ដំរីព្រៃ បង្ហាញខ្លួននៅក្រោយអគារសាលាស្រុកកែវសីមា ដោយសារកង្វះទឹកផឹក
មណ្ឌលគិរី ៖ សត្វដំរីព្រៃជាច្រើនក្បាល បានបង្ហាញខ្លួនចាប់តាំងពីសប្តាហ៍កន្លងទៅ រហូតមកដល់ថ្ងៃនេះ នៅតាមគុម្ពោតព្រៃ ចម្ងាយប្រមាណ ១០០ម៉ែត្រ ខាងក្រោយអគារសាលាស្រុកកែវសីមា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី ។
យោងតាមសេចក្តីរាយការណ៍របស់លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្ត ទទួលបន្ទុកដែនជម្រកសត្វព្រៃកែវសីមា បានឲ្យដឹងថា មានដំរីព្រៃចំនួន ៧ ក្បាល (ក្នុងនោះមាន ២ក្បាល មានវ័យស្ទើរជំទង់) កំពុងដើរស្វែងរកស៊ីចំណី និងផឹកទឹក នៅក្បែរភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ស្ទើររៀងរាល់ល្ងាច ចន្លោះពីម៉ោង ៥ ទៅ ម៉ោង ៦ ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា មក ។ ហ្វូងដំរីនោះ បានមកស៊ីចេក ឫស្សី និងរុក្ខជាតិតូចៗដែលដុះនៅលើដីឡូត៍របស់អ្នកភូមិទុកចោលនៅក្បែរសាលាស្រុក ហើយក៏វិលត្រឡប់ទៅកាន់ជម្រករបស់វានៅក្នុងព្រៃវិញ បន្ទាប់ពីបានផឹកទឹករួច។
លោក ប៊ុនធឿន បានបញ្ជាក់ថា ហ្វូងដំរីនោះតែងបង្ហាញខ្លួននៅក្បែរៗភូមិរបស់អ្នកស្រុកបីឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែ នេះជាលើកទីមួយ ដែលដំរីទាំងនោះចូលមកជិតភូមិរបស់អ្នកស្រុកជាងសព្វដង។ លោក ប៊ុនធឿន បានធ្វើការសន្និដ្ឋានថា គោលបំណងសំខាន់របស់ដំរីទាំងនោះ គឺមករកទឹកផឹក ព្រោះប្រភពទឹកភាគច្រើននៅតាមទីជម្រករបស់ពួកវា អាចរីងហួតអស់ ក្នុងអំឡុងរដូវប្រាំងនេះ។
លោក ប៊ុនធឿន បានបញ្ជាក់បន្ថែមថា កាលពីល្ងាចថ្ងៃទី ២៦ ខែមីនា ២០១៩ វេលាម៉ោង ៥ និង ៤៥ នាទី ដំរី ៣ក្បាល ក្នុងចំណោមដំរីទាំង ៧ក្បាល បានដើរចូលមករកស៊ីចំណីកាន់តែជិត គឺចម្ងាយប្រហែលតែ ៣០ម៉ែត្រ ប៉ុណ្ណោះពីក្រោយអគារសាលាស្រុក។
បុគ្គលិកប្រចាំតំបន់របស់អង្គការ WCS និងមន្ត្រីបរិស្ថានខេត្ត បានតាមឃ្លាំមើលដំណើរផ្លាស់ទីរបស់ហ្វូងដំរីនោះ យ៉ាងយកចិត្តទុកដាក់ និងបានត្រៀមលក្ខណៈជាស្រេចដើម្បីចាត់វិធានការ ប្រសិនបើដំរីទាំងនោះវាយប្រហារអ្នកភូមិ ។ រហូតមកដល់ពេលនេះ ហ្វូងដំរីនោះ មិនទាន់បង្កឲ្យមានការខូចខាតអ្វីទេ។
លោក អន អាត មន្ត្រីរបស់អង្គការ WCS ទទួលបន្ទុកផ្នែកវិវាទរវាងមនុស្ស និងសត្វព្រៃ បានថ្លែងថា ដោយសារតែប្រជាជននៅក្នុង និងជុំវិញតំបន់ដែនជម្រកសត្វព្រៃកែវសីមា មានចំនួនច្រើន និងចំនួនសត្វដំរី ដែលនៅសេសសល់រស់នៅក្បែរគ្នា ដូច្នេះ វិវាទរវាងមនុស្ស និងសត្វដំរី អាចនឹងកើតមានឡើង ។ នៅពេលដែលមនុស្សកាប់ឆ្ការរានដីខុសច្បាប់ បំផ្លាញជម្រករបស់ដំរី និងពង្រីកការសាងសង់លំនៅឋាន បិទផ្លូវដែលវាធ្លាប់ធ្វើដំណើរឆ្លងកាត់ ដំរីតែងបង្ហាញខ្លួនញឹកញាប់នៅជិតផ្ទះរបស់មនុស្ស ។ កាលពីឆ្នាំ ២០១៨ មានវិវាទរវាងមនុស្ស និងសត្វដំរីមួយចំនួនកើតមាននៅក្នុងភូមិចំនួន ១១ ដោយបង្កឲ្យមានការខូចខាតដល់ផលដំណាំជាច្រើនដូច ស្រូវ ស្វាយចន្ទី និងចេក។
ការបង្ហាញខ្លួនជារៀងរាល់ឆ្នាំរបស់សត្វដំរីព្រៃទាំងនោះ បានបង្ហាញថា ចំនួនសត្វដំរីព្រៃទាំងអស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានោះ ទទួលបានការការពារយ៉ាងល្អ ក្រោមគម្រោងគាំទ្រព្រៃឈើនិងជីវចម្រុះ ដែលឧបត្ថម្ភមូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ពីឆ្នាំ ២០១២ ដល់ ២០១៦ ។
USAID បានបន្តគាំទ្រលើការងារអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះ បានគាំទ្របង្កើតគម្រោងថ្មីមួយឈ្មោះថា គម្រោងអភិរក្សកែវសីមាយូអេសអេអាយឌី (ឆ្នាំ ២០១៨ ២០២១) ដែលគម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងដល់ការងារអភិរក្សនិងអភិបាលកិច្ចនៅក្នុងដែនជម្រកសត្វដែលទទួលរងការគំរាមកំហែងជាសកល នៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃកែវសីមា នៅតំបន់ភាគខាងកើតខេត្តមណ្ឌលគីរី កាត់បន្ថយអត្រានៃការកាប់បំផ្លាញព្រៃឈើ កាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់បន្ថយវិវាទរវាងមនុស្សនិងសត្វដំរី និងអភិរក្សជីវចម្រុះ តាមរយៈការកសាងសមត្ថភាពដល់សមាជិកសហគមន៍ព្រៃឈើ ដើម្បីកែលម្អការសម្រេចចិត្តទាក់ទិននឹងការគ្រប់គ្រងព្រៃឈើ និងតាមរយៈការកសាងសមត្ថភាពដល់មន្ត្រីរបស់រដ្ឋាភិបាលដើម្បីចូលរួមចំណែកគាំទ្រដល់កិច្ចប្រឹងប្រែងទាំងនេះ។
បច្ចុប្បន្ននេះ តំបន់ដែនជម្រកសត្វព្រៃកែវសីមា បានក្លាយជាទីជម្រករបស់សត្វដំរីព្រៃអាស៊ីចំនួនប្រហែល ១១៥ក្បាល ៕
ប្រភព ៖ អង្គការ WCS

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍