ហេតុអ្វី ចិនវិនិយោគនៅក្រៅប្រទេស ខណៈដែលក្នុងប្រទេសខ្លួន សុទ្ធតែទីក្រុងខ្មោច?
ប្រទេសចិន ៖ វត្តមានរបស់ជនជាតិចិន ទៅវិនិយោគនៅក្រៅប្រទេស មិនមានអ្វីគួរឲ្យចម្លែកទាល់តែសោះ ដោយសារ មិនថានៅប្រទេសជឿនលឿន ឬ ប្រទេសកំពុងអភិវឌ្ឍន៍នោះទេ សុទ្ធតែមានអ្នកវិនិយោគជនជាតិចិន បោះទុននៅលើវិស័យផ្សេងៗទាំងអស់ ក្នុងនោះ វិស័យអចលនទ្រព្យ និងសំណង់ ត្រូវបានគេមើលឃើញថា ហាក់មានការចាប់អារម្មណ៍ខ្លាំងជាងគេ ។ ហេតុអ្វីជនជាតិចិននិយមទិញអចលនទ្រព្យនៅក្រៅប្រទេស?
យោងតាមគេហទំព័រ www.realestate.com.kh បានសរសេរថា បើងាកទៅមើលនៅក្នុងប្រទេសចិនឯណោះវិញ មានទីក្រុង និងសំណង់អគារជាច្រើន ដែលត្រូវបានគេបោះបង់ចោលទាំងនៅថ្មីៗនៅឡើយ ដែលជាហេតុធ្វើឲ្យប្រទេសចិន សម្បូរទៅដោយអគារ និងទីក្រុងខ្មោច ។ ហេតុផលដែលធ្វើឲ្យកំណើនអគារលំនៅដ្ឋានខ្មោច (អគារត្រូវបានគេបោះបង់ចោល) នោះ អាចបណ្តាលមកពីកត្តាធំៗមួយចំនួន រួមមាន ៖ ការធ្វើចំណាកស្រុករបស់ប្រជាជនចិន ពីទីជនបទមកនៅក្នុងទីក្រុង ។ ករណីនេះ បានកើតឡើងបន្ទាប់ពីគោលនយោបាយរបស់រដ្ឋាភិបាលចិនបានដាក់ចេញ ក្នុងគោលបំណងលើកទឹកចិត្តឲ្យប្រជាជនខ្លួនចំណាកស្រុក ពីទីជនបទមកកាន់ទីប្រជុំជនធំៗ ដើម្បីងាយស្រួលក្នុងការធ្វើការងារ ទំនាក់ទំនង និងគ្រប់គ្រងជាដើម ។
ក្រៅពីនោះ ដោយសារតែនៅពេលបច្ចុប្បន្ន ជីវភាពរបស់ប្រជាជនចិន បានកើនឡើងខ្ពស់ជាងមុនច្រើន ដូច្នេះខុនដូល្មមៗដែលប្រើប្រាស់ត្រឹមតែការ៉ូ និងការឌីស្សាញបែបសាមញ្ញ លែងក្លាយជាជម្រើសរបស់ពួកគេទៀតហើយ ពោលគឺមនុស្សជាច្រើន សុខចិត្តបង់រំលោះ ដើម្បីទទួលបានផ្ទះ ដែលមានការតុបតែងទាន់សម័យ មានអាងហែលទឹក ក្លិបហាត់ប្រាណ ផ្សារទំនើប ឬកន្លែងកំសាន្តផ្សេងៗជាដើម ។
ដំបូងអ្នកភិវឌ្ឍន៍ គិតថា អគារស្នាក់នៅទាំងនេះ សមស្របតាមស្តង់ដារការស្នាក់នៅកម្រិតមធ្យមរបស់ប្រជាជន និងអាចតម្រូវតាមការចង់បានរបស់អ្នកដែលចង់ទិញលំនៅដ្ឋាននៅក្នុងតំបន់ ។ ក៏ប៉ុន្តែ និន្នាការនៃការស្នាក់នៅ និងលទ្ធភាពចំណាយរបស់ប្រជាជនចិនសម័យថ្មី បានផ្លាស់ប្តូរ។ ជាលទ្ធផល វាបានធ្វើឲ្យប្រទេសចិន សម្បូរទៅដោយអចលនទ្រព្យ ដែលគេបោះបង់ចោលរាប់មិនអស់ ។ រីឯការចេញវិនិយោគនៅក្រៅប្រទេស ហាក់បីដូចជាមានសន្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ បើប្រៀបធៀបទៅនឹងការអភិវឌ្ឍន៍ក្នុងប្រទេសចិននោះ គឺដោយសារតែប្រជាជនជាច្រើនចាប់ ផ្តើមធ្វើចំណាកស្រុកដើម្បីវិនិយោគ មិនថាក្នុងទំហំទឹកប្រាក់តិច រឺច្រើននោះឡើយ ដូច្នេះ ហើយអ្នកវិនិយោគចិនទាំងនោះ ឃើញថាវាជាឱកាសល្អមួយនៅក្នុងការវិនិយោគលើវិស័យសំណង់ និងលំនៅដ្ឋាន ។
លើសពីនេះទៅទៀត តម្លៃអចលនទ្រព្យភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នៅស្ថិតក្នុងតម្លៃទាបនៅឡើយ ដែលនេះគឺជាសក្តានុពលមួយសម្រាប់អ្នកវិនិយោគ ដើម្បីទទួលបានប្រាក់ចំណេញរហូតដល់កម្រិតអតិបរមា ។ ទោះជាយ៉ាងណាក៏ដោយ សំណង់អគារស្នាក់នៅដ៏ច្រើនលើសលប់របស់ក្រុមអ្នកវិនិយោគចិន នាពេលនេះ ក៏បានបង្កជាក្តីកង្វល់មួយចំនួនដល់អ្នកវិភាគក្នុងវិស័យនេះ ព្រោះគេខ្លាចថា កំណើននៃការផ្គត់ផ្គង់យ៉ាងសម្បើមនៃសំណង់អគារលំនៅដ្ឋាននេះ អាចនឹងធ្វើឲ្យមានលំហូរចូលពលករជនជាតិចិនកាន់តែច្រើនថែមទៀត ឬ ក៏វាអាចបង្កឲ្យប្រទេសទាំងនោះ ពោរពេញទៅដោយសំណង់ដែលគ្មានមនុស្សរស់នៅដូចគ្នាដែរ ៕

- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍