងនេប៉ាល់ ចំនួន ៣៤៥,១៥០នាក់ ក្នុងរយៈពេល៥ឆ្នាំដំបូង ក្នុងនោះពលករជំនាញសម្រាប់ការងារចំនួន ១៤ប្រភេទ រួមមានផ្នែកថែទាំមនុស្សចាស់ ការសម្អាតអាគារ ការផលិតគ្រឿងបម្លាស់ ការផលិតគ្រឿងម៉ាស៊ីន ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ការងារសំណង់ ការផលិតនាវា ការជួសជុល និងដំឡើងរថយន្ត ការងារអាកាសចរណ៍ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារ និងភេសជ្ជៈ និងការងារនៅភោជនីយដ្ឋាន ។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសទី២ ដែលបានចុះអនុស្សរណៈនេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីហ្វីលីពីន ដែលបានចុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីក្រសួងយុត្តិធមជប៉ុន បានលើកឡើងថា ការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីពលករជំនាញនាថ្ងៃនេះ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ។
បើតាមលោក អ៊ិត សំហេង បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅសិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួនប្រមាណ ១ម៉ឺន១ពាន់នាក់ ក្នុងនោះកម្មសិក្សាការីមានប្រមាណជិត ៧ពាន់នាក់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍