ជប៉ុន អាចជួយអាហ្វ្រិក គេចចេញពីអន្ទាក់បំណុលចិន ដោយវិធីណា?
បរទេស ៖ សារព័ត៌មានបរទេស បានរាយការណ៍ថា កម្ចីរបស់រដ្ឋាភិបាលចិន សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឲ្យប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក ធ្លាក់ចូលក្នុងអន្ទាក់បំណុលវ័ណ្ឌក ដែលបានបង្កការគំរាមកំហែងចំពោះអធិបតេយ្យភាពរបស់ប្រទេសទាំងនេះ។ តួយ៉ាង ប្រទេសស្រីលង្កា បានកាត់កំពង់ផែមួយទៅឲ្យចិន ដោយសារមិនអាចដោះបំណុលរួច ខណៈប្រទេសកូនកំណុលមួយចំនួនទៀត ដូចជា ម៉ាឡេស៊ី និងប៉ាគីស្ថាន បានដកឃ្លាពីជំនួយគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិន ។
ចំណែកប្រទេសជប៉ុនវិញ បានផ្ដល់កម្ចីឲ្យបណ្ដាប្រទេសអាហ្វ្រិក ក្នុងទឹកប្រាក់ ៣០ពាន់លានដុល្លារអាមេរិក រាប់បញ្ជូលទាំងកម្ចី ១០ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានប្រកាស ក្នុងសន្និសីទអន្តរជាតិមួយ ស្ដីពីការអភិវឌ្ឍទ្វីបអាហ្វ្រិក នៅក្រុងតូក្យូ កាលពីឆ្នាំ២០១៦ ។ កម្ចីនេះ នៅស្តួចស្ដើងជាងជំនួយ និងកម្ចីរបស់ចិននៅបណ្ដាប្រទេសអាហ្វ្រិក ដែលមានទំហំទឹកប្រាក់ ៦០ពាន់លានដុល្លារ ដោយគិតតែក្នុងឆ្នាំ២០១៨ប៉ុណ្ណោះ ។
ប្រភពបន្តថា គម្រោងផ្លូវដែកដែលតភ្ជាប់រវាងរដ្ឋធានីណៃរ៉ូប៊ី (Nairobi) ទៅកាន់ក្រុងម៉ុមបាសា (Mombasa) គាំទ្រដោយរដ្ឋាភិបាលចិន ធ្វើឲ្យរដ្ឋាភិបាលប្រទេសកេនយ៉ា ប្រឈមមុខនឹងការខាតបង់ប្រមាណជិត ១០០លានដុល្លារអាមេរិក នៅឆ្នាំដំបូងនៃការដាក់ឲ្យដំណើរការ។ សូម្បីតែក្រុមហ៊ុនសាងសង់ផ្លូវដែករបស់ចិន ក៏ត្រូវជំពាក់បំណុលវ័ណ្ឌក ដោយសារការជះលុយដ៏ច្រើនលើគម្រោងផ្លូវល្បឿនលឿន ។ បញ្ហានេះ គឺជាប្រភពមូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលនៅអាហ្វ្រិក មិនអាចដោះបំណុលរួច ។ ផ្ទុយទៅវិញ រដ្ឋាភិបាលជប៉ុន បានដាក់ចេញយុទ្ធសាស្ត្រអាជីវកម្មរួមបញ្ចូលគ្នាមួយ ”Conglomerate Business Model” ដើម្បីប្រកួតប្រជែងជាមួយចិន តាមរយៈការជួយឲ្យក្រុមហ៊ុនផ្លូវដែកនៅអាហ្វ្រិក បង្កើតប្រភពចំណូលផ្សេងៗទៀត ដោយមិនពឹងផ្អែកតែលើការលក់សំបុត្ររថភ្លើង និងកម្រៃពីការដឹកជញ្ជូនតាមផ្លូវដែកឡើយ។
ជាក់ស្ដែង ក្រុមហ៊ុនផ្លូវដែកឯកជនរបស់ជប៉ុន Keikyu បានជួបប្រទះនឹងការខាតបង់ ក៏ប៉ុន្តែគេឃើញក្រុមហ៊ុននេះ បានរកស៊ីលើផ្នែកអចលនទ្រព្យ និងឧស្សាហកម្មផ្នែកកម្សាន្ត ដែលជាប្រភពចំណូលដ៏រឹងមាំ ដើម្បីដោះស្រាយនូវការខាតបង់នៃប្រតិបត្តិការផ្លូវដែករបស់ខ្លួន។ និន្នាការនេះ ត្រូវបានឃើញអនុវត្តដោយក្រុមហ៊ុនផ្លូវដែកឯកជនជាច្រើនរបស់ជប៉ុន ។
ប្រភពបន្ថែមថា តាមរយៈយុទ្ធសាស្ត្រខាងលើ ជប៉ុន បានអន្ទងឲ្យរដ្ឋាភិបាលនៅអាហ្វ្រិក គេចចេញពីអន្ទាក់បំណុលរបស់ចិន និងងាកមកជ្រើសរើសកម្ចីរបស់ជប៉ុនវិញ ។ ម៉្យាងទៀត ទោះបីជាស្ថិតក្រោមកម្ចីចិន រដ្ឋាភិបាលទាំងនេះ ត្រូវការយុទ្ធសាស្ត្ររបស់ជប៉ុន ដើម្បីបង្កើនចំណូលសម្រាប់ដោះបំណុលកាន់តែឆាប់រហ័ស ៕
ប្រភព៖ The Diplomat
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍