អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទទំនប់បង្ហៀរទឹកកខ្វក់នៅចំណុចឆ្នេរសុខា
ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទទំនប់បង្ហៀរទឹកកខ្វក់នៅចំណុចឆ្នេរសុខា ដើម្បីស្ទាក់ទឹកកខ្វក់តាមប្រឡាយនេះ ឲ្យហូរចូលទៅក្នុងស្ថានីយ៍បូមទឹកកខ្វក់ទី៣ វិញ ដើម្បីបូមបញ្ចូលទៅស្ថានីយ៍ចម្រោះ នៅអូរឈើទាល ធ្វើការច្រោះរួចទើបបង្ហូរចេញទៅសមុទ្រ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលូប្រឡាយ អូរ បានបញ្ជាក់ឲ្យដឹងថា គោលបំណងសំខាន់ ក្នុងបិទនេះ គឺធ្វើយ៉ាងណាឈានទៅកាត់បន្ថយបរិមាណទឹកកខ្វក់ ដែលកន្លងមក បានហូរចូលសមុទ្រ ឲ្យបានជាអតិបរមា ចៀសវាងនាំឱ្យប៉ះពាល់ទៅដល់ឆ្នេរ និងទឹកសមុទ្រ ។
លោក អភិបាលរងខេត្ត បានបន្ថែមថា ទោះយ៉ាងណា រដ្ឋបាលខេត្ត មានការរំពឹងថា នៅពេលអនាគត បញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុ នឹងត្រូវដោះស្រាយបាន ហើយវានឹងលែងជាកង្វល់ធ្ងន់ធ្ងរដូចសព្វថ្ងៃនេះទៀត ។
គួររម្លឹកថា ស្ថានីយបូមទឹកកខ្វក់ថ្មី ៤ ទីតាំងក្នុងខេត្តព្រះសីហនុ បានកំពុងសាកល្បងបូមទឹកកខ្វក់ កុំឲ្យធ្លាក់ចូលសមុទ្រ ក្រោយពេលដែលបានសាងសង់រួចរាល់ ។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអោយដឹងថា ការបូមទឹកកខ្វក់សាកល្បងនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យទឹកសមុទ្រនៅក្នុងខេត្តព្រះសីហនុ ប្រែជាស្អាតឡើងវិញ ដើម្បីស្វាគមន៍ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
សូមបញ្ជាក់ថា ស្ថានីយបូមទឹកកខ្វក់ទាំង ៤ ទីតាំង គឺត្រូវបានក្រុមការងារប្រឹងប្រែងសាងសង់រួចរាល់អស់ហើយ នៅតែការបញ្ចប់ការតភ្ជាប់ទុយោគ្នា និងការតភ្ជាប់លូគ្នាប៉ុណ្ណោះសម្រាប់បង្ហូរទឹកកខ្វក់ ដែលបូមចេញពីស្ថានីយទាំង ៤នោះ ទៅទម្លាក់នៅក្នុងអាងចម្រោះទំហំ ១៦ ហិកតា ។
ទោះយ៉ាងណា លោក បានអោយដឹងថា ស្ថានីយទាំង ៤នេះ មិនអាចទប់ទឹកកខ្វក់ ១០០% មិនឲ្យចូលសមុទ្រនៅពេលរដូវភ្លៀងធ្លាក់ទេ ប៉ុន្តែសម្រាប់ទឹកកខ្វក់ខ្មៅសុទ្ធនោះ គឺបិទមិនឲ្យហូរ ចូលសមុទ្រទៀតទេ គឺត្រូវបូមបញ្ច្រាសឡើងភ្នំតែម្ដង ។
សូមបញ្ជាក់ថា ស្ថានីយបូមទឹកកខ្វក់ដើម្បីចម្រោះ មុនបង្ហូរចូលទៅសមុទ្រទាំង ៤ ទីតាំងនេះ គឺស្ថិតនៅឆ្នេរឯករាជ្យ ឆ្នេរសុខា អូរស្អាត និងឆ្នេរអូរឈើទាល ដោយស្ថានីយទី ១ មានទំហំ ១១ ម៉ែត្រគុណ ១៥ ម៉ែត្រនិងជម្រៅ ៥ ម៉ែត្រ, ស្ថានីយទី ២ មានទំហំ ៨ ម៉ែត្រគុណ ១៨ ម៉ែត្រនិងជម្រៅ ៥,៥ ម៉ែត្រ, ស្ថានីយទី ៣ មានទំហំ ១០ ម៉ែត្រគុណ ២០ ម៉ែត្រ និង ជម្រៅ ៥,៥ ម៉ែត្រ និងស្ថានីយទី ៤ មានទំហំ ១១ ម៉ែត្រគុណ ១៥ ម៉ែត្រនិងមានជម្រៅ ៥,២ ម៉ែត្រ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍