Connect with us

ប្រជាជនកម្ពុជា នៅតំបន់ទីប្រជុំជន នឹងមានទឹកស្អាតប្រើប្រាស់ ១០០ភាគរយ នៅត្រឹមឆ្នាំ ២០២៥

ការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីប្រជុំជនបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស អត្រាគ្របដណ្តប់នៃការផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធបណ្តាញក្នុងតំបន់ទីប្រជុំជន បានកើនឡើងពី ៥២% នៅឆ្នាំ២០០៨ ដល់ ៦៨,៥% នៅឆ្នាំ២០១២ និង ៨៦% នៅឆ្នាំ២០១៧ ដែលគិតជាចំនួនគ្រួសារ ដែលទទួលបានទឹកស្អាតប្រើប្រាស់កើនដល់ ២,៣លានគ្រួសារ និងនៅឆ្នាំ ២០២៥ ប្រជាជនតំបន់ទីប្រជុំជននឹងបានទឹកស្អាតប្រើប្រាស់ ១០០%។
កំណើនេះដោយសារក្រសួងឧស្សាហកម្ម និងសិប្បកម្មបានដាក់ចេញវិធានការថ្មីៗ គឺការលើកទឹកចិត្ត និងប្រើប្រាស់សក្តានុពលរបស់ផ្នែកឯកជន ដែលមានលទ្ធភាពវិនិយោគឱ្យធ្វើការផលិត ផ្គត់ផ្គង់ទឹកនៅតំបន់ដែលរដ្ឋមិនទាន់មានលទ្ធភាពធ្វើបាន ដោយក្នុងនោះ ក៏ត្រូវបានផ្តល់អា ជ្ញាប័ណ្ណរហូតដល់រយៈពេល ២០ឆ្នាំ (ដែលពីមុន មានសុពលភាពត្រឹម ៣ឆ្នាំ) ជាថ្នូរមកវិញនូវការអភិវឌ្ឍ និងការពង្រីកបណ្តាញចែកចាយទឹកស្អាត ប្រកបដោយនិរន្តរភាព គុណភាព ជា មួយនឹងតម្លៃសមរម្យ។
ប៉ុន្តែ ទន្ទឹមនឹងនេះ ក្រសួងក៏មានវិធានការ ម៉ឺងម៉ាត់ជាក់លាក់ផងដែរ បើសិនជាពិនិត្យឃើញថា អាជីវករដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងហើយ មិនបានអនុវត្តនូវចំណុចណាមួយ ស្របតាមការកំណត់ក្នុងប្រកាសទេនោះ ក្រសួង នឹងធ្វើការដកហូតប្រកាស ឬបញ្ឈប់ការធ្វើអាជីវកម្មទាំងស្រុង ដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋ ស្ថិតជាចំណាប់ខ្មាំងរបស់អាជីវករនោះឡើយ។
នៅមុនឆ្នាំ២០០៨ ក្រុមហ៊ុនឯកជនវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត មានតែ ៧៦ទីប្រជុំជន ប៉ុណ្ណោះ តែបច្ចុប្បន្ននេះ បានកើនដល់ ២២២ទីប្រជុំជន។
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា យើងត្រូវតែហ៊ានអារកាត់ធ្វើឱ្យបាន បើពុំនោះទេ នឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តទិសដៅគោលនយោបាយផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវបានកំណត់ថា «ប្រជាជនរស់នៅតាមតំបន់ទីប្រជុំជនទទួលបានទឹកស្អាតប្រើប្រាស់ ១០០% នៅឆ្នាំ២០២៥»៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម