សមត្ថកិច្ចទុករយៈពេល៣ថ្ងៃ ឲ្យជនបង្កចូលមកទទួលទោស ករណីរថយន្ត Rang Rover ស្លាកលេខ ភ្នំពេញ 2AF-7777
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះថា ថាបន្ទាប់ពីលោក យិន ង្គិច ចូលខ្លួនមកសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរួចមក សមត្ថកិច្ចទុករយៈពេល៣ថ្ងៃ ដើម្បីឲ្យជនបង្កចូលខ្លួនមកទទួលទោស បើមិនចូលមកទទួលទោសនោះទេ សមត្ថកិច្ចជំនាញ នឹងចាត់ការតាមនីតិវិធី ។
លោកយិន ង្គិច ដែលបានចូលទៅបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ បានសារភាពថា អ្នកបើករថយន្តនោះ គឺជាកូនស្រីរបស់ខ្លួនពិតប្រាកដមែន ឈ្មោះ យិន ម៉ាណា ហើយលោក ក៏បានយល់ព្រមផ្តិតមដៃនៅលើកិច្ចសន្យាផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ នារីបង្ក រួមជាមួយមិត្តភក្តិដូចគ្នាចំនួន៤នាក់ (ប្រុស៣នាក់) បានបើករថយន្ត Range Rover ចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ។ ក្រោយពីហូបនៅក្នុងហាងរួចហើយ នារីបង្ក បានឡើងបើករថយន្តវិញ អមដោយអ្នកជិះជាមួយជាមិត្តភក្តិចំនួន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) រួចបើកយ៉ាងលឿនចេញ ទៅ រហូតបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្តង។
មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ បានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច លោក យិន ហ្គិច បានសន្យាថា នឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលា«ផារ៉ាហ្គន» ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូ និងមនុស្សប៉ើងដូចសំឡី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ករណីនេះ ត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយ នៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឲ្យម្នាក់ៗប្រកាសថ្កោលទោស ខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបាន។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេសម្នាក់ ខាងអក្សរសាស្ត្រខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន» តែម្តង ។ សម្រាប់អ្នកបើករថយន្តបង្កវិញ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ រាជធានីភ្នំពេញ បាននិងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ខ្លួនផងដែរ បើទោះបីម្ចាស់រថយន្តមានឈ្មោះ យិន ង្គិច បានចេញមុខមកប្រកាសទទួលខុសត្រូវទាំងស្រុង ចំពោះមុខសមត្ថកិច្ច និងគ្រួសារជនរងគ្រោះក៏ដោយនោះ។
ដោយឡែក រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏បានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត និងតាមស្វែងរកអ្នកបើកមកទទួលទោសតាមច្បាប់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍